Connect with us

ព័ត៌មានជាតិ

​អតីត​រង្វង់​មូល​ព្រឹក​ស្ទះ​ល្ងាច​ស្ទះ មាន​ស្ពាន​អាកាស​​ប្រវត្តិសាស្រ្ត​ លើក​ដំបូង​ មិន​ធ្លាប់​មាន​នៅ​ស្រុកខ្មែរ​

បានផុស

នៅ

នៅ​ថ្ងៃ ២៤ មិថុនា ឆ្នាំ ២០១០ រាជធានី​ភ្នំពេញ​បាន​បើក​សម្ពោធ​ស្ពាន​អាកាស​លើក​ដំបូង​មិន​ធ្លាប់​មាន​ជា​ប្រវត្តិសាស្ត្រ​។ស្ពាន​អាកាស​ក្បាល​ថ្នល់ ត្រូវ​បាន​ស្ថាបនា​ឡើង​ជំនួស​រង្វង់​មូល​ក្បាល​ថ្នល់ ដែល​បើកការ​ដ្ឋាន​សាងសង់​កាល​ពី​ឆ្នាំ​២០០៩ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់ជាង​ ៦​លាន​ដុល្លារ។

ការ​ស្ថាបនា​ស្ពាន​នេះ បាន​សម្រួល​ចរចរណ៍​បាន​មួយ​កម្រិត​នៅ​ម្តុំ​រង្វង់​មូល​ក្បាល​ថ្នល់ ដែល​តែងតែ​កក​ស្ទះ​ទាំង​ព្រឹក​ទាំង​ល្ងាច ហើយ​ដែល​មន្ត្រី​ប៉ូលិស​ត្រូវ​ឈរ​ជើង​បញ្ជា​ចរាចរណ៍​ជា​ប្រចាំ។ ស្ពាន​អាកាស​ក្បាល ថ្នល់​ទី​១​នេះ​បាន​ចាប់​ដំណើរការ​សាងសង់​ពី ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០០៩ ដោយ​ក្រុមហ៊ុន​អាណិកជន​កម្ពុជា (OCIC) ស្ថាបនា​ពី​បេតុងអារម៉េ ដែល​មាន​បណ្ដោយ​៣០៨​ម៉ែត្រ ទទឹង​១៤,២ ម៉ែត្រ និង​កំពស់​៥,២០​ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​នេះ​​ចំណុច​ឡើង​ចាប់​ពីមុខ​ស្ថានីយប្រេង​តេ​លា​លើ​ដង​មហាវិថី​ព្រះ​នរោត្ដម​ ចុះ​នៅ​ចំណុច​មុខ​អតីត​មន្ទីរពេទ្យ​ការងារ​លើដងផ្លូវ​ជាតិ​លេខ​២។ មាន​ទ្វេ​ទិស មាន​គំនូស​ផ្លូវ​រថយន្ដ​ចំនួន​៤​ខ្សែ គឺ​ផ្លូវ​រថយន្ដ ២​ខ្សែ​ទៅ ២​ខ្សែ​មក និង​មាន​បង្កាន់ដៃស្ពាន ប៉ុន្ដែ​ពុំ​មាន​ចិញ្ចើម​សម្រាប់​ថ្មើរជើង​ទេ។

នៅ​ពេល​​ដាក់ឱ្យ​ដំណើរការ​ទីតាំង​អតីត​ចំណុច​រង្វង់​មូលក្បាលថ្នល់​ បាន​កាត់​បន្ថយ​ការ​កកស្ទះ ដោយសារ​ចរាចរ​ក្នុង​ទិស​ដៅ​នីមួយ​ៗ មិន​កាត់​ប្រសព្វ​គ្នា​ដូច​មុន​ទៀត​ឡើយ។ 

ក្រោយ​លេច​ស្ពាន​អាកាស​ដំបូង​នេះ រាជធានីភ្នំពេញ​បាន​ចាប់ផ្តើម​ស្ថាបនា​ស្ពាន​អាកាស​​ជា​បន្ត​បន្ទាប់រួមមាន ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស ៥មករា (តិចណូ) និង​ស្ពានអាកាសផ្សារដីហ៊ុយ។ ស្ពាន​អាកាស​ចោមចៅ និង​ផ្លូវក្រោម​ដី​ចោមចៅ កំពុង​ស្ថាបនា​គ្រោង​បញ្ចប់​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម