ព័ត៌មានជាតិ
អ្នកតាមដាននយោបាយ ៖ ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា ជាការអនុវត្តច្បាប់
អ្នកតាមដានស្ថានការណ៍នយោបាយ បានបញ្ចេញទស្សនៈលើកឡើងថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននោះ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ តែជាការអនុវត្តច្បាប់នៅកម្ពុជា។

ការលើកឡើងបែបនេះ បន្ទាប់ពីគណបក្សភ្លើងទៀន និងអ្នកនយោបាយ នៃគណបក្សប្រឆាំងមួយចំនួនទៀត បាននិយាយថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់នោះថា ជារឿងនយោបាយ និងជារូបភាពគំរាមកំហែង។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ បានកត់សម្គាល់ថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់នោះ ត្រូវបានក្រុមមន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគខ្លះ ទាញចូលក្នុងរឿងនយោបាយ ជាជាងការអនុវត្តច្បាប់របស់កម្ពុជា។
ការទាញចូលក្នុងរឿងនយោបាយដូច្នេះ ក៏ព្រោះគេមើលឃើញថា លោក ថាច់ សេដ្ឋា ជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងច្រើនអាណត្តិមកហើយ។ ដូច្នេះហើយ នៅពេលដែលថ្នាក់ដឹកនាំរបស់ពួកគេ ត្រូវបានសមត្ថកិច្ច និងតុលាការអនុវត្តច្បាប់ ដោយសារការប្រព្រឹត្តល្មើសច្បាប់ណាមួយនោះ ពួកគេបែរជាទាញចូលទៅក្នុងរឿងនយោបាយទៅវិញ។ នេះជាការកត់សម្គាល់បន្ថែមរបស់លោកបណ្ឌិត យង់ ពៅ។
អ្នកតាមដានស្ថានការណ៍នយោបាយរូបនេះ បានបញ្ចេញមតិផ្ទាល់ខ្លួនថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននោះ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ តែជាការអនុវត្តច្បាប់នៅកម្ពុជា ដោយតុលាការរកឃើញបទល្មើស ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់។
លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍បែបនេះថា «ចឹងនេះជាការអនុវត្តច្បាប់ជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បើគាត់អនុវត្តខុសច្បាប់ ចឹងតុលាការរកឃើញ ចឹងតុលាការមានវិធានការផ្នែកច្បាប់ ផ្លូវច្បាប់អញ្ចឹងហើយ នេះជារឿងធម្មតា នៅក្នុងការអនុវត្តច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ជាការបញ្ជាក់បន្ថែម លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការអនុវត្តច្បាប់ទៅលើបុគ្គលរូបណាប្រព្រឹត្តល្មើសច្បាប់គឺជារឿងធម្មតា មិនមែនជាការគំរាមកំហែង ឬក៏ជាបញ្ហានយោបាយអ្វីឡើយ ដោយលោកបន្ថែមទៀតថា ប្រសិនបើបុគ្គលណាម្នាក់ ប្រព្រឹត្តខុសច្បាប់ ហើយមិនត្រូវបានអនុវត្តច្បាប់នោះ នឹងធ្វើឲ្យសង្គមជាតិ មានភាពច្របូកច្របល់។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ។
បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ តំណាងអយ្យការ បានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក)។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានា តាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ ២០១៩។
បទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ “ឈ១“ព្រ.ទ ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ដោយពុំមានមូលហេតុ។
រហូតមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ