ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន ពង្រីកកិច្ចសហប្រតិបត្តិការដោះមីននៅប្រទេសដទៃផ្អែកលើការងារមនុស្សធម៌
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការត្រីភាគីដែលកំពុងដំណើរក្នុងការដោះមីនសម្រាប់អ៊ុយក្រែន គឺធ្វើឡើងផ្អែកលើមូលដ្ឋានមនុស្សធម៌ ខណៈកម្ពុជា–ជប៉ុន ក៏ឯកភាពពង្រីកកិច្ចសហការនេះដល់ប្រទេសទីបីផ្សេងទៀត។

ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន ក្រៅពីការពិភាក្សាលើកិច្ចសហប្រតិបតិ្តការទ្វេភាគី លោក ប្រាក់ សុខុន និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា បានពិភាក្សាលើកិច្ចសហប្រតិបតិ្តការពហុភាគី និងឯកភាពគ្នាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបតិ្តការបន្ថែមទៀត ពិសេសក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងក្របខណ្ឌអាស៊ាន។
បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ២៥ ខែមករានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីរកម្ពុជា–ជប៉ុន បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាជាសកលមួយចំនួនទាំងនៅក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ជាអាទិ៍ សង្គ្រាមនៅអ៊ុយក្រែន និងសភាពការណ៍នៅឧបទ្វីបកូរ៉េ។
ទាក់ទិននឹងសង្គ្រាមនៅអ៊ុយក្រែន រដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបតិ្តការត្រីភាគីដែលកំពុងដំណើរការ ស្តីពីការដោះមីនសម្រាប់អ៊ុយក្រែន ដោយផ្អែកលើមូលដ្ឋានមនុស្សធម៌។

សម្រាប់ស្ថានការណ៍នៅមីយ៉ាន់ម៉ា លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន កាលពីឆ្នាំ២០២២ កន្លងទៅនេះ ជាពិសេសលោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសប្រធានអាស៊ានក្នុងការជួយមីយ៉ាន់ម៉ាស្វែងរកសន្តិភាព ស្ថិរភាព និងការវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។
ទោះបីជាកម្ពុជាបានផុតអាណត្តិជាប្រធានអាស៊ានក៏ដោយ ប៉ុន្តែលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា សង្ឃឹមថា កម្ពុជានឹងនៅតែបន្តចូលរួមក្នុងកិច្ចប្រឹងប្រែងនេះក្នុងការជួយមីយ៉ាន់ម៉ា។
ដោយឡែក ក្របខណ្ឌអន្តរជាតិ លោក ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវការគាំទ្រឥតងាករេរបស់កម្ពុជាចំពោះជប៉ុន ជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្នុងការពន្លឿនឲ្យមានដំណោះស្រាយឆាប់រហ័សលើបញ្ហាការចាប់ពង្រាត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង។
លោករដ្ឋមន្ត្រីក៏ បានបញ្ជាក់ការគាំទ្ររបស់កម្ពុជាចំពោះគោលការណ៍សំខាន់បីនៃយុទ្ធសាស្ត្រសន្តិសុខជាតិជប៉ុនដែលផ្តោតលើវិភាគទានប្រកបដោយបុរេសកម្ម ដើម្បីសន្តិភាព គុណតម្លៃសកល និងសន្តិសហវិជ្ជមាន ព្រមទាំងវិបុលភាពរួមគ្នាជាមួយនឹងបណ្តាប្រទេសនានាដទៃទៀត៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ