ព័ត៌មានជាតិ
បើកបវេសនកាលឆ្នាំសិក្សាថ្មី ទទួលបានសិស្សចូលរៀនជិត ៤ លាននាក់
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងឲ្យដឹងថា ឆ្នាំសិក្សាថ្មីឆ្នាំ ២០២០-២០២១ នេះ មានសិស្សានុសិស្សជិត៤ លាននាក់ បានចូលសិក្សា នៅតាមគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជន។
ក្នុងនោះសិស្សថ្នាក់មត្តេយ្យ និងចំណេះដឹងទូទៅទាំងរដ្ឋនិងឯកជន មានប្រមាណ៣.៥លាននាក់ ។ ដោយឡែកថ្នាក់ឧត្តមសិក្សាទាំងរដ្ឋ និងឯកជនមានប្រមាណ ២១ម៉ឺននាក់។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានឲ្យដឹងផងដែរថា បច្ចុប្បន្នមានគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងរដ្ឋ និងឯកជន មានប្រមាណ ១៨,០០០ កន្លែង។ ក្នុងនោះមត្តេយ្យសិក្សាសហគមន៍៣ ០០០កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅរបស់រដ្ឋ ១៣ ៥០០ កន្លែងនិង គ្រឹះស្ថានសិក្សាឯកជន១ ៥០០កន្លែង។ គ្រឹះស្ថានឧត្តមសិក្សា ទូទាំងប្រទេសមាន ១២៥ កន្លែងក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៤៨ និងឯកជន ៧៧។
នៅក្នុងការថ្លែងបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានជំរុញឲ្យគ្រឹះស្ថានសិក្សារដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ(SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩និងគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ស្ដីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយនិងកីឡា សកម្មភាពសិល្បៈនិងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថាន សិក្សារដ្ឋនិងឯកជនក្នុងបរិបទជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រីអប់រំបានគូសបញ្ជាក់ថា ដើម្បីធានាបានការអប់រំមួយល្អប្រសើរក្នុងបរិបទកូវីដ១៩នេះ ក្រសួងបានចេញសេចក្ដីណែនាំស្ដីពីការអនុវត្តកម្មវិធីសិក្សាបង្រួញ និងកាលវិភាគសិក្សា សម្រាប់ មត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ បឋមសិក្សា និងមធ្យមសិក្សារដ្ឋ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ ដោយផ្តោតលើរៀបចំសិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សានិងមេរៀនសិក្សានិងការអនុវត្តកម្មវិធីសិក្សាបង្រួញ។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្ស ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន និង ជាថ្ងៃត្រឡប់មកកាន់ សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្ស និស្សិត បន្ទាប់ពីបានឆ្លងកាត់និងទទួលនូវបទពិសោធន៍នៃការអប់រំក្ នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះ ទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។ ថ្វីត្បិតឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងមិនទាន់មានភាពច្បាស់លាស់ពាក់ព័ន្ធនឹងកូវីដ-១៩ យ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលកម្ពុជានៅតែប្រារព្ធពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២០-២០២១ ដ៏មាន សារៈសំខាន់នេះក្រោមទស្សនាទានថ្មី គឺគន្លងជីវិតថ្មីក្នុងវិស័យអប់រំ៕
អត្ថបទ៖ ណារី
សូមចុចអាន៖ ប្រមុខរាជរដ្ឋាភិបាល ជំរុញឲ្យក្រសួងអប់រំអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ក្នុងសតវត្សទី២១
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ