ព័ត៌មានជាតិ
មកដឹងពីលេខាធិការដ្ឋានអាស៊ាន និងកិច្ចការដែលត្រូវធ្វើ
លេខាធិការដ្ឋានអាស៊ាន មានទីតាំងស្ថិតនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ លេខាធិការដ្ឋាននេះ មានអគ្គលេខាធិការអាស៊ាន១រូប មានអាណត្តិរយៈពេល៥ឆ្នាំ មិនអាចបន្តអាណត្តិបានឡើយ។ អគ្គលេខាធិការអាស៊ាននៅអាណត្តិនេះ គឺលោក កៅ គឹមហួន ដែលជាអតីតមន្រ្តីជាន់ខ្ពស់មួយរូបនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។

ផ្អែកតាមមាត្រា១១ នៃធម្មនុញ្ញអាស៊ាន អគ្គលេខាធិការអាស៊ាន ត្រូវបានជ្រើសតាំងតាមរយៈកិច្ចប្រជុំកំពូលអាស៊ាន ហើយត្រូវប្តូរវេនគ្នាទៅតាមអក្ខរក្រមនៃឈ្មោះរបស់ប្រទេសជាភាសាអង់គ្លេស ដូចជា B-ព្រុយណេដារូសាឡឹម C-កម្ពុជា I-ឥណ្ឌូនេស៉ី L-ឡាវ Ma-ម៉ាឡេស៉ី My-មីយ៉ាន់ម៉ា P-ហ្វីលីពីន S-សិង្ហបុរី T-ថៃ V-វៀតណាម។ ការតែងតាំងអគ្គលេខាធិការអាស៊ាន គឺគិតគូរពីសុចរិតភាព សមត្ថភាព វិជ្ជាជីវៈ បទពិសោធការងារ និងសមភាពយេនឌ័រ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ លោក កៅ គឹមហួន បានចូលកាន់តំណែងជាផ្លូវការ ជាអគ្គលេខាធិការអាស៊ានទី១៥ នៅទីក្រុងហ្សាកាតាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។ លោក កៅ គឹមហួន ជាជនជាតិខ្មែរទី១ ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។ លោក កៅ គឹមហួន ត្រូវបានតែងតាំងជាអគ្គលេខាធិការអាស៊ាន បន្ទាប់ពីលោក លឹម ចុកហ៊ុយ ជាជនជាតិព្រុយណេ បានផុតអាណត្តិនៅចុងឆ្នាំ២០២២។

អគ្គលេខាធិការអាស៊ាន គឺមានតួនាទីសម្របសម្រួលការអនុវត្តគម្រោង និងសកម្មភាពផ្សេងៗរបស់អាស៊ាន មានដូចជា ត្រូវអនុវត្តភារកិច្ច និងមានទំនួលខុសត្រូវខ្ពស់ស្របតាមបទប្បញ្ញត្តិនៃធមនុញ្ញអាស៊ាន ព្រមទាំង សម្របសម្រួល និងតាមដានវឌ្ឍនភាពក្នុងការអនុវត្តកិច្ចព្រមព្រៀង និងសេចក្តីសម្រេចរបស់អាស៊ាន និងបញ្ជូនរបាយការណ៍ប្រចាំឆ្នាំស្តីពីការងាររបស់អាស៊ានទៅកិច្ចប្រជុំកំពូលអាស៊ាន។
អគ្គលេខាធិការអាស៊ាន ត្រូវចូលរួម និងសម្របសម្រួលរាល់កិច្ចប្រជុំផ្សេងៗពាក់ព័ន្ធនឹងបញ្ហានានារបស់អាស៊ាន និងចូលរួមជាមួយភាគីខាងក្រៅ ដើម្បីបង្ហាញពីទស្សនៈរបស់អាស៊ាន ស្របតាមគោលការណ៍ណែនាំ។ អគ្គលេខាធិការអាស៊ាន ក៏អាចផ្តល់អនុសាសន៍ណែនាំលើការតែងតាំង និងបញ្ចប់អគ្គលេខាធិការរងអាស៊ានថែមទៀតផង។
សម្រាប់អគ្គលេខាធិការរងអាស៊ានវិញ គឺមាន៤រូប ដែលពួកគេត្រូវមានសញ្ជាតិផ្សេងគ្នាពីអគ្គលេខាធិការ។ ក្នុងនោះ អគ្គលេខាធិការរងចំនួន២រូប នឹងបម្រើការរយៈពេល៣ឆ្នាំ មិនអាចបន្តអាណត្តិរបស់ខ្លួនបន្តបានឡើយ។ ពួកគេ ត្រូវជ្រើសរើសតែងតាំងដោយសមាជិកអាស៊ាន គិតទៅលើបទពិសោធការងារ សុចរិតភាព សមត្ថភាព និងសមភាពយែនឌ័រ។ រីឯ អគ្គលេខាធិការរង២រូបទៀត អាចបម្រើការងាររបស់ខ្លួនរយៈពេល៣ឆ្នាំ ហើយអាចបន្តអាណត្តិបាន៣ឆ្នាំទៀត។ ពួកគេ ត្រូវតែងតាំងដោយបើកចំហរ ផ្អែកលើសមត្ថភាព។ អគ្គលេខាធិការរងទាំង៤រូប ត្រូវមកពីប្រទេសជាសមាជិកអាស៊ាន៤ផ្សេងគ្នា ហើយត្រូវជួយអគ្គលេខាធិការអាស៊ានក្នុងការបំពេញកាតព្វកិច្ចផ្សេងៗ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?