ព័ត៌មានជាតិ
ក្រៅពីបណ្ឌិត សុខ ទូច តើបណ្ឌិតណាទៀតដែលធ្លាប់ធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា?
រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសម្រាប់ការសិក្សា ស្រាវជ្រាវ និងជាឃ្លាំងបញ្ញាញាណជាតិ បានចាប់ផ្ដើមបង្កើតឡើងវិញក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៩៩ ខណៈស្ថាប័នស្រាវជ្រាវមួយនេះបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៦៥ ប៉ុន្ដែដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជាក៏បានកាត់ផ្ដាច់ទៅវិញ។ គិតចាប់តាំងពីឆ្នាំ១៩៩៩ មកទល់នឹងបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជា បានឆ្លងកាត់ការដឹកនាំដោយប្រធានចំនួន ៣រូបហើយ។ ប្រធាន-អតីតប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជាទាំង ៣រូប គឺសុទ្ធសឹងតែជាបញ្ញវន្តខ្មែរដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេស ដូចជា បារាំង រុស្ស៊ី និងវៀតណាម។ តើប្រធាន-អតីតប្រធានទាំង ៣រូបនេះ គឺជានរណា?

១/ លោកបណ្ឌិត ស៊ន សំណាង
ក្រោយការបង្កើតឡើងនូវស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាក្នុងឆ្នាំ១៩៩៩ លោកបណ្ឌិត ស៊ន សំណាង ជាឥស្សរជនដំបូងគេដែលត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ មុនពេលធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ស៊ន សំណាង ធ្លាប់ធ្វើជាប្រធានសាស្ត្រាចារ្យ នៅសាលាគរុវិជ្ជាជាន់ខ្ពស់ ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៧ និងជាប្រធានដេប៉ាតេម៉ង់ផ្នែកប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៨។
ក្នុងឆ្នាំ២០០៩ លោកបណ្ឌិត ស៊ន សំណាង ក៏បានបញ្ចប់តួនាទីជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់ពីលោកដឹកនាំស្ថាប័នស្រាវជ្រាវមួយនេះអស់រយៈពេលប្រមាណ ១០ឆ្នាំ។ តែក្រោយការបញ្ចប់តួនាទីនេះ លោកត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាប្រវត្តិវិទ្យា រហូតដល់បច្ចុប្បន្ននេះ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទី១រូបនេះ គឺជាបណ្ឌិតផ្នែកប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យប៉ារីសនៃប្រទេស បារាំង។ លោកបណ្ឌិត បានបញ្ចេញស្នាដៃតាមរយៈការបោះពុម្ពផ្សាយសៀវភៅ ឯកសារ រួមទាំងអត្ថបទបោះពុម្ភផ្សាយថ្នាក់ជាតិ និងសន្និសីទអន្តរជាតិជាច្រើន ដូចជា សៀវភៅស្តីពីសន្និសីទអន្តរជាតិខេមរវិទ្យាលើកទី១ ទស្សនាវដ្តីនៃវិទ្យាស្ថានអ៊ីនធឺរេដ និងទស្សនាវដ្តីនៃសមាគមន៍អ្នកប្រវត្តិសាស្ត្រកម្ពុជា ជាដើម។

២/ លោកស្រីបណ្ឌិត ខ្លូត ធីតា
បន្ទាប់ពីលោកបណ្ឌិត ស៊ន សំណាង លោកស្រីបណ្ឌិត ខ្លូត ធីតា ត្រូវបានប្រកាសតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទី២ ក្នុងចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។ លោកស្រីបណ្ឌិត ខ្លូត ធីតា ជាបញ្ញវន្តស្ត្រីដែលបានបញ្ចប់ការសិក្សាសញ្ញាបត្របណ្ឌិតចំនួនពីរ គឺបណ្ឌិតផ្នែកនីតិសាស្ដ្រ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេបកវិទ្យា និងបណ្ឌិតផ្នែកនីតិសាស្ដ្រ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ខ្លូត ធីតា មានស្នាដៃជាច្រើនទាំងការបង្រៀន ការងារដឹកនាំនិក្ខេបបទបញ្ចប់ការសិក្សា និងស្នាដៃបោះពុម្ពផ្សាយ។ ស្នាដៃបោះពុម្ពរបស់លោកស្រី មានជាអាទិ៍ ទស្សនៈអហិង្សារបស់ព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស ព្រះពុទ្ធសាសនាក្នុងជីវិតខ្មែរ មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជាសកលលោក អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ ទស្សនវិជ្ជាសម័យអង្គរ ទស្សនវិជ្ជាសម័យចតុមុខ លង្វែក ឧដុង្គ និងបារាំង ទស្សនវិជ្ជាច្បាប់ ជាដើម។

៣/ លោកបណ្ឌិត សុខ ទូច
បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយលោកបណ្ឌិត សុខ ទូច បន្ទាប់ពីលោកបានចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០១៧។ ទម្រាំក្លាយជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាដ៏មានឥទ្ធិពលនាពេលនេះ លោកបណ្ឌិត សុខ ទូច បានចំណាយពេលជាង ១៦ឆ្នាំ ក្នុងនាមជាមន្ត្រីរដ្ឋ។
លោកបណ្ឌិត សុខ ទូច បានចាប់ផ្ដើមធ្វើជាមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅវិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០០១។ ជាមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ទទួលបានតួនាទីជាបន្តបន្ទាប់ ដូចជា ប្រធានផ្នែកប្រវត្ដិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ ប្រធានគណៈកម្មការវិទ្យាសាស្ត្រនយោបាយ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា និងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាមួយរូប ដែលមានភាពសកម្មខ្លាំងចំពោះការងារដឹកនាំស្ថាប័នស្រាវជ្រាវរបស់កម្ពុជាមួយនេះ។ បេសកកម្មចម្បងរបស់លោកបណ្ឌិត សុខ ទូច គឺការពង្រឹងពង្រីកការសិក្សា ស្រាវជ្រាវ ដើម្បីផ្ដល់ជាធាតុចូលបន្ថែមជូនរាជរដ្ឋាភិបាល ក៏ដូចជា ការផ្ដល់ការបណ្ដុះបណ្ដាល និងការងារស្រាវជ្រាវសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់ថ្នាក់បណ្ឌិត ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើចំណេះដឹង និងចក្ខុវិស័យវែងឆ្ងាយ។ ទន្ទឹមនេះ លោកបណ្ឌិត សុខ ទូច កំពុងខិតខំកែប្រែរាជបណ្ឌិត្យសភាកម្ពុជាឲ្យទៅជាស្ថាប័នឈានមុខគេរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍ និងប្រមូលផ្ដុំបញ្ញាញាណជាតិ រួមទាំង ការរៀបចំវេទិកា និងបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវផ្សេង ដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ។
លោកបណ្ឌិត សុខ ទូច គឺជាអតីតនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី។ សិក្សានៅរុស្ស៊ី លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ដ្រនយោបាយ និងនៅក្នុងឆ្នាំ១៩៩៩ បានបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកប្រវត្ដិសាស្ដ្រ-នយោបាយ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ