ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ប្រាប់ប្រធានថ្មីរតនាគារខេត្តកោះកុង មិនត្រូវមើលរំលងកំហុសខ្លួនឯង
កោះកុង ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ប្រធានថ្មីរតនាគារខេត្តកោះកុង មិនត្រូវមើលរំលងកំហុសខ្លួនឯង ពោលគឺត្រូវទទួលស្គាល់ និងកែតម្រូវកំហុសរបស់ខ្លួនតាមអភិក្រមការងារ ៥ យ៉ាង របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
នេះជាការដាស់តឿនរបស់លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅកាន់ លោក ឈិន លីមពិសាល ដែលជាប្រធានរតនាគារថ្មីខេត្តកោះកុង ក្នុងពិធីប្រកាសតែងតាំង កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នេះ។
លោក ចន ណារិទ្ធ ថ្លែងបញ្ជាក់ថា អភិក្រមការងារ ៥ យ៉ាង រួមមាន ៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” ត្រូវប្រកាន់ឲ្យខ្ជាប់ខ្ជួនបំផុតចំពោះការបំពេញភារកិច្ច និងតួនាទីជាក្បាលម៉ាស៊ីនដឹកនាំសំដៅធានានិរន្តភាពការងាររបស់រតនាគារខេត្តកោះកុង ក្នុងនាមជាគណនេយ្យករមុខការ ហើយក៏ដើម្បីគាំទ្រដល់ការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចដដែល បន្ថែមទៀតថា ប្រធានរតនាគារខេត្តកោះកុង អនុវត្តការងារជាក្រុម ដើម្បីបម្រើឧត្ដមប្រយោជន៍ នៃការពង្រឹងស្ថាប័ន និងយន្តការការងារ ដោយយោងលើស្មារតី នៃការគោរពឋានានុក្រម មុខងារ និងភារកិច្ចរៀងៗខ្លួន ព្រមទាំងស្មារតីសាមគ្គីភាព និងឯកភាពរឹងមាំ ទាំងផ្នែកទស្សនៈ គោលជំហរ និងសកម្មភាព។ មិនត្រូវបង្កើនបង្កើតបញ្ហា បង្ការទប់ស្កាត់បញ្ហាមិនឲ្យកើតមាន ដោះស្រាយបញ្ហាទាន់នៅតិចតួច និងអនុវត្តការងារដោយប្រកាន់ គោលការណ៍តុល្យភាពរវាងការវិភាជន៍ថវិកា និងសមិទ្ធផលឲ្យបានខ្ជាប់ខ្ជួន។
លោក ចន ណារិទ្ធ ក៏បង្ហាញការជឿជាក់ថា លោកប្រធានរតនាគារខេត្តកោះកុងថ្មី នឹងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងបានល្អ និងបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែប្រសើរថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ចឲ្យបានជោគជ័យ តាមរយៈការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
ចំណែកឯលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរចំពោះស្នាដៃការងាររបស់ប្រធានរតនាគារចាស់ដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយគុណភាព និងទៀងទាត់ពេលវេលា ទោះបីជាលោកបានចូលនិវត្តន៍ហើយក៏ដោយ។ សម្រាប់ប្រធានថ្មី លោកស្រីសង្ឃឹមថា បន្តអនុវត្តការតាមមាគ៌ារបស់អ្នកដឹកនាំមុនៗ ធ្វើយ៉ាងណាសម្រេចបានទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញអនុវត្ត។
តបនឹងការណែនាំដាស់តឿននេះដែរ លោក ឈិន លីមពិសាល ប្រធានថ្មីរតនាគារខេត្តកោះកុង និយាយថា លោកសូមទទួលយករាល់ការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងអភិបាលខេត្តកោះកុង ដោយមិនធ្វើឲ្យប្រាសចាកពីតួនាទី និងភារកិច្ចដែលប្រគល់ជូននេះទេ។
លោក ឈិន លីមពិសាល ប្ដេជ្ញាចិត្តថា លោកអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវអភិក្រមការងារ ៥ យ៉ាងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់”។
ការងារស្នូលដំបូងរបស់លោកប្រធានរតនាគារថ្មីខេត្តកោះកុង តាំងចិត្តថា ត្រួតពិនិត្យ និងរៀបចំឯកសារបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ដែលកំពុងបម្រើការងារនៅរតនាគារខេត្តកោះកុង និងអង្គភាពចំណុះក្រសួង មានទីតាំងក្នុងរដ្ឋបាលដែនដី នៃខេត្ត អំឡុងសប្ដាហ៍ទី ២ និងសប្ដាហ៍ទី ៤ ឲ្យបានទៀងទាត់ពេលវេលា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក