ព័ត៌មានជាតិ
ខេត្តសៀមរាប រៀបចំកម្មវិធីបុណ្យអង្ករ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក
អមដោយការចូលរួមរបស់បរវកញ្ញាចក្រវាឡទាំង ២៦ប្រទេសនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នារសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣ មានរៀបចំកម្មវិធីបុណ្យអង្ករ លើកទី៥ និងជាលើកទី១ សម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមអបអរសាទរ អង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក និងរួមគ្នាលើកស្ទួយកិត្យានុភាព វិស័យស្រូវអង្ករកម្ពុជា ឲ្យកាន់តែល្បីរន្ទឺ ( ជាមាស ស កម្ពុជា )និង ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដែលត្រូវបានចាត់ទុកថា “ ជាមាសបៃតងរបស់កម្ពុជា”។
ក្នុងនោះក៏មានការចូលរួមគាំទ្រ ផ្សព្វផ្សាយទូលាយតាមរយៈ កញ្ញាចក្រវាឡ ចំនួន ២៦ប្រទេសផងដែរ។ ព្រឹត្តិការណ៍នេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ដែលផ្ដួចផ្ដើមគំនិតដោយ សមាគមក្លឹបទេសចរណ៍សៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា និង ទទួលបានការសហការគាំទ្រពីរដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនជាច្រើនទៀតផងដែរ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ អស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព សភាពាណិជ្ជកម្ម និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត គរុសិស្ស និង និស្សិត ព្រមទាំងវិស័យឯកជន ប្រមាណជាង៤០០នាក់ចូលរួម។
លោក ហ្វីលីព កៅ ប្រធានសមាគមន៍ក្លឹបទេសចរណ៍ខេត្តសៀមរាប លើកឡើងថា ការរៀបចំព្រឹត្តិការនេះឡើង គឺអនុលោមតាមយុទ្ធសាស្ត្រ ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ ២០២១-២០៣០ ខេត្តសៀមរាបដែលបានដាក់សម្រេចដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តប្រកបដោយនិរន្តរភាព និង បរិយាបន្នក្នុងអត្ថន័យរួមចំណែក លើកកំពស់ និងសម្រេចចក្ខុវិស័យមួយនេះ ដោយយោងលើភាពចាំបាច់ក្នុងការស្ដារឡើងវិញនូវ វិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានភាពប្រសើរ និងការជំរុញអោយមានចលនាទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិឡើងវិញ តាមរូបមន្ត “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ ស្របតាមគោលការណ៍ Public Private Partnership និងចាប់ផ្តើមអនុវត្តផែនការផ្សេងៗទៀត ក្រោមបរិបទ Visit Cambodia Year 2023 សម្រាប់ចូលរួម ផ្សព្វផ្សាយ គាំទ្រកម្ពុជា ជាម្ចាស់ផ្ទះ លើកទី៣២ SeaGames និង ទី១២ ASEAN ParaGames “ ក្រោមស្មារតីនៃយុទ្ធនាការ” ទស្សនាស្រុកយើង កម្ពុជាស្អាត ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ។
លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា វិស័យស្រូវអង្ករនៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចជាតិ ដែល បានធ្វើការនាំចេញអង្ករក្នុងឆ្នាំកន្លងទៅបានចំនួនជាង ៦៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៤១៨ លានដុល្លារសហរដ្ឋអាមេរិក និងនាំចេញស្រូវបានចំនួនជាង ៣.៤លានតោនស្រូវ ដែលគិតជាទឹកប្រាក់បាន ចំនួនជាង ៨៨១ លានដុល្លារសហរដ្ឋអាមេរិក ដែលសរុបទាំងការនាំចេញអង្ករ និងស្រូវបានទឹកប្រាក់សរុប ប្រមាណជាង ១ពាន់២០០លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដែលជាចំណែកមួយយ៉ាងសំខាន់សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ ។
លោកបានបញ្ជាក់ទៀតថា អង្ករម៉ាក ម្លិះអង្គរ គឺជានិមិត្តសញ្ញានៃការផ្សារភ្ជាប់រវាងពាក្យ អង្គរ និងអង្ករ របស់កម្ពុជា ដែលជាអត្តសញ្ញាណ និង ជាដួងព្រលឹងនៃកម្ពុជា ការរីកចម្រើននៃវិស័យស្រូវអង្ករ គឺផ្តើមចេញអំពីនិមិត្តរូបនៃប្រព័ន្ធធារាសាស្ត្រ នាសម័យអង្គរខ្វាត់ខ្វែងរបស់ទីក្រុងយយសោធរបុរៈនាសម័យបុរាណ និងការរីកចម្រើនថ្មីនៃប្រព័ន្ធធារាសាស្ត្រនាសម័យបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យកម្ពុជាកែប្រែពីតំបន់មួយចំនួន ដែលពឹងផ្អែកលើទឹកភ្លៀងមកដាំដុះបានចំនួនលើសពីរដងក្នុងមួយឆ្នាំ ដោយធ្វើឲ្យកម្ពុជាធ្លាប់ជាប្រទេសដែលខ្វះខាតស្បៀង ក្លាយជាប្រទេសដែលមានអតិរេកស្រូវប្រមាណជាង ៥លានតោនស្រូវ ហើយអាចនាំចេញបាន ហើយការចូលរួមរៀបចំបុណ្យអង្ករលើកទី៥ និងជាលើកទី១ នៅខេត្តសៀមរាបនេះ និងតាមរយៈបរវកញ្ញាចក្រវាល ទាំង ២៦ប្រទេស សហព័ន្ធស្រូវអង្ករកម្ពុជា សង្ឃឹម ថានឹងជួយផ្សារភ្ជាប់ វិស័យស្រូវអង្ករកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសការនាំចេញតាមរយៈភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាកម្ពុជា ជាពិសេសខេត្តសៀមរាប ។
សហព័ន្ធស្រូវអង្ករកម្ពុជាជឿជាក់ថា កម្មវិធីនេះនឹងជួយជំរុញបន្ថែមទៀតឲ្យមានការ ទទួលស្គាល់ និង ប្រើប្រាស់ម៉ាកអង្ករកម្ពុជាឲ្យបានកាន់តែច្រើនឡើង ទាំងក្នុងស្រុក និងនាំចេញ។
លោក ពិន ប្រាកដ មានប្រសាសន៍ថា តំបន់សៀមរាប-អង្គរ គឺជាក្បាលម៉ាស៊ីនរុញកំណើនទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ការរៀបចំអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបជា «គោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងបរិយាប័ន្ន» ស្របតាមគន្លងប្រក្រតីភាពថ្មី គឺជាការចាំបាច់ជាយុទ្ធសាស្ត្រ ដែលការងារនេះទាមទារឲ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាព តាមការចង្អុលទិស របស់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។
លោកបានបន្ថែមទៀតថា ការរៀបចំកម្មវិធីបុណ្យអង្ករ ដើម្បីអបអរសាទរអង្ករកម្ពុជាជាប់ចំណាត់ថ្នាក់ពិភពលោក នៅក្នុងខេត្តសៀមរាប តាមរយៈបរវកញ្ញាចក្រវាលទាំង ២៦ប្រទេសនាពេលនេះ គឺបានបង្ហាញពីការផ្សារភ្ជាប់រវាងវិស័យកសិកម្ម និង វិស័យទេសចរណ៍ ដែលជួយបំពេញឲ្យគ្នាទៅវិញទៅមក ហើយយើងជឿជាក់ថា តាមរយៈកម្មវិធីនេះក៏នឹងបានជួយផ្សព្វ ផ្សាយពីវិស័យទេសចរណ៍ខេត្តសៀមរាប ក៏ដូចជាវិស័យស្រូវអង្ករកម្ពុជាយើង ឲ្យមានការទទួលស្គាល់ និងមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងនៅទូទាំងពិភពលោក តាមរយៈបរវកញ្ញាចក្រវាឡទាំង២៦ប្រទេស ។
សូមជម្រាបថា ព្រឹត្តិការណ៍បុណ្យអង្ករលើកដំបូងនៅខេត្តសៀមរាបនេះ មានការតាំងបង្ហាញពិព័រណ៍ស្រែនិងរូបភាពជាមួយនឹងស្តង់លក់ផលិតផលផ្សេងៗជាង៣០០ស្តង់ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១១យប់ និងមានការប្រគំតន្ត្រីកម្សាន្តសប្បាយទៀតផង៕
ដោយ ៖ គឿនវេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២២ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)