Connect with us

ព័ត៌មានជាតិ

​រាជរដ្ឋាភិបាល​ ដាក់​ចេញ​១២​ចំណុច​ សម្រាប់​ឲ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ដើម្បីទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​

បានផុស

នៅ

​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ នេះ​បាន​ដាក់​ចេញ​នូវ វិធានការ​១២ ចំណុច​ ដើម្បី​ឲ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា ២០២០-២០២១ ដែល​នឹង ធ្វើឡើង​នៅ​ថ្ងៃ​ទី​១១ មករា ២០២១ ដើម​សប្តាហ៍​ខាងមុខនេះ​បាន​លើក​ឡើង ១២ ចំណុច​ដើម្បី​ឲ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២០-២០២១ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ដែល​ក្នុង​នោះ​រួមមាន​៖

​ទី​១.​រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​ផ្តល់​អាទិភាព​ទី​១​លើ​វិស័យ​អប់រំ​និង​សុខាភិបាល​ បន្ទាប់ពី​កម្ពុជា​ទទួលផល​ពី​ដំណក់​ប្រេង​ដំបូង​ស្រ​បពេល​នៃ​ខួប​លើក​ទី​២២ឆ្នាំ ​នៃ​នយោបាយ ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ ​ក្នុង​ការ​បញ្ចប់សង្គ្រាម​ទាំងស្រុង​នៅ​កម្ពុជា​ និង​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​និង​មានការ​ឯកភាព​ជាតិ​ទាំងស្រុង​ជា​ប្រវត្តិសាស្ត្រ​ជូន​ប្រជាជាតិ​ទាំងមូល​ នៅ​ក្នុង​រយៈពេល​២២​ឆ្នាំ មកនេះ​។​

​ទី​២.​សូម​បន្ត​លើកកម្ពស់​សុខភាព​អនាម័យ​ក្នុង​បរិបទ​កូ​វីដ​-១៩​ ដោយ​អនុវត្តតាម​អភិក្រម​“៣​ការពារ​៣​កុំ​” ជាពិសេស​ការចូលរួម​ទប់ស្កាត់​ការឆ្លង​កូ​វីដ​-១៩​ក្ នុង​គ្រឹះស្ថានសិក្សា ការអប់រំ​អំពី​សុវត្ថិភាព សុខភាព​សិក្សា ការ​រក្សា​គម្លាត​១.៥​ម៉ែត្រ​និង​សុវត្ថិភាព​ចំណីអាហារ​។​

​ទី​៣.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​បន្ត​ដឹកនាំ​និង​អនុវត្ត​នូវ​ទស្សនាទាន​ថ្មី “​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​” ដោយ​គិតគូរ​អំពី​ជម្រើស​ឲ្យ​បាន​ច្រើន​ ក្នុង​ការ​ផ្តល់​សេវ​អប់រំ​ជា​ពិ​សេស​ដំណើរ​ការបង្រៀន​និង​រៀន​ ដែលមាន​ភាពទន់ភ្លន់​និង​ធ្វើ​វិមជ្ឈការ​នៃ​សេវា​អប់រំ​អាស្រ័យ​ទៅតាម​ទីតាំង​ភូមិសាស្ត្រ​ស្ថានភាព​នៃ​ហានិភ័យ​ឆ្លង​រីក​រាលដាល​កូ​វីដ​-១៩​និង​ស្ថាន ភាព​អប់រំ។​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវ​បន្ត​ជំរុញ “​ការអប់រំ​ឌីជីថល​” ឲ្យ​ទាន់​សភាពការណ៍​ជាតិ​តំបន់​និង​សកលលោក​។​

​ទី​៤.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ត្រូវ​រៀបចំ​និង​អនុវត្ត​កម្មវិធីសិក្សា​បំ​ព្រួញ​ដោយ​កំណត់​ជា​មុខវិជ្ជា​កាតព្វកិច្ច​និង​មុខវិជ្ជា​ជម្រើស​មេរៀន​សិក្សា ​ក្នុង​ថ្នាក់រៀន​និង​មេរៀន​ស្វ័យសិក្សា ​ដើម្បី​ធានាថា ​ការរៀនសូត្រ​របស់​សិស្សានុសិស្ស​ បាន​ពេញលេញ​ផ្តោតលើ​ចំណុច​សំខាន់ៗ​និង​ស៊ីជម្រៅ​ជាពិសេស​មេរៀន​ សម្រាប់​ថ្នាក់​ទី​៩​និង​ទី​១២​និង​ការកំណត់​មេរៀន​ សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​។​

​ទី​៥.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ត្រូវ​ធ្វើការ​ពិនិត្យឡើងវិញ ឲ្យ​ស្រប​នឹង​បរិបទ​ថ្មីៗ​ដែល​តម្រូវ​ឲ្យ​មាន​ភាព​រស់​រវើក​និង​កាន់តែ​ធានា​បាន​នូវ​ភាព​ស័ក្ដិសិទ្ធិ​នៃ​ការដឹកនាំ និង គ្រប់គ្រង​របស់​បុគ្គលិក​នៅ​គ្រប់លំដាប់​ថ្នាក់ ​រួមបញ្ចូល​ទាំង​ការគ្រប់គ្រង​គ្រូបង្រៀន​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ក្នុង​វិស័យ​អប់រំ​និង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ការអនុវត្តវិមជ្ឈការ​ និង​វិសហមជ្ឈការ ​ក្នុង​វិស័យ​អប់រំ​ និង​ការអភិវឌ្ឍ​សមត្ថភាព​ និង​វិជ្ជាជីវៈ​ជាប្រចាំ​ដល់​អ្នកគ្រប់គ្រង​នាយក​សាលា​និង​គ្រូបង្រៀន​។

​ទី​៦.​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ត្រូវ​ផ្តោត​លើ​ការឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​ ដោយ​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ តាម​បែប​ការ​រិះរក​និង​អនុវត្ត​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ​ ក្នុង​សតវត្ស​ទី ២១ ដែល​ជា​វិធីសាស្ត្រ​តាមបែប​ចម្រុះ​ ដោយ​សិស្ស​ត្រូវ​អនុវត្ត​ក្នុង​ថ្នាក់រៀន​និង​ការ​ធ្វើ​ស្វ័យ​សិក្សា​និង​ការ​ផ្តោតលើ​ការអប់រំ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​និង​គណិតវិទ្យា ដែល​ជា​ជំនាញ​ចាំបាច់​ក្នុង​យុគសម័យ​ឌីជីថល និង សេដ្ឋកិច្ច​ឌីជីថល ជាពិសេស​សិស្ស​មាន​បំ​ណិ​ន​សតវត្ស​ទី​២១ ។ ក្រសួង​អប់រំ​យុវជន​និង​កីឡា ​ត្រូវ​រៀបចំ​ប្រព័ន្ធ​អភិវឌ្ឍ វិជ្ជាជីវៈ​ជាប្រចាំ​រួម​ទាំង​វគ្គ​វិក្រឹតិកាល​តាម​គ្រប់​រូបភាព ​ដើម្បី​លើកកម្ពស់​គុណវុឌ្ឍិ​និង​សមត្ថភាព​របស់​គ្រូបង្រៀន​គ្រប់​កម្រិត​ជាពិសេស​ការបង្រៀន​និង​រៀន​តាមបែប​បច្ចេកវិទ្យា ទំនើប​។ ក្រសួង​ត្រូវ​បន្ត​ កែលម្អ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដល់​សាលារៀន បន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់​កុំព្យូទ័រ និង បន្ទប់​សាស្ត្រាចារ្យ​ទៅតាម​លទ្ធភាព​និង​ស្ថាន ភាពជាក់ស្តែង​របស់​សាលារៀន​សម្រាប់​បម្រើ​ដល់​ការបង្រៀន​និង​រៀន​បែប​ថ្មី​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​បរិបទ​កូ​វីដ​-១៩​។​

​ទី​៧. គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ ត្រូវ​ខិតខំ​ពង្រីក​សក្តានុពល​របស់​ខ្លួន​ទាំង​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ទាំង​សេវា​បង្រៀន​និង​រៀន ​ដើម្បី​ឲ្យ​សាលារៀន​របស់​យើង​ក្លាយ ទៅជា​សាលា​កុមារ​មេត្រី កម្រិត​អភិវឌ្ឍន៍​ជា​សាលារៀន​ជំនាន់​ថ្មី និង ជា​សាលារៀន ​ដែល​មាន​ប្រសិទ្ធភាព​។ គ្រឹះស្ថានសិក្សា​ត្រូវ​បន្ត​កសាង​បរិស្ថាន​សាលារៀន​ស្អាត​សាលា រៀន​បៃតង មាន​ទឹក​ស្អាត មាន​បង្គន់​អនាម័យ កន្លែង​លាង​និង​សួន​ធម្មជាតិ។ ល ។​ ឲ្យ​ស័ក្ដិសម​ជា​ទីកន្លែង​សម្រាប់​ការអប់រំ និង​បណ្តុះ​គំនិត​ស្អាតស្អំ ឥរិយាបថ​ល្អ​និង​គ្មាន ការ​ញាំញី​ផ្លូវចិត្ត ផ្លូវកាយ។ ជាមួយគ្នានេះ ​គ្រឹះស្ថានសិក្សា​ត្រូវ​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព​ ដើម្បី​ឆ្លើយតប​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់​ពេល​វេលា​ករណី​មាន​ប្រធាន​ស័ក្ដិ កើតឡើង ដូចជា​អាកាសធាតុ​ក្តៅ​ហួតហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់​និង​ការ​រាតត្បាត​នៃ​ជំងឺ​នានា ។

​ទី​៨. លោកគ្រូ​អ្នកគ្រូ​ទាំងអស់ ​សូម​បន្ត​ដើរតួ​ជា​បុគ្គល​នាំមុខ​ជា​ឪពុក​ម្តាយ​ទី​២​ជា​មគ្គុទ្ទេសក៍ ជា​អ្នកស្រាវជ្រាវ ជាទី​ប្រឹក្សា​ និង​ជា​អ្នក​ច្នៃប្រឌិត​ ព្រមទាំង​ត្រូវ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជាប្រចាំ ទាំង​ខាង​ផ្នែក​ចំណេះដឹង ទាំង​វិធីសាស្ត្រ​បង្រៀន​រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​និង​ភាសាបរទេស ​ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ​គរុកោសល្យ​ថ្មីៗ​មក​បង្ហាត់បង្រៀន​ដល់​សិស្ស និស្សិត​ឲ្យ​មាន​ចំណេះដឹង​ទូលំទូលាយ​និង​អភិវឌ្ឍ​ខ្លួន​ទៅជា​ពលរដ្ឋ​សកល​និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត ។​

​ទី​៩.​ក្មួយៗ​សិស្សានុសិស្ស និស្សិត យុវជន យុវនារី​ទាំងអស់​សូម​បន្ត​ខិតខំ​រៀន​សូត្រ​និង​ស្រាវជ្រាវ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ចូលរួម​ឲ្យ​បាន​សស្រាក់សស្រាំ​ក្នុង “​អំពើ​ល្អ​” ដើម្បី​ការ រីកចម្រើន​នៅក្នុង​គ្រួសារ ​ក្នុង​សង្គម​និង​ប្រទេសជាតិ​យើង​ទាំងមូល។ ជាមួយគ្នានេះដែរ​ សូម​ក្មួយៗ​ចងចាំ​ជានិច្ច​ថាបើ​យើង​ស្រឡាញ់​ខ្លួន​ស្រឡាញ់​ឪពុក​ម្តាយ​និង​សង្គមជាតិ​យើង​ គឺ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​ទី​១០.​មាតាបិតា​អ្នកអាណាព្យាបាល​គ្រប់រូប​ សូម​នាំ​កូន​នាំ​ចៅ​មក​ចុះឈ្មោះ​ចូលរៀន​និង​បន្ត​ផ្តល់​គាំទ្រ​ការលើកទឹកចិត្ត​ និង​ការ​បង្រៀន​បន្ថែម​ដល់​កូន​ដល់​ចៅ​តាម​គ្រប់​រូបភាព។

​ទី​១១.​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី សហគមន៍ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ ត្រូវ​យកចិត្តទុកដាក់ និង​ចូលរួម​គាំទ្រ​ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត​ ក្នុង​ការ​អភិវឌ្ឍ​សាលារៀន ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​និង​ការគាំទ្រ​ផ្សេងទៀត​ តាម​គ្រប់​លទ្ធភាព ជាពិសេស​ការចូលរួម​សហការ​របស់​ក្រសួងសុខាភិបាល​ ក្នុង​ការ​ធានា​នូវ​សុវត្ថិភាព សុខភាព ការអប់រំ​អំពី​អនាម័យ​និង​ការ​បង្ការ​និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ឲ្យ​បាន​ម៉ឺងម៉ាត់​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​ក្នុង​គ្រឹះស្ថានសិក្សា​។

​ទី​១២.​គ្រប់​ស្ថានីយ​វិទ្យុ ទូរទស្សន៍​របស់​រដ្ឋ​និង​ឯកជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត សូម​បន្ត​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ​អំពី​យុទ្ធនាការ​នៃ​ការ​ប្រមូល​កុមារ​ចូលរៀន និង​សារៈសំខាន់​នៃ​ការអប់រំ ជាពិសេស​ការផលិត​ក​ម្ម​វិធី​អប់រំ​និង​វីដេអូ​បង្រៀន ​ដើម្បី​ឲ្យ​សេវា​អប់រំ​កាន់តែ​បាន​ឈានទៅដល់​គ្រប់​ទីកន្លែង​គ្រប់ពេលវេលា​ ស្រប​ទៅ​នឹង​ទស្សនា​ទាន​នៃ​ការអប់រំ​ពេញ​មួយ​ជីវិត ។

​ថ្ងៃទី​១១ ខែមករា ឆ្នាំ ២០២១ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ការ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ​ ដែល​ទើបនឹង​ដល់​អាយុ​ ត្រូវ​ចូល​សាលារៀន​និង​ជា​ថ្ងៃ​ត្រឡប់​មកកាន់​សាលា រៀន​វិញ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស និស្សិត​និង​ជា​កុលបុត្រ កុលធីតា​ជាទី​ស្រឡាញ់​របស់​យើង​គ្រប់ៗ​គ្នា បន្ទាប់ពី​បាន​ឆ្លងកាត់​និង​ទទួល​នូវ​បទពិសោធន៍ នៃ​ការអប់រំ​ក្នុង​សម័យ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​សិក្សា ២០១៩-២០២០ កន្លង​មក​នេះ​ទោះបី​ក្នុង​រូបភាព​ខុសៗ​គ្នា​យ៉ាងណាក៏ដោយ ។

​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ក៏បាន​អនុវត្ត​វិធានការ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ជា​បណ្តោះអាសន្ន​នៅ​កន្លែង​ណា​ ដែល​មាន​ហានិភ័យ​នៃ​ការឆ្លង​កូ​វីដ​១៩​និង​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​ជា​ដំណាក់កាលៗ​ ដែល​ប្រការនេះ​ អាច​ធានា​បាន​ទាំង​សុវត្ថិភាព​សុខភាព​របស់​លោក​គ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​ធានាបាន​នូវ​ការរៀនសូត្រ​របស់​សិស្សានុសិស្ស និស្សិត រហូតដល់​ឆ្នាំ​សិក្សា​២០១៩-២០២០ ត្រូវ​បាន​ប្រកាស​បិទ​បញ្ចប់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២០៕

អត្ថបទ៖ ​ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៦ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២១ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ២៣ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម