ព័ត៌មានជាតិ
តើមន្ត្រីណាខ្លះជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំម្ដង?
កាលពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អង្គភាពប្រឆាំងអំពើពុករលួយបានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៣។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឲ្យដឹង រយៈពេល៣១ថ្ងៃកន្លងទៅនេះ មន្ត្រីដែលបានប្រកាសទ្រព្យសម្បត្តិ និងបំណុល មានចំនួន២២ ៦៤៥ច្បាប់។

បើតាមប្រភពដដែល បានបញ្ជាក់ថា មន្ត្រីនៃក្រសួង-ស្ថាប័នចំនួន៣៥ និងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ របស់កម្ពុជាបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ទាន់ពេលវេលាប្រកបដោយភាពជោគជ័យ និងមិនមានមន្ត្រីណាគេចវេសពីកាតព្វកិច្ចនេះឡើយ។
មាត្រា១៧ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានកំណត់ថា សមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមមាន៖ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ប្រធាន អនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
បន្ថែមពីនេះ មានមន្រ្តីរាជការស៊ីវិល មន្ត្រីយោធា នគរបាលជាតិ មន្ត្រីរាជការសាធារណៈដែលតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ និងមន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាសហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។ ដោយឡែក ថ្នាក់ដឹកនាំសង្គមស៊ីវិល រួមទាំងមន្ត្រីតុលាការ ជាអាទិ៍ ចៅក្រម អយ្យការ សាការី ក្រឡាបញ្ជី និងអាជ្ញាសាលា ជាដើម ក៏ជាប់កាតព្វកិច្ចប្រកាសប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះដែរ។

នៅពេលចូលកាន់មុខតំណែង និងនៅពេលចេញពីមុខតំណែងបុគ្គលខាងលើទាំងនេះត្រូវតែប្រកាសទ្រព្យសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិច បើទោះបីជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តី រួមទាំងបំណុលផង ដោយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាមីខ្លួនផ្ទាល់។
ពាក់ព័ន្ធនឹងកាតព្វកិច្ចនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះដែរ ចំពោះករណីបុគ្គលផ្សេងទៀតដែលមិនមានឈ្មោះត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ប៉ុន្តែបុគ្គលនោះសង្ស័យថាមានជាប់ពាក់ព័ន្ធអំពើពុករលួយ ក៏តម្រូវឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនផងដែរ បន្ទាប់ពីមានការស៊ើបអង្កេត និងទទួលសេចក្ដីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

ដោយឡែកការរក្សាទុកសំណុំឯកសារនៃអ្នកបានប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺអង្គភាពប្រឆាំងអំពើពុករលួយត្រូវទុកជាការសម្ងាត់ខ្ពស់បំផុត និងធ្វើជាទម្រង់អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតដាក់ក្នុងស្រោមសំបុត្រដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ។ នៅលើមាត់ស្រោមសំបុត្រដែលបិទជិតត្រូវប្រថាប់ត្រា និងមានចុះហត្ថលេខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាង ព្រមទាំងមានផ្ដិតម្រាមដៃសាមីខ្លួន។
ក្នុងករណីចាំបាច់នៃការស៊ើបអង្កេតពាក់ព័ន្ធនឹងភាពមិនប្រក្រតី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយអាចធ្វើការសម្រេចបើកស្រោមសំបុត្រ ឬបើកមើលឯកសារអេឡិចត្រូនិកនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុលបាន។ នីតិវិធីក្នុងការបើកស្រោមសំបុត្រ ឬបើកមើលឯកសារអេឡិចត្រូនិកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវកំណត់ដោយសេចក្ដីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕
ដោយ៖ ធឿន វ៉ាន់សុង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ