ព័ត៌មានជាតិ
កម្មវិធី “WE Light Up Talk” មានអ្នកចូលរួមលើសពីការរំពឹងទុក
កម្មវិធី “WE Light Up Talk” ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅអាគារ The Kampus មានអ្នកចូលរួមចំនួន ៤៩០នាក់ ដែលជាចំនួនមួយលើសពីការរំពឹងទុក ព្រោះអ្នកចុះឈ្មោះចូលរួមដំបូងមានប្រមាណត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញសេចក្តីប្រកាសរបស់អ្នករៀបចំកម្មវិធីនេះ។

កម្មវិធី “WE Light Up Talk” រៀបចំដោយក្រុមយុវទូតនៃគម្រោងសហគ្រិននារីសកម្ម ក្រោមប្រធានបទ “ភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋ” មានវាគ្មិន ០៤រូប ជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិច អ្នកស្រឡាញ់ភេទដូចគ្នា ជនមានពិការភាព និងយុវជនទូទៅ។ វាគ្មិនទាំង ០៤រូប បានចែករំលែកបទពិសោធរបស់ខ្លួនដល់អ្នកចូលរួមគ្រប់រូប ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង ផ្តល់លទ្ធភាពដល់យុវជនក្នុងការបង្ហាញភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ពួកគេនៅក្នុងសង្គម។

លោកស្រី ប៉េង ឡូឌី អនុប្រធានគម្រោងសហគ្រិននារីសកម្ម នៃអង្គការផេកកម្ពុជា បានលើកឡើងថា ប្រសិនជាស្ត្រី និងយុវជន ជាពិសេសក្រុមដែលងាយរងគ្រោះ មានឱកាសបានចូលរួមវេទិកាដែលមានវាគ្មិនចម្រុះបែបនេះ ពួកគេនឹងអាចរៀនបានច្រើនពីការចែករំលែកទាំងអស់នេះ។ ជាពិសេស ពួកគេនឹងហ៊ានប្រឈមមុខចំពោះឧបសគ្គដែលខ្លួនជួបប្រទះ ទទួលយកការពិតពីខ្លួនឯង ព្រមទាំងបើកទូលំទូលាយចំពោះការចែករំលែកបទពិសោធ និងការផ្លាស់ប្តូរគំនិតអវិជ្ជមាន ទៅជាគំនិតវិជ្ជមាន។

លោកស្រី ប៉េង ឡូឌី មានប្រសាសន៍ថា៖ “ពួកគេនឹងអាចផ្លាស់ប្តូរជីវិតរបស់ពួកគេ តាមរយៈការរៀនសូត្របន្ថែមពីយុវជនដទៃ ការបង្កើតបណ្តាញទំនាក់ទំនង និងចាប់ផ្តើមសកម្មក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ សង្គមជាតិយើងឱ្យកាន់តែល្អប្រសើរ”។
វេទិកានេះ ក៏ផ្តល់ឱកាសដល់យុវជនមកពីសហគមន៍ចម្រុះអាចចែករំលែកបទពិសោធផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំ និងការចូលរួមរបស់យុវជន ដើម្បីបំផុសគំនិតអ្នកចូលរួមទទួលបានការលើកទឹកចិត្ត ការរកឃើញភាពជាខ្លួនឯង ថែមទាំងអាចផ្លាស់ប្ដូរបាននូវផ្នត់គំនិតក្រោមភាពជាអ្នកដឹកនាំរបស់ពួកគេ ដើម្បីរស់នៅក្នុងជីវិតដែលពួកគេជ្រើសរើស។
និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កញ្ញា វុទ្ធី ណារីកា ដែលបានចូលរួមក្នុងវេទិកានេះបានចែករំលែកថា កម្មវិធីនេះបានបង្រៀនកញ្ញាច្រើនមែនទែន ព្រោះវាគ្មិនគ្រប់រូបសុទ្ធតែចែករំលែកបទពិសោធ និងពាក្យពេចន៍លើកទឹកចិត្តដល់យុវជន។ ចំណុចដែលកញ្ញាស្រឡាញ់បំផុត ក្នុងកម្មវិធីនេះ គឺការសម្តែងមួយដែលបង្ហាញពីជនមានពិការភាព ដែលរាំបញ្ចេញកាយពិការ ប៉ុន្តែបង្ហាញអារម្មណ៍ពីខាងក្នុងមក ធ្វើឱ្យកញ្ញាយល់យ៉ាងច្បាស់ថាចង់បានអត្ថន័យបែបណា រហូតធ្វើឱ្យកញ្ញារំជួលចិត្តស្រក់ទឹកភ្នែក។ និស្សិតពេទ្យរូបនេះ ក៏ចង់ឱ្យមានវេទិកានេះកើតឡើងបន្តទៀតផងដែរ។

អ្នកចូលរួមមួយរូបទៀត កញ្ញា យ៉ាន កន្និថា ដែលជានិស្សិតឆ្នាំទី៣ ជំនាញវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រាប់ថា ខ្លួនពិតជាមានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមកម្មវិធីនេះ ព្រោះខ្លួនទទួលបានពាក្យលើកទឹកចិត្តយ៉ាងច្រើនពីវាគ្មិនកិត្តិយស។ ក្រោយពីបានចូលរួមកម្មវិធីនេះរួច ធ្វើឱ្យកញ្ញារកឃើញខ្លួនឯង ស្គាល់ខ្លួនឯងកាន់តែច្បាស់ និងហ៊ានទទួលស្គាល់ខ្លួនឯង។ មួយវិញទៀត គឺការប្រឈមមុខ និងជម្នះឧបសគ្គសចំពោះមុខ។ កញ្ញា យ៉ាន កន្និថា សង្ឃឹមថា ទៅថ្ងៃមុខនឹងមានវេទិកាចែករំលែកបែបនេះដល់ប្រជាជនទូទាំងប្រទេស ដើម្បីឱ្យពួកគេបានទទួលបទពិសោធល្អៗ សម្រាប់រៀបចំជីវិតរបស់ខ្លួនបានល្អប្រសើរ។

សូមជម្រាបថា កម្មវិធី “WE Light Up Talk” ទទួលបានការគាំទ្រពី USAID ក្រោមគម្រោងសហគ្រិននារីសកម្ម WE Act នៃអង្គការផេកកម្ពុជា សហការជាមួយអង្គការជាដៃគូ ព្រមទាំងមានការចូលរួមពីសំណាក់ក្រុមហ៊ុនឯកជននានា។ ក្រៅពីការចែករំលែកបទពិសោធ កម្មវិធីនេះ ក៏បានរៀបចំឱ្យមានរបាំសហសម័យ និងការប្រគុំតន្រ្តីផងដែរ។ ក្រោយពីដំណើរការកម្មវិធីដោយភាពជោគជ័យ ក្រុមយុវទូតដែលរៀបចំកម្មវិធីនេះឡើងក៏រំពឹងថា នឹងមានវេទិកានេះ ក្នុងរដូវកាលទី២ដូចគ្នា ដើម្បីចែករំលែកបទពិសោធល្អៗដល់សាធារណជន៕


ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ