ព័ត៌មានជាតិ
ផុតថ្ងៃទី ៦ កុម្ភៈ រដ្ឋបាលខេត្តកោះកុង នឹងមានវិធានការចំពោះម្ចាស់ខ្ទម ៧៣ កន្លែង ដែលលួចសង់លើដីរដ្ឋ
រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី ២ ខែកុម្ភៈ បានជូនដំណឹងដល់ពលរដ្ឋម្ចាស់ខ្ទមបែបអនាធិបតេយ្យ ចំនួន ៧៣ ខ្ទម ដែលលួចសង់លើដីរដ្ឋ និងដីក្រុមហ៊ុនឯកជនខុសច្បាប់ ដោយតម្រូវឲ្យរុះរើចេញជាបន្ទាន់ត្រឹមថ្ងៃទី ៦ ខែកុម្ភៈខាងមុខ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លើកឡើងថា អាជ្ញាធរស្រុកកោះកុង ឃុំជ្រោយប្រស់ និងឃុំត្រពាំងរូង ធ្លាប់ចុះណែនាំឲ្យមានការរុះរើជាច្រើនលើកច្រើនសាមកហើយ តែពលរដ្ឋម្ចាស់ខ្ទមមិនអនុវត្តតាមការណែនាំនោះទេ។ ដូច្នេះទើបរដ្ឋបាលខេត្ត និងមន្ទីរជំនាញ តម្រូវឲ្យរុះរើជាបន្ទាន់ដោយខ្លួនឯង ពុំដូច្នេះនឹងរងទោសទណ្ឌតាមច្បាប់ហើយ។
បើតាមលោកអភិបាលរងខេត្ត ខ្ទមប្រមាណជា ៧៣ ខ្ទម សង់លើដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប ធ្វើឡើងតាមការញុះញង់របស់ក្រុមដឹកនាំច្បាស់លាស់ដែលចង់បានដីធ្លីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ ភាគច្រើនពួកគាត់មានទីលំនៅនៅឃុំត្រពាំងរូង ឃុំព្រែកខ្សាច់ និងខេត្តកំពង់ចាម ជាដើម។
ទោះយ៉ាងណា លោក សុខ សុទ្ធី ប្រជាពលរដ្ឋដែលទន្ទ្រានកាន់កាប់ដីរដ្ឋ និងដីក្រុមហ៊ុនហ្គ្រីនរិចគ្រុប រុះរើដោយខ្លួនឯង និងចាកចេញពីដីរដ្ឋ ត្រឹមថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ជាកំហិត។ ហើយរដ្ឋបាលខេត្ត នឹងចុះអនុវត្តវិធានរដ្ឋបាលរុះរើ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៣ និងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់ខ្ទមទាំងនោះដោយគ្មានការលើកលែង។
ខ្ទមដែលសង់លើដីរដ្ឋមួយភាគធំជាដីដែលត្រូវបានកាត់ឆ្វៀលពីរាជរដ្ឋាភិបាលប្រគល់មកឲ្យរដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង និងមួយផ្នែកទៀតជាដីក្រសួងកសិកម្ម ផ្ដល់កិច្ចសន្យាជួលរយៈពេលវែងជាមួយក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ទទួលសិទ្ធិវិនិយោគកន្លងមក។
លោក ជា សូវី អភិបាលស្រុកកោះកុង មិនទាន់អាចសុំការបកស្រាយបន្ថែមបានទេជុំវិញករណីខាងលើនេះ ដោយលោកមិនលើកទូរស័ព្ទនិយាយតបឆ្លើយជាមួយអ្នកសារព័ត៌មាន។
គួរជម្រាបថា ការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ការទន្ទ្រានកាន់កាប់ដីរដ្ឋ គឺជាទង្វើខុសច្បាប់។ យោងតាមច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រង់មាត្រា ៨១ ចែងថា ៖ រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា ៧១ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ដល់ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ដល់ ១០ ០០០ ០០០ (ដប់លាន) រៀល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក