ព័ត៌មានជាតិ
មកដឹងដំណោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ
លោក ជា កុកហុង ប្រធានលេខាធិការដ្ឋានសម្របសម្រួលរៀបចំផែនការមេខេត្តព្រះសីហនុឱ្យប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង នៃក្រសួងសេដ្ឋកិច្ច បានលើកឡើងថា នៅខែតុលា ឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានចេញ ស.ជ.ណ មួយចង្អុលបង្ហាញដល់ក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ ឱ្យបង្កើតគណៈកម្មាធិការ សិក្សារៀបចំដំណោះស្រាយជាកញ្ចប់ ទៅលើបញ្ហាជាប់គាំងអគារជាង ១ពាន់នៅខេត្តព្រះសហនុ។

បើតាមលោក ជា កុកហុង គិតមកដល់ពេលនេះ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយតាមលំដាប់លំដោយ ដូចជា ច្បាប់សាងសង់ វិវាទក្រៅប្រព័ន្ធតុលាការ លើកទឹកចិត្តពន្ធដារ ដើម្បីយកទៅអភិវឌ្ឍអគារដែលកំពុងជាប់គាំងទាំងអស់ និងទាក់ទាញអ្នកធុរកិច្ចផ្សេងៗ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ថា ក្រុមការងារបាននិងកំពុងទាក់ទាញអ្នកវិនិយោគិនថ្មីឱ្យចូលទៅអភិវឌ្ឍនៅខេត្តព្រះសីហនុ។ លោក ជា កុកហុង លើកឡើងបែបនេះ តាមការចង្អុលបង្ហាញរបស់លោក វង្សី វិស្សុត នៅក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៣ កាលពីថ្ងៃទី ២៥ មករា។
នៅក្នុងវេទិកានេះ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា ការជាប់គាំងអគារជាច្រើននៅខេត្តព្រះសីហនុនេះ កើតឡើងដោយសារការវិនិយោគពុំមានក្របខណ្ឌស្ថាប័នគ្រប់គ្រងច្បាស់លាស់។ លោកបន្តដូច្នេះថា« ទោះជាការវិនិយោគរបស់ឯកជនក៏ដោយ ប៉ុន្តែនៅពេលមានបញ្ហា មិនមែនឯកជនមកដោះស្រាយឯណា គឺរដ្ឋជាអ្នកដោះស្រាយ…ឥឡូវនេះ យើងយកបន្ទុកទូទាំងប្រទេស ទៅដោះស្រាយបញ្ហារបស់អ្នកវិនិយោគដែលបង្កើតបញ្ហាឱ្យសង្គម បើយើងមិនដោះវាមិនកើត តែបើដោះប៉ះដល់ប្រជាជនដែលជាអ្នកបង់ពន្ធ ព្រោះត្រូវយកលុយរដ្ឋទៅដោះស្រាយបញ្ហាទាំងអស់នេះ»។

នៅក្នុងរឿងរ៉ាវនេះ លោក វង្សី វង្សុត មិនបាននិយាយច្រើននោះទេ ដោយលោក លើកឡើងដូច្នេះថា« ខ្ញុំមិនទាន់អះអាងទេ ទុកពេលបន្តិចសិន ប្រហែលជាលើកក្រោយនឹងនិយាយហើយ ព្រោះយើងទើបចូលដល់ដំណាក់កាលទី២ ហើយនៅខែកុម្ភៈខាងមុខនេះ នឹងមានកិច្ចប្រជុំដោះស្រាយ ហើយទី៣នឹងបញ្ចប់ក្របខណ្ឌផែនការមេនេះ ក្នុងនោះការរៀបចំក្របខណ្ឌគោលនយោបាយក៏ដូចជាវិធានការគោលនយោបាយក្នុងការដោះស្រាយអគារជាប់គាំងនៅក្រុងព្រះសីហនុមានការគិតគូដោះស្រាយជាកញ្ចប់ទាំងមូល»។

ទាក់ទិនបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា អគារជាប់គាំងនៅខេត្តព្រះសីហនុនេះ ជាអគាររបស់វិស័យឯកជន មានន័យថា ជាទ្រព្យរបស់ប្រជាជននៅក្នុងស្រុកបានធ្វើកិច្ចសន្យាសាងសង់ជាមួយក្រុមហ៊ុនវិនិយោគរបស់ចិន។ លោកគូសបញ្ជាក់ថា បញ្ហានេះ មានតែការសម្របសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគឯកជនចូលមក ដើម្បីអភិវឌ្ឍបន្ត មិនអាចឱ្យរដ្ឋាភិបាលទៅចាត់ចែងទ្រព្យសម្បត្តិរបស់វិស័យឯកជនបានទេ។ ដោយឡែកការរំពឹងថា មានវិនិយោគិនចូលទៅអភិវឌ្ឍអគារទាំងអស់នេះ នៅខេត្តព្រះសីហនុ លោកបណ្ឌិត គី សេរីវឌ្ឍ កត់សម្គាល់ឃើញថា មិនទាន់អាចទៅរួចនៅឡើយ។ ដោយលើកឡើងថា«ទី១ ខ្ញុំមិនទាន់យល់ថាចិននឹងចូលមកកម្ពុជានៅឆ្នាំ ២០២៣នេះច្រើនទេ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ចសកលលោក ហើយសេដ្ឋកិច្ចរបស់ចិន ក៏យើងមើលឃើញថាមានកំណើនតែ ២ភាគរយ ដែលពីមុនមានកំណើនរហូតដល់ ៦.៥ភាគរយ ដូច្នេះហើយ ការថមថយនៃសេដ្ឋកិច្ចរបស់ចិន ក៏អាចនឹងធ្វើឱ្យចិនរួញរា ឬនៅទ្រឹងមួយកន្លែងចំពោះការវិនិយោគក្រៅប្រទេស»។
អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដែលទេសចរកើនឡើង សម្រាប់ស្វែងរកឱកាសនៃការវិនិយោគ, ឆ្នាំ ២០២៤ ឬ ២០២៥ ជាឆ្នាំដែលអាចបង្ហូរវិនិយោគចិនចូលមកកម្ពុជាបន្ថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?