ព័ត៌មានជាតិ
កម្ពុជានៅសល់ផ្ទៃដីដោះមីនជាង ៦០០ គីឡូម៉ែត្រក្រឡា គ្រោងបញ្ចប់ឆ្នាំ ២០២៥
ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC Project Steering Committee Meeting) នៅព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣នេះ ដែលរៀបចំឡើងដោយអង្គការ HALO Trust ប្រចាំកម្ពុជា នៅទីស្នាក់ការខេត្តសៀមរាប លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងអំពីផែនការបោសសម្អាតមីនរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចប់ការងារបោសសម្អាតមីនដែលនៅសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា និងប្រកាសកម្ពុជាគ្មានមីនឆ្នាំ២០២៥។

លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីនដែលជាសេនាធិការបានដាក់ចេញនូវផែនការបោសសម្អាតមីនយ៉ាងច្បាស់លាស់ ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមអំពីការងារបោសសម្អាតមីននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលអាជ្ញាធរមីន បានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងការណែនាំផ្ទាល់ពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលលើការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលមានសមាសភាពមកពី អាជ្ញាធរមីន កងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់។

ក្រុមការងារចំពោះកិច្ចនេះ នឹងចូលរួមបំពេញការងារ ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលជាអតីតសមរភូមិ ទៅជាតំបន់សន្តិភាព សុវត្តិភាព និងការអភិវឌ្ឍ ស្របតាមទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់អង្គប្រជុំថា កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តយ៉ាងច្រើនក្នុងការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងឈានទៅទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងនោះក៏បានដាក់ចេញនូវគោលដៅបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ផងដែរ។ លោកបន្តទៀតថា ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បានដើរតួនាទីមួយផ្នែកយ៉ាងសំខាន់ក្នុងការចូលរួមកសាងកម្ពុជា សម្រាប់អនាគតថ្មី និងសេចក្តីសង្ឃឹមថ្មី។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជន នៃប្រទេសស្វីស អាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អៀរឡង់ និង HD R& D ក្នុងចំណោមប្រទេស និងដៃគូដទៃទៀត ដែលបានចូលរួមគាំទ្រដល់ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងដោះមីនរបស់អង្គការ HALO Trust ដែលបានចូលរួមទាំងកម្លាំងកាយ និងកម្លាំងចិត្ត បំពេញការងារយ៉ាងសកម្មក្រោមពន្លឺថ្ងៃយ៉ាងក្តៅ និងទាំងប្រថុយប្រថានអាយុជីវិត ក្នុងការរំដោះផ្ទៃដីជូនដល់ប្រជាពលរដ្ឋ និងចូលរួមធានាដល់ការអភិវឌ្ឍ ប្រកបដោយសុវត្ថិភាព អស់រយៈពេលជាង ៣០ ឆ្នាំនៅកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបោសសម្អាតមីនរបស់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ក៏មានការអញ្ជើញចូលរួមផងដែរពី លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ, លោកស្រី ប៊ុត រតនា តំណាង HD R& D និងលោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា៕

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង