ព័ត៌មានជាតិ
ក្រុមហ៊ុន Smart Axiata តែងតាំងនាយកប្រតិបត្តិថ្មី
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានផ្តល់ការជូនដំណឹងអំពីការតែងតាំងលោក ហ្សែដស្យាតារា (Ziad Shatara) ជានាយកប្រតិបត្តិថ្មីប្រចាំក្រុមហ៊ុន។
លោក ហ្សែដ ស្សាតារា នឹងបន្តតំណែងពី លោក Feiruz Ikhwan ដែលបានកាន់តួនាទីជានាយកប្រតិបត្តិស្ដីទីរបស់ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទមួយនេះតាំងពីឆ្នាំ ២០២១ បន្ទាប់ពីលោកបានកាន់តំណែងជានាយកផ្នែកហិរញ្ញវត្ថុ (CFO) នៅក្នុងឆ្នាំ ២០១៨ កន្លងមក។
លោក ហ្សែដ មានបទពិសោធន៍ និងស្នាដៃជាច្រើនក្នុងវិស័យទូរគមនាគមន៍ ដោយរូបលោកបានកាន់តំណែងខ្ពស់ៗក្នុងការគ្រប់គ្រងកិច្ចការងារប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសជាច្រើន រួមមាន ប្រទេសហ្សកដានី បង់ក្លាដែស និងអ៊ីតាលីផងដែរ។ ថ្មីៗកន្លងមកនេះ លោក ហ្សែដ បានបម្រើការងារជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Umniah Mobile Co. ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងប្រទេសហ្សកដានី។ បន្ថែមពីបទពិសោធន៍ និងស្នាដៃដ៏ឆ្នើមរបស់លោកក្នុងការចាប់ផ្ដើមដំណើរការ និងពង្រីកប្រតិបត្តិការអាជីវកម្មទូរគមនាគមន៍ លោក ហ្សែដ ក៏មានជំនាញខ្ពស់ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ការបម្រើសេវាកម្មដល់អតិថិជន និងប្រតិបត្តិការលក់រាយផងដែរ។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិក ក៏ដូចជា បរិញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យបច្ចេកវិទ្យា និងសេដ្ឋកិច្ច Budapest ផងដែរ។
លោកបណ្ឌិត Tan Sri Halim Shafie ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Smart Axiata បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការតែងតាំងតំណែងរបស់លោក ហ្សែដ ស្សាតារា។ លោកបានលើកឡើងថា “ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Smart Axiata ពិតជាមានកិត្តិយសក្នុងការតែងតាំងលោក ហ្សែដ ដែលជាបុគ្គលប្រកបដោយទេពកោសល្យខ្ពស់ក្នុងការដឹកនាំឈានមុខគេក្នុងវិស័យទូរគមនាគមន៍ ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Smart Axiata”។
លោកបណ្ឌិត Hans Wijayasuriya នាយកប្រតិបត្តិស្ដីទី នៃក្រុមហ៊ុនវិនិយោគ Axiata Group និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនទូរគមនាគមន៍ Pan-Asian Telecommunication Business បានសម្ដែងពីមតិយល់ស្រប ដូចគ្នាទៅនឹងលោក Tan SriHalim ក៏ដូចជាចូលរួមអបអរសាទរចំពោះការតែងតាំងនេះផងដែរ។ លោកបានមានប្រសាសន៍ថា “យើងពិតជាទន្ទឹងរង់ចាំនូវការរីកចម្រើនដំណាក់កាលបន្ទាប់របស់ក្រុមហ៊ុន Smart Axiata ក្រោមការដឹកនាំរបស់លោក ហ្សែដ ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។ ក្រុមការងារនៅSmart Axiata ជាបុគ្គលិកដែលប្រកបដោយទេពកោសល្យខ្ពស់ ហើយជាការពិតណាស់ លោក ហ្សែដ នឹងនាំមកនូវបទពិសោធន៍ឆ្នើមជាច្រើនឆ្នាំនៅក្នុងវិស័យមួយនេះ ដើម្បីបន្តធានានូវការលូតលាស់រីកចម្រើនរបស់ក្រុមហ៊ុន ក៏ដូចជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ដែលជាស្នាដៃបន្សល់ទុករបស់អ្នកដឹកនាំមុនៗ រួមមាន លោក Feiruz Ikhwan និងលោក Thomas Hundt ដែលបានកាន់តំណែងជានាយកប្រតិបត្តិចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០២១ មុនពេលដែលលោក ត្រូវបានតែងតាំងតំណែងជានាយកផ្នែកបច្ចេកវិទ្យា និងយុទ្ធសាស្ត្រនៅក្រុមហ៊ុន Axiata Group ក្នុងឆ្នាំ ២០២១ ផងដែរ”។
បន្ទាប់ពីកាន់តួនាទីថ្មីនៅក្នុងប្រទេសកម្ពុជា លោក ហ្សែដ បានបង្ហាញពីសេចក្ដីសោមនស្សរីករាយក្នុងការទទួលបានឱកាស ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាននៅកម្ពុជា “ខ្ញុំពិតជាមានភាពរីករាយ និងមានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមបម្រើការងារជាមួយក្រុមហ៊ុន Smart Axiata។ ថ្នាក់ដឹកនាំមុន និងក្រុមការងារ បានកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ក្រុមហ៊ុន Smart ដែលពួកគាត់បានធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងទីផ្សារកម្ពុជាពោរពេញដោយមោទនភាពក្នុងការបម្រើការអតិថិជនជាង ៧ លាន ៥ សែននាក់ ជាមួយនឹងផលិតផល និងសេវាកម្មឌីជីថលជាច្រើន។ ខ្ញុំពិតជារំភើបក្នុងការទទួលបាននូវឱកាសមួយនេះ ដើម្បីដឹកនាំក្រុមការងារដ៏ឆ្នើមឲ្យឆ្ពោះទៅកាន់ភាពរីកចម្រើនដំណាក់កាលបន្ទាប់ នៃការវិវត្តរបស់ក្រុមហ៊ុន Smart Axiata ដើម្បីបំពេញនូវតួនាទីរបស់យើងក្នុងការកសាងសង្គមឌីជីថលនៅកម្ពុជា ក៏ដូចជាបន្តបំពេញនូវតម្រូវការរបស់អតិថិជនជាមួយនឹងគុណភាពសេវាកម្មល្អបំផុតគួរជាទីគាប់ចិត្តផងដែរ”។
លោកបណ្ឌិតTan Sri Halim Shafie ក៏បានសម្ដែងពីការស្ងើចសរសើរចំពោះកិច្ចខំប្រឹងប្រែងរបស់អតីតនាយកប្រតិបត្តិស្ដីទី នៃក្រុមហ៊ុនមួយនេះផងដែរ “តំណាងឲ្យក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Smart Axiata ក៏ដូចជាក្រុមការងារទាំងមូលខ្ញុំចង់ឆ្លៀតឱកាសនេះដើម្បីសម្ដែងនូវការថ្លែងអំណរគុណដល់លោក Feiruz ចំពោះសមិទ្ធផល និងការរួមចំណែកដ៏ធំធេងរបស់លោកក្នុងការដឹកនាំក្រុមហ៊ុនមួយនេះឲ្យឆ្ពោះទៅរកសក្ដានុពល និងភាពរីកចម្រើន ស្របពេលដែលឧស្សាហកម្មកំពុងតែវិវត្តខ្លួន រួមទាំងការបណ្ដុះបណ្ដាលទេពកោសល្យជំនាន់ក្រោយផងដែរ។ លោកបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងជោគជ័យរបស់ Smart Axiata ក៏ដូចជាកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការចាប់យកឱកាសថ្មីៗនាពេលខាងមុខ។ យើងសូមជូនពរឲ្យគាត់ទទួលបានជោគជ័យក្នុងការងារបន្ទាប់ដែលលោកត្រូវបានតែងតាំងក្នុងតួនាទីជាន់ខ្ពស់មួយនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ Axiata Group”។
ក្រុមហ៊ុន Smart Axiata Co., Ltd. បច្ចុប្បន្នកំពុងបម្រើអតិថិជនចំនួន ៧ លាន ៥ សែននាក់ នៅក្នុងប្រទេសកម្ពុជា ហើយបានក្លាយជាប្រតិបត្តិករទូរស័ព្ទចល័តដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវា 4G។ បច្ចេកវិទ្យា 4G LTE របស់ Smart ដែលផ្តល់សេវាអ៊ីនធឺណិតចល័តលឿនបំផុតក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះមានសេវាគ្របដណ្ដប់នៅទូទាំង ២៥ ខេត្ត-ក្រុង។ Smart Axiata គឺជាផ្នែកមួយ នៃក្រុមហ៊ុន Axiata Group Berhad ដែលជាសម្ព័ន្ធក្រុមហ៊ុនវិនិយោគទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីដោយមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ស្រីលង្កា បង់ក្លាដែស កម្ពុជា នេប៉ាល់ មីយ៉ាន់ម៉ា ថៃ និងប៉ាគីស្ថាន និងមានអតិថិជនជាង ១៥០ លាននាក់។
ជាមួយនឹងទស្សនវិស័យក្នុងការក្លាយខ្លួនជា “ជើងឯកឌីជីថលជំនាន់ក្រោយ” ក្រុមហ៊ុន Axiata Group បានពង្រីកកិច្ចប្រតិបត្តិការរបស់ខ្លួន ដោយវិវត្តខ្លួនពីការផ្ដោតសំខាន់ដំបូងទៅលើទូរគមនាគមន៍ចល័តនៅក្នុងតំបន់ ឲ្យទៅជាសម្ព័ន្ធក្រុមហ៊ុន ដែលពង្រឹងការរីកចម្រើន និងការបង្កើតថ្មី ឈរលើសសរស្ដម្ភចំនួន ៣ គឺទូរគមនាគមន៍ឌីជីថល ពាណិជ្ជកម្មឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង