ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ៖ បណ្ដាអង្គទូតនានា មិនចេះតែប្រតិកម្មផ្ដេសផ្ដាសនោះទេ
អ្នកតាមដានស្ថានការណ៍នយោបាយ បានលើកឡើងថា បណ្ដាអង្គទូតនានា មិនចេះតែប្រតិកម្មទៅលើបញ្ហាណាមួយផ្ដេសផ្ដាសនោះទេ តែបើប្រតិកម្ម គឺប្រតិកម្មតាមគោលនយោបាយការបរទេសរបស់ពួកគេ។

ការលើកឡើងនេះ បន្ទាប់ពីមន្ត្រីអង្គការសង្គមស៊ីវិលខ្លះ កត់សម្គាល់ថា ពួកគេមិនបានឃើញបណ្ដាអង្គទូតនានា បញ្ចេញប្រតិកម្មអ្វីទាំងអស់ ពាក់ព័ន្ធនឹងការឃាត់ខ្លួន និងឃុំខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣មក។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍នយោបាយ មានប្រសាសន៍ថា ប្រទេសកម្ពុជា អនុវត្តវិធានការច្បាប់ទៅលើបុគ្គលល្មើសច្បាប់ ដោយស្របតាមអធិបតេយ្យជាតិរបស់ខ្លួន។ ដូច្នេះហើយ បណ្ដាអង្គទូតនានា និងសហគមន៍អន្តរជាតិ ត្រូវតែអនុលោមតាមអធិបតេយ្យជាតិ របស់កម្ពុជា។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២០ ខែមករានេះថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានប្រព្រឹត្តល្មើសច្បាប់ ឬក៏អត់ គឺអាស្រ័យទៅលើអង្គហេតុ ដែលតុលាការ និងអ្នកអនុវត្តច្បាប់រកឃើញ។ ដូច្នេះហើយ មជ្ឈដ្ឋានដទៃ មិនអាចវាយតម្លៃ ថាតើ ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា ខុស ឬមិនខុសបានទេ ប្រសិនបើតុលាការ មិនបានចេញសាលដីកាបញ្ជាក់ថា ខុស ឬមិនខុស ពីព្រោះនេះជាការអំណាចផ្ដាច់មុខរបស់តុលាការ។
លោកបន្ថែមបែបនេះថា «ចឹងការប្រព្រឹត្តខុសរបស់គាត់ (លោក ថាច់ សេដ្ឋា) ទៅលើការចេញសែកដែលគ្មានសាច់ប្រាក់ វាចូលបទល្មើសព្រហ្មទណ្ឌ ដែលគេហៅថា ឧបករណ៍ដែលអាចជួញដូរបានហ្នឹង អញ្ចឹងអ្នកដទៃ រួមទាំងសហគមន៍អន្តរជាតិ អង្គទូតនានា មិនអាចដឹងរឿងនេះច្បាស់ទេ អញ្ចឹងបើអង្គហេតុតុលាការរកឃើញថា មានខុស គឺខុសហើយ ឬក៏រកឃើញថា មិនខុស គឺមិនខុសហើយ អញ្ចឹងមានតែតុលាការទេ ដែលអាចេញសាលដីកា ថា អ្នកនេះខុស អ្នកនោះខុស ចឹងបរទេសមិនអាចដឹងរឿងហ្នឹងទេ»។
ម្យ៉ាងទៀត បណ្ដាអង្គទូតនានា និងសហគមន៍អន្តរជាតិ ជាពិសេសបញ្ចឹមប្រទេស បញ្ចេញប្រតិកម្មពាក់ព័ន្ធនឹងបញ្ហានយោបាយក្នុងប្រទេសកម្ពុជា ឬនៅក្នុងតំបន់ជាដើម គឺផ្អែកទៅលើនយោបាយការបរទេសរបស់ពួកគេ មិនមែនចេះតែប្រតិកម្មនោះឡើយ។ នេះជាការលើកឡើងបន្តរបស់លោកបណ្ឌិត យង់ ពៅ ដោយលោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះ ការបញ្ចេញប្រតិកម្មរបស់បញ្ចឹមប្រទេស និងប្រទេសផ្សេងទៀត គឺធ្វើឡើងដោយអនុលោមតាមបញ្ហាភូមិសាស្រ្ដនយោបាយ។
អ្នកតាមដានស្ថានការណ៍នយោបាយ បានលើកឡើងទៀតថា «សិទ្ធិមនុស្ស ប្រជាធិបតេយ្យអី សម្រាប់បញ្ចឹមលោក ការមើលឃើញរបស់ខ្ញុំ គ្រាន់តែជាឈ្នាន់នៃភូមិសាស្រ្ដនយោបាយទេ អញ្ចឹងហេតុអី បានជាខ្ញុំថា ឈ្នាន់ភូមិសាស្រ្ដនយោបាយ កន្លងទៅ គឺបញ្ចឹមលោកតែងតែប្រតិកម្មនឹងកម្ពុជា ទៅលើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ហើយជាពិសេសពាក់ព័ន្ធនឹងបក្សប្រឆាំងហ្នឹង តែឥឡូវម៉េចក៏អត់? ដោយសារតែបញ្ហាភូមិសាស្រ្ដនយោបាយ ដែលយើងនៅក្នុងនយោបាយដ៏ធំមួយ នយោបាយការបរទេសដ៏ធំមួយ ដែលយើងស្របនឹងបញ្ចឹមប្រទេស គឺបញ្ហាអ៊ុយក្រែន នេះតែម្ដង»។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងទៀតថា បណ្ដាអង្គទូតនានា និងបញ្ចឹមប្រទេស មិនចេះតែប្រតិកម្មផ្ដេសផ្ដាសនោះទេ តែបើប្រតិកម្ម គឺប្រតិកម្មតាមគោលនយោបាយការបរទេសរបស់ពួកគេ។
សូមជម្រាបថា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ តំណាងអយ្យការ បានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក)។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានា តាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ ២០១៩។
បទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ២លើក របស់ចៅក្រមស៊ើបសួរចុះថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួន ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ដោយពុំមានមូលហេតុ។
រហូតមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន ជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួន ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី