ព័ត៌មានជាតិ
អ្នកសេដ្ឋកិច្ច៖ កំណើននៃការចុះបញ្ជីជាង ១ម៉ឺនសហគ្រាស ផ្តល់ចំណូលពន្ធ និងកំណើនសេដ្ឋកិច្ចជាតិ
ក្រុមហ៊ុនសហគ្រាសថ្មីៗ ចំនួន ១០ ៧០១ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៤០ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើតាមក្រសួងពាណិជ្ជកម្ម។

បើតាមអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា កំណើននៃការចុះបញ្ជីក្រុមហ៊ុន សហគ្រាសគឺជាសញ្ញាល្អនៃដំណើរការសេដ្ឋកិច្ចក្នុងប្រទេស។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា គ្រាន់តែក្រុមហ៊ុនចុះបញ្ជី ក៏រដ្ឋទទួលបានសេវាខ្លះបង់ដោយក្រុមហ៊ុននោះដែរ។ លើសពីនេះទៀត លោកថា នៅពេលដែលក្រុមហ៊ុនដំណើរការអាជីវកម្ម ក្រុមហ៊ុនឬសហគ្រាសទាំងអស់នោះ នឹងជាប់កាតព្វកិច្ចបង់ពន្ធតូច មធ្យម និងពន្ធធំ។ ដូច្នេះរដ្ឋបានទទួលចំណូលបន្ថែមតាមរយៈពន្ធនេះ។ ជាងនេះទៀត នៅពេលដែលក្រុមហ៊ុនដំណើរការអាជីវកម្មបានជោគជ័យ រដ្ឋនឹងទទួលបានចំណូលមួយផ្នែកទៀត គឺចំណូល VAT ឬពន្ធលើប្រាក់ចំណូល ជាដើម។

លោកបណ្ឌិត ហុង វណ្ណៈ បានគូសបញ្ជាក់ទៀតថា ក្រៅពីរដ្ឋទទួលបានពន្ធ ការបង្កើតសហគ្រាស និងក្រុមហ៊ុនជាង ១ម៉ឺននេះ ក៏បានរួមចំណែកផ្តល់ការងារដល់ពលរដ្ឋខ្មែរជាច្រើន ឱ្យទទួលបានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ជីវភាព នាំឱ្យចរន្តសេដ្ឋកិច្ចក្នុងប្រទេសមានដំណើរការល្អ។ ជាមួយគ្នានេះ សម្រាប់បុគ្គលិកក្រុមហ៊ុនដែលមានប្រាក់ខែច្រើន ជាប់កាតព្វកិច្ចពន្ធ នោះរដ្ឋនឹងទទួលបានចំណូលពីពន្ធលើប្រាក់ខែបុគ្គលិកនេះបន្ថែមទៀត។
បើតាមលោក វណ្ណៈ ចំណូលទាំងអស់នេះ នឹងជួយឱ្យជាតិយកទៅចំណាយលើសេវាសាធារណៈ ក្នុងការពង្រឹងពង្រីកអភិវឌ្ឍប្រទេស និងមានលទ្ធភាពសន្សំថវិកាសម្រាប់បង្ការហានិភ័យផ្សេងៗ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មើលឃើញថា ការចុះបញ្ជីមានការកើនឡើងនេះ គឺជាសញ្ញាវិជ្ជមាន ក្រោយពីរាជរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ-១៩បានល្អ និងបើកប្រទេសឡើងវិញ ដែលដំណើរការគ្រប់វិស័យ ពិសេសការអនុវត្តកិច្ចព្រមព្រៀងសេរីផ្សេងៗ ធ្វើឱ្យក្រុមហ៊ុនជាច្រើនចាប់យកប្រទេសកម្ពុជា ជាគោលដៅសម្រាប់វិនិយោគ តាមរយៈក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ជាដើម ពោលគឺមានការកើនឡើងនៃការស្នើសុំចុះបញ្ជីជាបន្តបន្ទាប់។ លោកឧកញ៉ា លឹម ហេង កត់សម្គាល់ថា ការកើនឡើងនៃការចុះបញ្ជីក្រុមហ៊ុននេះ នឹងជំរុញកំណើនសេដ្ឋកិច្ចកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៣នេះ និងឆ្នាំបន្តបន្ទាប់ទៀត។

ទន្ទឹមនឹងការចុះបញ្ជីក្រុមហ៊ុនសហគ្រាសថ្មីៗនេះ របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថា មានករណីស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មចំនួន ៨៨៨ ក្រុមហ៊ុន ស្មើនឹង ៣៨ភាគរយធៀបនឹងឆ្នាំ ២០២១ មានចំនួន ៦៤៣ក្រុមហ៊ុន។ ដោយឡែកករណីស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណតាមប្រព័ន្ធអេឡិចត្រូនិក មានជាង ៦ពាន់ ក្រុមហ៊ុន។ ជាមួយគ្នានេះ ក្រុមហ៊ុនស្នើសុំបម្រុងទុកនាមករណ៍ មានជាង ១៣ ០០០ ក្រុមហ៊ុនផងដែរ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្មលើការចុះបញ្ជីពាណិជ្ជកម្ម ដោយការអភិវឌ្ឍប្រព័ន្ធផ្តល់លិខិតអនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីតភ្ជាប់ក្នុងប្រព័ន្ធចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាដំណាក់កាលទី៣ និងកំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ។

លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម បានធ្វើទំនើបកម្មនៃការចុះបញ្ជីម៉ាកជំនាន់ទី៤ អាយប៉ះហ្វ ដោយធ្វើសមាហរ័ណកម្ម និងការគ្រប់គ្រងទិន្នន័យម៉ាកនៅក្នុង Cloud ។ ជាមួយគ្នានេះ លោកថា អគ្គនាយកដ្ឋាន បានខិតខំកសាងច្បាប់ និងលិខិតបទដ្ឋាននានា ដោយបានបញ្ចប់ជាស្ថាពរ និងបានដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិសោធនកម្មច្បាប់វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ព្រមទាំងវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មផងដែរ៕



-
សន្តិសុខសង្គម១៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?