ព័ត៌មានជាតិ
អ្នកនយោបាយស្ត្រីជួរមុខ៨រូប កំពុងកាន់តំណែងជាន់ខ្ពស់ទាំងនៅជួររដ្ឋាភិបាល និងសភាកម្ពុជា
ស្ត្រី ជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់កិច្ចការអភិវឌ្ឍប្រទេសជាតិ។ នៅកម្ពុជា មានស្រ្តីតែប៉ុន្មានរូបប៉ុណ្ណោះដែលបានកាន់មុខតំណែងនយោបាយជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជា សភា ខណៈក្នុងវិស័យសាធារណៈ មានស្ត្រីតែពីររូបប៉ុណ្ណោះដែលមានតំណែងជាអភិបាលខេត្តក្នុងចំណោម២៥រាជធានី-ខេត្ត។ នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងបង្ហាញឲ្យស្គាល់នូវឥស្សរជនស្ត្រីចំនួន ៨រូបដែលកំពុងកាន់មុខតំណែងជាន់ខ្ពស់ក្នុងវិស័យនយោបាយនៅកម្ពុជា ដូចខាងក្រោម៖

១/ លោកស្រី ម៉ែន សំអន
លោកស្រី ម៉ែន សំអន ជាអ្នកនយោបាយស្រ្តីមួយរូបដែលចូលរួមតស៊ូចលនារំដោះជាតិកម្ពុជាពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយលោកស្រីបានកាន់តំណែងជាន់ខ្ពស់ជាច្រើនទាំងមុខងារស៊ីវិល និងមុខងារយោធា។ លោកស្រី ម៉ែន សំអន ជាសមាជិករាជរដ្ឋាភិបាលដែលមានមុខតំណែងជាឧបនាយករដ្ឋមន្ត្ រីទទួលបន្ទុកលើការងារអធិការកិច្ច សវនកម្ម និងការងារសង្គម។ បន្ថែមពីលើតំណែងជាឧបនាយករដ្ឋមន្ត្រី លោកស្រី ម៉ែន សំអន មានមុខតំណែងជាន់ខ្ពស់មួយចំនួនទៀត ដូចជា រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាអនុក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សមាជិករដ្ឋសភាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ព្រមទាំង មានឋានន្តរស័ក្តិជានាយកឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងកិច្ចការគណបក្សវិញ គឺលោកស្រី ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀង។

២/ លោកស្រី ឃួន សុដារី
លោកស្រី ឃួន សុដារី គឺជាស្រ្តីទី១ ដែលកាន់តំណែងជាអនុប្រធានរដ្ឋសភា បន្ទាប់ពីលោកស្រីជាប់ជាសមាជិករដ្ឋសភា ហើយធ្លាប់ធ្វើជាប្រធានគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានៃរដ្ឋសភា។ បច្ចុប្បន្ន លោកស្រី គឺ អនុប្រធានទី២ នៃរដ្ឋសភា ជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្រ្តី និងជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល។ បន្ថែមពីនេះ លោកស្រី ឃួន សុដារី ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកណ្ដាល។ កាលពីអតីតកាល លោកស្រី ឃួន សុដារី ក៏ជាអ្នកកាសែតផងដែរ ដោយឆ្នាំ១៩៨៧ លោកស្រីធ្វើជានិពន្ធនាយកសារព័ត៌មានប្រជាជន បន្ទាប់ពីលោកស្រីបានទៅសិក្សាសញ្ញបត្រសារព័ត៌មាននៃវិទ្យាស្ថានអន្តរជាតិសារព័ត៌មាន នៅប្រទេសហុងគ្រី ក្នុងអំឡុងឆ្នាំ១៩៨០។

៣/ លោកស្រី មាន សំអាន
លោកស្រី មាន សំអាន គឺជាអ្នកនយោបាយស្ត្រីកម្ពុជាមួយរូបដែលមានតំណែងជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៦ ហើយជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា។ ក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា លោកស្រីធ្វើជាប្រធានកងវរៈសេនាតូចកងទ័ពសង្គ្រោះជាតិកម្ពុជា។

៤/ លោកស្រី ទី បូរ៉ាស៊ី
ក្នុងវ័យជាង ៨០ឆ្នាំ លោកស្រី ទី បូរ៉ាស៊ី កំពុងកាន់តំណែងជាសមាជិកាព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៣ ដែលមានតួនាទីជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥)។ លោកស្រី ទី បូរ៉ាស៊ី បានបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រវត្តិវិទ្យា និងធ្លាប់ទៅសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញខ្លីៗទាំងនៅក្នុង និងក្រៅប្រទេស ជាអាទិ៍ វគ្គការទូតនៅក្រសួងការបរទេសកម្ពុជា វគ្គការទូតនៅប្រទេសអាល្លឺម៉ង់ និងវគ្គនយោបាយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ជំនាញភាសាបរទេស គឺលោកស្រី ចេះភាសាបារាំង និងអង់គ្លេស។

៥/ លោកស្រី និន សុផុន
លោកស្រី និន សាផុន គឺជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ដែលមានតួនាទីជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។ លោកស្រី បានជាប់ជាសមាជិករដ្ឋសភា តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ចាប់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ១៩៩៣ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំហើយក្នុងការងារនៅសភា។

៦/ លោកស្រី ឡោក ខេង
លោកស្រី ឡោក ខេង ជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដែលមានតួនាទីជាប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា។ លោកស្រី ឡោក ខេង បានជាប់ជាសមាជិករដ្ឋសភា ក្នុងអាណត្តិទី៤ ឆ្នាំ២០០៨។

៧/ លោកស្រី ភឿង សកុណា
លោកស្រី ភឿង សកុណា ត្រូវបានប្រមុខរាជរដ្ឋាភិបាលជ្រើសរើស និងស្នើតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១៣ ក្រោយការបោះឆ្នោតថ្នាក់ជាតិអាណត្តិ៥។ មុនឡើងជារដ្ឋមន្ត្រីនេះ លោស្រីមានតំណែងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាំពីឆ្នាំ២០០៨ និងធ្លាប់ធ្វើជានាយិកាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ខណៈការងារដំបូងរបស់លោកស្រី គឺជាមន្ត្រីទទួលខុសត្រូវផ្នែកបទដ្ឋានឧស្សាហកម្មធុនស្រាលនៅក្រសួងឧស្សាហកម្ម។ លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វករគីមីឧស្សាហកម្ម នៅសហភាពសូវៀត រយៈពេល ៦ឆ្នាំ មុនពេលលោកស្រីទៅបន្តការសិក្សាសញ្ញាបត្របណ្ឌិតនៅប្រទេសបារាំង។

៨/ លោកស្រី អ៊ឹង កន្ថាផាវី
លោកស្រី អ៊ឹង កន្ថាផាវី ជាអ្នកនយោបាយស្ត្រីជួរមុខរបស់គណបក្សប្រជាជនកម្ពុជាដែលបានធ្វើជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់បច្ចុប្បន្ន។ លោកស្រី គឺជារដ្ឋមន្ត្រីម្នាក់ក្នុងចំណោមរដ្ឋមន្ត្រីជាស្ត្រី៣នាក់ ដែលទទួលបានការសិក្សាអប់រំនៅក្រៅប្រទេស។ លោកស្រីរដ្ឋមន្ត្រី បានបញ្ចប់សញ្ញាបត្រវេជ្ជបណ្ឌិតផ្នែកឱសថសាស្ត្រនៃសាកលវិទ្យាល័យ Paris VI ប្រទេសបារាំង៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ