ព័ត៌មានជាតិ
មេគយអះអាងថា មិនមានគោលការណ៍ឱ្យម្ចាស់រថយន្តអត់ពន្ធ បង់ពន្ធក្រោយផុតឱសាទវាទទេ មានតែបង្រ្កាប
«អត់មានគោលការណ៍អីបន្ត ឱ្យម្ចាស់រថយន្តដែលខកខានមិនបានបង់ពន្ធ ចូលខ្លួនមកសុំបង់ពន្ធនោះទេ គឺមានតែបង្ក្រាប»។ នេះគឺជាការលើកឡើងរបស់លោក គុណ ញឹម ប្រធានគយ និងរដ្ឋាករកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទបង្ហាញពីលទ្ធផលបិទបញ្ចប់នៃការងារ ប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក គុណ ញឹម បានបញ្ជាក់ច្បាស់ថា គយមិនអនុញ្ញាតឲ្យម្ចាស់រថយន្តគ្មានពន្ធ ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ចូលខ្លួនមកបង់ពន្ធនោះទេ ក្រោយផុតឱសាទវាទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
លោកសង្កត់ធ្ងន់ថា គោលការណ៍របស់គយ គឺធ្វើការនៅព្រំដែន ពោលគឺទំនិញនាំចូល ត្រូវបំពេញកាតព្វកិច្ចពន្ធអាករនៅមាត់ច្រក មិនមែនមកដល់ក្នុងស្រុកហើយ ទើបបង់ពន្ធនោះទេ ទាំងម្ចាស់រថយន្តចង្កូតស្ដាំ និងឆ្វេង ដែលនៅសេសសល់កំពុងប្រើក្នុងស្រុក ព្រោះឱកាសបានផ្តល់ជូនរួចហើយ។
លោក គុណ ញឹម បញ្ជាក់ដោយខ្លីថា ផុតពីយុទ្ធនាការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស គឺមានតែបង្ក្រាប។ លោកបន្ថែមថា រថយន្ដចង្កូតឆ្វេង អត់ពន្ធគឺល្មើសច្បាប់គយ ដោយឡែករថយន្តចង្កូតស្ដាំ គ្មានពន្ធល្មើសច្បាប់ ដល់ទៅ២ គឺច្បាប់គយផង និងច្បាប់ចរាចរណ៍ផង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែ កញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយឱ្យរថយន្តអត់ពន្ធចង្កួតឆ្វេង អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ចំពោះរថយន្តចង្កូតស្តាំ ក៏ទទួលបានការអនុគ្រោះពន្ធ១០ភាគរយផងដែរ តែត្រូវកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
យោងតាមអគ្គនាយកដ្ឋានគយ បានបង្ហាញថា ចាប់ពីខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ១០៦លានដុល្លារ ក្នុងនោះ រថយន្ដដែលបានចុះបញ្ជី មានប្រមាណជិត២ម៉ឺនគ្រឿង។ ដោយឡែក រថយន្តជាង ៤០០ គ្រឿងដែលមិនទាន់បង់ពន្ធ អគ្គនាយកដ្ឋានគយនឹងជូនដំណឹងទៅដល់សាលាឃុំសង្កាត់ចំនួន ៣ លើក ដើម្បីអញ្ជើញម្ចាស់រថយន្តមកដោះស្រាយ ហើយបើសិននៅតែបន្តមិនចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធនិងផាកពិន័យទេ គយនឹងបន្តនីតិវិធីដាក់លក់ដេញថ្លៃ ដោយសារម្ចាស់បោះបង់រថយន្ដចោល។
នៅឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបង្ក្រាបរថយន្ដគ្មានពន្ធចំនួន ៧២៨ គ្រឿង។ ក្នុងនោះ មានរថយន្ដចង្កូតស្ដាំ ៤០ គ្រឿង បើធៀបនឹងឆ្នាំ ២០២១ មានការធ្លាក់ចុះប្រមាណ ៨២ គ្រឿង៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង