ព័ត៌មានជាតិ
យុទ្ធជនខ្មែរ ១៥១ នាក់ ពលីជីវិត ជួយបារាំង ឈ្នះអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកទី១
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានសម្រេចសាងសង់វិមានរំលឹកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ឡើងវិញ ក្រោយរបបកម្ពុជាប្រជាធិបតេយ្យបំផ្លាញកាលពីឆ្នាំ១៩៧៥។ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការសាងសង់វិមាននេះឡើងវិញ គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធរបស់ យុទ្ធជនស្ម័គ្រចិត្តខ្មែរចំនួន ១៥១ នាក់ ដែលបានពលីជីវិតក្នុងសង្គ្រាមលោក ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ នៅប្រទេសបារាំង។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើងវិញនូវរូបសំណាក “រូបពីរ ឬវិមាន រំលឹកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១នេះ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ជា សុផារ៉ា, លោក Olivier Becht រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុបនិងកិច្ចការ បរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ភាពទាក់ទាញ និងជនជាតិបារាំងនៅក្រៅប្រទេស នៃសាធារណរដ្ឋបារាំង, លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, បណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសួនមុខស្ថានទូតសាធារណរដ្ឋបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោក ជា សុផារ៉ា មានប្រសាសន៍បន្ថែមថា សំណង់វិមានដែលនឹងលេចចេញជារូបរាងឡើងនាពេលខាងមុខ ជាការបង្ហាញនូវចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង។ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ជា ស្តូបអនុស្សាវរីយ៍រវាងទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ អាជ្ញាធរបារាំង និងឥស្សរជនខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្តូបនេះឡើងនៅទល់មុខ ស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ ដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១។

លោក ជា សុផារ៉ា បានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកបានដាក់សំណើទៅសម្ដេចតេជោ ដើម្បីសាងសង់ឡើងវិញនូវ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ និងទទួលបានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ។ ហើយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងនៅចំពោះមុខ លោក អេម៉ាញូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងជំនួបនៅទីក្រុងប៉ារីសថា សម្តេចបានអនុញ្ញាតឱ្យមានការសាងសង់វិមាននេះឡើងវិញ។

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្តើមគំនិតកសាងសង់វិមាននេះឡើងវិញ ដើម្បីជាការរំលឹកដល់ពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង និងរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង, បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ១៩៧៩ មក បានខិតខំ និងលើកតម្លៃនូវរាល់សមិទ្ធផលនានាដែលនៅសេសសល់ ពីការកម្ទេចចោលរបស់ខ្មែរក្រហម និងដើម្បីពង្រឹងចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបារាំង ឱ្យកាន់តែរឹងមាំ ឋិតថេរយូអង្វែងតទៅ។

លោក Olivier Becht មានប្រសាសន៍ថា បារាំងទទួលបានជ័យជម្នះនៅថ្ងៃទី១១ វិច្ឆិកា ឆ្នាំ១៩១៨ បារាំងមិនភ្លេចចំពោះអ្នកបានពលីក្នុងភ្លើងសង្គ្រាមនោះទេ។ ដូច្នេះហើយទើប អាជ្ញាធរបារាំង និងឥស្សរជនខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្តូបនេះឡើងនៅវិញ នៅទល់មុខ ស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥ ដើម្បីរំលឹកដល់ជ័យជម្នះសង្គ្រាមលោកលើកទី១ របស់បារាំង ក្នុងការដណ្ដើមយកជោគជ័យលើអាល្លឺម៉ង់ និងរំលឹកដល់ពលិកម្មរបស់កម្ពុជា ក្នុងការបញ្ជូនកងទ័ពទៅជួយច្បាំងបារាំង អំឡុងសង្គ្រាមលោកលើកទី១។

គួរបញ្ជាក់ថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវរចនាឡើងលើខឿនទម្រង់អដ្ឋកោណ និងមាន ៣ថ្នាក់ ធ្វើអំពីបេតុងក្រាលថ្មក្រានីត ដែលមានទំហំខឿនសរុប ១៤,២២ ម៉ែត្រ X ១៤,២២ ម៉ែត្រ និងកម្ពស់សរុប ១២,៧៤ ម៉ែត្រ។ ថ្នាក់ទី១ កម្ពស់ ១,១០ ម៉ែត្រ លម្អដោយសួនច្បារ ថ្នាក់ទី២ កម្ពស់ ២,១០ ម៉ែត្រ ថ្នាក់ទី៣ កម្ពស់ ៩,៣៧ ម៉ែត្រ បដិមាទាហានខ្មែរ-បារាំង កម្ពស់ពីបាទជើង ដល់ចុងស្លឹកកន្ទួត ៣,៣៧ ម៉ែត្រ និងស្ថិតនៅកម្ពស់ ១២,៧៤ ម៉ែត្រ ពីកម្រិតកម្ពស់សូន្យ រូបសំណាកសត្វតោធ្វើអំពីលង់ហិន ចំនួន ៤ រចនាតាមសិល្បៈខ្មែរស្ថិតនៅតាមជ្រុងនៃអនុទិស តំណាងឱ្យឆ្មាំនៃអនុទិសទាំង៤៕

អត្ថបទ៖ ស្រីរ័ត្ន



-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល