ព័ត៌មានជាតិ
មកស្គាល់ ស្រ្តីខ្មែរឆ្នើម៥រូប ដែលកំពុងបញ្ចេញស្នាដៃបម្រើកិច្ចការសំខាន់ៗរបស់ជាតិ
គិតមកដល់ឆ្នាំ២០២៣នេះ គេសង្កេតឃើញថា ស្រ្តីបានទទួលការតែងតាំងមុខតំណែងសំខាន់ៗជាបន្តបន្ទាប់ទាំងនៅជួររាជរដ្ឋាភិបាល សភា តុលាការ និងតំណែងនៅថ្នាក់ក្រោមជាតិ។ តែយ៉ាងណាក្ដី ស្ត្រីដែលកំពុងកាន់តំណែងជាន់ខ្ពស់ ហើយមានសិទ្ធិសម្រេចលើកិច្ចការសំខាន់ៗរបស់ជាតិ គឺមិនទាន់មានច្រើនប៉ុន្មានឡើយ។ តាមរយៈគោលនយោបាយសមភាពយេនឌ័រ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យមានស្ត្រីកាន់មុខតំណែងជារដ្ឋលេខាធិការយ៉ាងតិចមួយរូបនៅតាមក្រសួង ដើម្បីជួយជំរុញភាពអង់អាចក្លាហាន សមត្ថភាព និងការធ្វើសេចក្ដីសម្រេចរបស់ស្ត្រីទៅលើកិច្ចការសាធារណៈ និងកិច្ចការនយោបាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/2-6-edited.jpg)
ខាងក្រោមនេះ គឺជាស្ត្រីចំនួន៥រូប ដែលត្រូវបានចាត់ទុកថា ជាឥស្សជនឆ្នើមប្រកបដោយសក្តានុពល និងមានសមត្ថភាពខ្ពស់ ហើយកំពុងកាន់មុខតំណែងជារដ្ឋលេខាធិការ៖
១/ លោកស្រី ជូ ប៊ុនអេង
លោកស្រី ជូ ប៊ុនអេង គឺជាស្ត្រីដែលទទួលបានជោគជ័យក្នុងការងារជាបន្តបន្ទាប់ដោយបានវិវឌ្ឍខ្លួនពីគ្រូគណិតវិទ្យានៅវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតក្លាយជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលសព្វថ្ងៃនេះលោកស្រីទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ តាមរយៈការងារនេះ លោកស្រី បានចូលរួមយ៉ាងសកម្មមិនខ្លាចនឿយហត់ក្នុងកិច្ចការពារប្រជាជន ស្ត្រីភេទ កុមារ និងការប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស។ លោកស្រី ជូ ប៊ុនអេង បានបញ្ចប់ការសិក្សាសញ្ញាបត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/313950709_483891913770426_1071306559095903865_n-edited.jpg)
២/ លោកស្រី ឱ វណ្ណឌីន
លោកស្រី ឱ វណ្ណឌីន មានមុខតំណែងជារដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល។ ស្ថិតក្នុងបរិបទជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន ជាឥស្សរជនស្រ្តីជួរមុខដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងជាមួយមេរោគដ៏កាចសាហាវនេះ។ តាមរយៈតួនាទីជាមន្ត្រីជាន់ខ្ពស់សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ លោកស្រីតែងតែបានចុះដោយផ្ទាល់នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជាក្នុងការពិនិត្យ និងជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាជន។ លោកស្រី ឱ វណ្ណឌីន គឺជាអតីតនិស្សិតខ្មែរដំបូងគេដែលបានប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកផ្នែកសុខភាពសាធារណៈ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/fn-2021-01-15-11-08-01-0-1024x682.jpg)
៣/ លោកស្រី កុយ ពិសី
បច្ចុប្បន្នលោកស្រី កុយ ពិសី កំពុងកាន់តំណែងសំខាន់ៗចំនួនពីរដាច់ដោយឡែកពីគ្នា គឺទី១ ជាអនុប្រធានលេខាធិការ ដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងទី២ ជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកស្រី កុយ ពិសី ជាស្ត្រីខ្មែរមួយរូបដែលបានចំណាយពេលវេលាប្រមាណជិត ៣០ឆ្នាំ លើកិច្ចការព្រំដែន ដោយចាប់ផ្ដើមបេសកកម្មតាំងពីដើមឆ្នាំ១៩៩៦។ បន្ថែមពីលើកិច្ចការព្រំដែន លោកស្រី ក៏ទទួលបានការផ្ដល់សេចក្ដីទុកចិត្តពីរាជរដ្ឋាភិបាល តាម រយៈការតែងតាំងមុខតំណែងបន្ថែមមួយទៀតក្នុងពេលតែមួយ គឺជារដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកស្រី កុយ ពិសី បានបញ្ចប់សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា និងសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/320908448_939015537459562_4653428886627327005_n-edited.jpg)
៤/ លោកស្រី សឿង រដ្ឋចាវី
លោកស្រី សឿង រដ្ឋចាវី បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ស្ត្រីវ័យ៦៤ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាអ្នកការទូតឆ្នើមមួយរូបរបស់កម្ពុជាដែលបានបំពេញកិច្ចការប្រកបដោយឆន្ទៈ សមត្ថភាពខ្ពស់ និងពោរពេញដោយបទពិសោធនៅក្នុងវិស័យការទូត និងទំនាក់ទំនងអន្តរជាតិ។ និយាយអំពីកម្រិតវប្បធម៌ គឺលោកស្រីបានចំណាយពេលសិក្សានៅរុស្ស៊ីប្រមាណ ១៤ឆ្នាំ ដោយទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ និងសញ្ញាបត្រថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ។ លើសពីនេះ លោកស្រី ចេះ និងអាចប្រើប្រាស់ភាសាបរទេសរហូតដល់ ៤ភាសា រួមមាន អង់គ្លេស បារាំង រុស្ស៊ី និងអេស្បាញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/01/image-1167.png)
៥/ លោកស្រី ដាំ ដារីនី
ចំណោមស្ត្រីជាច្រើន គឺលោកស្រី ដាំ ដារីនី ត្រូវបានគេមើលឃើញថា ជាស្ត្រីមួយរូបដែលបានកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិតែម្នាក់គត់ ចាប់តាំងពីអំឡុងឆ្នាំ២០១៤។ ក្នុងនាមជារដ្ឋលេខាធិការក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី ទទួលបន្ទុកលើការងារយេនឌ័រ ការងារនាយកដ្ឋាននីតិកម្ម និងវិទ្យាស្ថានវិទ្យាសាស្រ្ដសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។ លោកស្រី តែងតែយកចិត្តទុកដាក់ និងលើកកម្ពស់ការងារយេនឌ័រនៅក្នុងជួរកងទ័ពតាមរយៈការបន្តលើកស្ទួយ និងផ្តល់ឱកាស តួនាទី ព្រមទាំងផ្ដល់ឋានន្តរស័ក្តិដល់កងទ័ពជានារីដែលមានសមត្ថភាព បទពិសោធ និងស្នាដៃក្នុងវិស័យការពារជាតិជាបន្តបន្ទាប់។ លោកស្រី ដាំ ដារីនី ទើបតែបញ្ចប់សញ្ញាបត្របណ្ឌិតរដ្ឋបាលសាធារណៈ នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកស្រីបានឆ្លងកាត់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕
![](https://www.kampucheathmey.com/wp-content/uploads/2023/01/314005809_488597179959568_2695471240891500000_n-edited.jpg)
ដោយ៖ ធឿន វ៉ាន់សុង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?