ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ខេត្តសៀមរាប ជាក្រុង ស្រុកអស់មីន
សៀមរាប ៖ រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅសាលាក្រុងសៀមរាប ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាសក្រុងសៀមរាប និងស្រុកក្រឡាញ់ ជាក្រុង ស្រុកអស់មីន។
ពិធីអបអរសាទរនេះ មានការអញ្ជើញចូលរួមពី លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា, លោក Markus Buerli នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ លោកស្រី ប៊ុត រតនា តំណាង HDR&D លោក Miles Hawthorn នាយកអង្គការ HALO Trust ប្រចាំកម្ពុជា មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងប្រតិបត្តិករបោសសម្អាតមីន។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលស្រុកក្រឡាញ់ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ និងផ្តល់លទ្ធភាពងាយស្រួលដល់កងកម្លាំងបោសសម្អាតមីនទាំងអស់ ក៏ដូចជាជូនដល់កងកម្លាំងបោសសម្អាតមីនរបស់អង្គការ HALO Trust ធ្វើការបញ្ចប់ការងារបោសសម្អាតមីនក្នុងក្រុងសៀមរាប និងស្រុកក្រឡាញ់ទទួលបានជោគជ័យ ក្នុងទំហំផ្ទៃដីសរុប ៩៤៦.៥១២ ម៉ែត្រក្រឡា។
លោកបន្តទៀតថា ការប្រកាសក្រុងស្រុកអស់មីននាថ្ងៃនេះ គឺអង្គការ HALO Trust បានធ្វើការបោសសម្អាត និងទទួលការគាំទ្រពីគម្រោងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការ ដែលមានការចូលរួមពីរដ្ឋាភិបាលនិងប្រជាជននៃប្រទេសស្វីស អាល្លឺម៉ង់ ចក្រភពអង់គ្លេស អាមេរិក អៀរឡង់ និងHDR&D ហើយតាមរយៈគម្រោងនេះផងដែរ អង្គការ HALO Trust ឆ្នាំ២០២៣ នេះ គ្រោងនឹងបញ្ចប់ការងារបោសសម្អាតមីននៅស្រុកចំនួនពីរបន្ថែមទៀតក្នុងខេត្តសៀមរាប រួមមានស្រុកពួក និងស្រុកស្រីស្នំ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមទៀតថា ខេត្តសៀមរាបទាំងមូល នៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៨.៩៣៦.៤៩៩ ម៉ែត្រក្រឡា ស្មើនឹង ៥៧០ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ១០ ទៀត ដែលរាជរដ្ឋាភិបាល សហការជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ បានយកចិត្តទុកដាក់ និងគ្រោងបញ្ចប់ការងារបោសសម្អាតមីនរួមគ្នាក្នុងឆ្នាំ២០២៣នេះ រួមមាន រាជរដ្ឋាភិបាលកម្ពុជា (គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥) អាល្លឺម៉ង់ ស្វីស អាមេរិក អង់គ្លេស អៀរឡង់ ចិន HDR&D អង្គភាពស៊ីម៉ាក់ អង្គការ HALO Trust អង្គការដោះមីនកម្ពុជា និងអង្គការ APOPO។
លោកបន្តទៀតថា ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” កម្ពុជា នៅសល់រយៈពេល ០៣ឆ្នាំទៀត ត្រូវបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងទំហំផ្ទៃដីមានមីននៅសល់ចំនួន ៦៤៨ គីឡូម៉ែត្រក្រឡា។ អាជ្ញាធរមីន សហការជាមួយប្រតិបត្តិករជាតិ-អន្តរជាតិ បានរៀបចំឲ្យមានផែនការច្បាស់លាស់ ដោយចាប់ផ្តើមការបោសសម្អាតមីនដែលយើងបានដឹងឲ្យអស់ពី ភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ពីស្រុកមួយទៅស្រុកមួយ ពីខេត្តមួយទៅខេត្តមួយ និងឈានទៅដល់ការប្រកាសកម្ពុជាអស់មីនក្នុងឆ្នាំ២០២៥។
ទោះបីយើងដោះស្រាយបញ្ហាមីនចប់ត្រឹមឆ្នាំ២០២៥ ប៉ុន្តែបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ គ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ ក៏មានទំហំធំធេងណាស់ដែរ ដែលយើងមិនអាចដោះស្រាយ បានអស់ត្រឹមឆ្នាំ២០២៥ ឡើយ។ ឆ្លៀតយកឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលរស់នៅតាមតំបន់នៅមានហានិភ័យដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សូមចូលរួមអនុវត្តដូចខាងក្រោម៖
– បើឃើញគ្រាប់មីន ឬវត្ថុអ្វីដែលសង្ស័យថា ជាសំណល់ជាតិផ្ទុះពីសង្គ្រាម សូមកុំ ប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬអ្នកបោសសម្អាតមីនដែលនៅជិតបំផុត
– ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជា អំពើល្មើសច្បាប់
– កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់ ឬសង្ស័យថាមាន មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ