ព័ត៌មានជាតិ
បញ្ចប់បរិញ្ញាបត្រ យុវតីម្នាក់សុខចិត្តចោលការងារទីក្រុងទៅជួយសហគមន៍តំបន់ដាច់ស្រយាល
សហគមន៍អេកូទេសចរណ៍ ជី ផាត នាខេត្តកោះកុង បានទាក់ទាញបេះដូងនិស្សិតស្រីម្នាក់ឱ្យទៅបម្រើការងារនៅទីនោះ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទេសចរណ៍ នៅរាជធានីភ្នំពេញ។

កញ្ញា ព្រាប សុមាវត្តី បានឱ្យ«កម្ពុជាថ្មី» ដឹងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា កញ្ញាមានស្រុកកំណើតនៅខេត្តកំពង់ចាម និងបានបញ្ចប់ការសិក្សាជំនាញទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ ២០២២។ ថ្មីៗនេះកញ្ញាបានស្ម័គ្រទៅបម្រើការងារនៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត (CBET Booking Coordinator) ក្នុងតួនាទីជាអ្នកសម្របសម្រួលការកក់ពីភ្ញៀវជាតិ និងអន្តរជាតិក្នុងសហគមន៍អេកូទេសចរណ៍។
មុនពេលទៅបម្រើការងារនៅតំបន់ដាច់ស្រយាលឆ្ងាយពីគ្រួសារ កញ្ញាធ្លាប់បានធ្វើការតាំងពីកំឡុងឆ្នាំ ២០១៨ ក្នុងហាងកាហ្វេមួយកន្លែងនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានតួនាទីជា Barista & Service។

ច្បាស់ណាស់ អាចមានមនុស្សមួយចំនួនពិតជាឆ្ងល់ហើយថា កញ្ញា ព្រាប សុមាវត្តី រៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ តែហេតុអ្វីបានជាកញ្ញាបោះបង់ការងារនៅក្នុងទីក្រុង ហើយសម្រេចចិត្តទៅបំពេញការងារនៅតំបន់ជីផាត ដែលអាចនិយាយបានថា ជាតំបន់មួយដែលដាច់ស្រយាលមួយទៅវិញ។
បើតាមការគូសបញ្ជាក់របស់កញ្ញា ព្រាប សុមាវត្តី «មូលហេតុដែលខ្ញុំបានសម្រេចចិត្ត មកធ្វើការនៅតំបន់ទេសចរណ៍ជីផាតនេះ ពីព្រោះខ្ញុំចូលចិត្តធម្មជាតិ ព្រៃឈើ នឹងសត្វព្រៃ ហើយអ្វីដែលកាន់តែពិសេស បានធ្វើការជាមួយប្រជាជន អាចជួយអភិវឌ្ឍន៍ដល់សហគមន៍»។
កញ្ញាបន្តថា «ម្យ៉ាងវិញទៀត ខ្ញុំចង់ជួយផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឱ្យជួយលើកស្ទួយវិស័យទេសចរណ៍ ក្នុងស្រុកពិសេសនៅតំបន់អេកូទេសចរណ៍បែបសហគមន៍ មួយនេះតែម្តង»។

កញ្ញា សុមាវត្តី បានបន្ថែមថា បើទោះបីជាតំបន់ទេសចរណ៍ជីផាត ដាច់ស្រយាលក៏ពិតមែន ប៉ុន្តែការងារមួយនេះ ជាការងារដែលកញ្ញាស្រលាញ់និងពេញចិត្ត ដូច្នេះកញ្ញានឹងមិនបោះបង់ចោលនោះទេ។ អ្វីដែលអាចធ្វើបាន កញ្ញានឹងជួយលើកស្ទួយផ្សព្វផ្សាយសហគមន៍មួយនេះ ឱ្យមានភាពរីកចម្រើនតាមរយៈភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលមកទស្សនា។
ទន្ទឹមនេះ កញ្ញា ព្រាប សុមាវត្តី ក៏បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួនដែលកញ្ញាបានជួបប្រទះ កំឡុងពេលមកបំពេញការងារនៅទីនេះ ប្រមាណជា ៣ចំណុចដូចខាងក្រោម៖
- ដោយហេតុថា កញ្ញាបានមករស់នៅក្នុងទឹកដីខេត្តកោះកុង តែម្នាក់ឯង ដែលជាទឹកដីថ្មី ដូច្នេះ មិនអាចដឹងថា មានមនុស្សប៉ុន្មាននាក់ដែលស្អប់ ឬស្រលាញ់ទេ ប៉ុន្តែអ្វីដែលកញ្ញាអាចធ្វើបាន គឺបង្កើតទំនាក់ទំនងឱ្យបានច្រើន ធ្វើល្អទៅកាន់អ្នកដទៃ
- បញ្ហាមួយទៀត ច្បាស់ណាស់ថាមនុស្សមួយចំនួនបានដឹងថា ជីផាត ជាតំបន់ដាច់ស្រយាល ដូច្នេះវាពិបាកនៅក្នុងការធ្វើដំណើរទៅមក (ផ្លូវស្ងាត់ហើយទៅណាមកណាម្នាក់ឯង)
- ចុងក្រោយ គឺពិបាកនៅក្នុងការស្វែងរកទិញទំនិញក៏ដូចជារបស់របបផ្សេងៗ តម្រូវការផ្ទាល់ខ្លួនមួយចំនួន ព្រោះវាជាតំបន់ដាច់ស្រយាល។

កញ្ញា ព្រាប សុមាវត្តី ក៏រៀបរាប់ឱ្យដឹងខ្លះៗផងដែរ ពីតំបន់ទាក់ទាញពាក់ព័ន្ធសហគមន៍អេកូទេសចរណ៍ជីផាត គឺភ្ញៀវទេសចរ អាចដើរលេងកម្សាន្តក្នុងព្រៃ មើលសត្វព្រៃ ទឹកធ្លាក់ ទឹកឆាយ។ លើសពីនេះ ក៏នៅមានវត្ថុបុរាណដូចជា ពាងបុរាណ ផ្នូរបុរាណ។ ជាងនេះទៀត ភ្ញៀវទេសចរជាតិនិងអន្តរជាតិ អាចធ្វើសកម្មភាពជាមួយប្រជាពលរដ្ឋដូចជាការស្នាក់នៅជាលក្ខណៈផ្ទះស្នាក់ អាចរៀនសូត្រពីរបៀបរស់នៅពលរដ្ឋមូលដ្ឋាន អាចញាំអាហារនិងចំអិនអាហារជាមួយប្រជាជន ជាមួយគ្នានេះ ក៏អាចចូលរួមផ្សារភ្ជាប់ជាមួយពលរដ្ឋក្នុងភូមិផងដែរ។
ក្រៅពីនេះភ្ញៀវទេសចរអាចជិះទូកមើលថ្ងៃរះ ថ្ងៃលិច ជិះកាយាក់ ជិះទូកមើលអំពិលអំពែកពេលរាត្រី ជិះទូកចាក់បង្កងពេលយប់ ការបោះតង់តាមមាត់ព្រែកជាដើម។

ជាចុងក្រោយនេះ កញ្ញា ព្រាប សុមាវត្តី ក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាចូលរួមគ្រប់សហគមន៍ទាំងអស់នៅក្នុងប្រទេស ដើម្បីជួយលើកស្ទួយ និងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងស្រុកឱ្យកាន់តែមានភាពរីកចម្រើន៕

ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ