ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ៖ “ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ”
បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់សង្គមជាតិ, ធនធានមនុស្ស គឺជាមូលធនដ៏សំខាន់របស់សហគ្រាស គ្រឹះស្ថាននីមួយៗ ក្នុងការសម្រេចឱ្យបាននូវដំណើរការអាជីវកម្មប្រកបដោយផលិតភាពនិងចីរភាព។

ការលើកឡើងនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីបើក “វេទិកាធនធានមនុស្ស ឆ្នាំ២០២៣” នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលរៀបចំឡើងរបស់យូរ៉ូឆេម កម្ពុជា (EUROCham Cambodia) និង សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលជាតំណាងនិយោជកនៅកម្ពុជាដ៏មានសក្តានុពល ក្នុងការចូលរួមអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ធ្វើឡើងនៅសណ្ឋាគាររ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់។ នេះបើតាម គេហទំព័រ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលនេះ។

បណ្ឌិត អ៉ិត សំហេង អះអាងថា ការយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស ជាកត្តាជោគជ័យគន្លឹះរបស់សហគ្រាស គ្រឹះស្ថាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាកត្តាអាទិភាពនៅក្នុងយុទ្ធសាស្រ្តចតុកោណគ្រប់ដំណាក់កាល។ ការអភិវឌ្ឍធនធានមនុស្សបានក្លាយជាអាទិភាពទី១ នៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣និងទី៤ សំដៅលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការច្នៃប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ មនសិការស្នេហាជាតិ និងស្មារតីទទួលខុសត្រូវ, សុខភាពល្អនិងកាយសម្បទារឹងមាំ, តួនាទីស្ត្រី និង កិច្ចគាំពារសង្គម។

លោករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា សម្តេចតេជោ ពិតជារីករាយនៅពេលបានឃើញពីវឌ្ឍនភាពលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ប៉ុន្តែ “ធនធានមនុស្សនៅកម្ពុជា មានកម្លាំងពលកម្មច្រើន តែចំណេះជំនាញបំពេញសេចក្តីត្រូវការរបស់ក្រុមហ៊ុននៅមានកម្រិត”។ ឆ្លើយតបទៅចន្លោះខ្វះខាតទាំងនេះ ក្រសួងការងារបាន និងកំពុងចូលរួមយ៉ាងសកម្ម តាមរយៈការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការអនុវត្តគោលនយោបាយតម្រង់ទិសការងារ និងវិជ្ជាជីវៈសកម្ម ដែលជាមូលដ្ឋានគ្រឹះក្នុងការផលិត និងប្រែក្លាយនូវកម្លាំងពលកម្មជំនាញ និយោជិតប្រកបដោយសមត្ថភាពច្បាស់លាស់។ ថ្មីៗកន្លងទៅនេះ សម្តេចតេជោ ក៏បានដាក់ចេញនូវទិសដៅក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនក្នុងគ្រួសារក្រីក្របានរៀនជំនាញវិជ្ជាជីវះគ្រប់មុខជំនាញ ប្រមាណ ១,៥ លាននាក់ ព្រមទាំងទទួលបាននូវការឧបត្ថម្ភជាប្រាក់ក្នុងពេលកំពុងទទួលវគ្គបណ្តុះបណ្តាលទៀតផង ដើម្បីធ្វើយ៉ាងណាឱ្យកម្លាំងពលកម្មមានជំនាញគ្រប់ផ្នែក និងគ្រប់កម្រិតឆ្លើយតបទៅ និងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សទាំងសេដ្ឋកិច្ច និងបច្ចេកវិទ្យា។

លោករដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិជាក់លាក់មួយ ដើម្បីធ្វើការអភិវឌ្ឍមូលធនមនុស្សដែលជាធនធានជន្ទល់គាំទ្រឱ្យការរីកចំរើននៃសង្គមសេដ្ឋកិច្ចជាតិក្នុងរយៈពេលខ្លី មធ្យម និងវែង ដោយ ១. ជំរុញឱ្យប្រជាពលរដ្ឋមានការងារសមរម្យនិងកម្រិតជីវភាពកាន់តែប្រសើរឡើង ២. លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ៣. បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញឥរិយាបថការងារ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត និង ៤. ធានាថា “ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចំាជីវិត”។

លោករដ្ឋមន្រ្តីបានស្នើសុំឱ្យអង្គពិធី រួមគ្នាបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងគោលបំណងអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម៖ ទី១. លើកទឹកចិត្តគ្រប់និយោជក ចូលរួមលើកកម្ពស់លក្ខខណ្ឌការងារនៅក្នុងវិស័យធុរកិច្ចរបស់ខ្លួន។ ការភ្ជាប់លក្ខខណ្ឌការងារជាមួយនឹងធុរកិច្ចរបស់ខ្លួនគឺជាចំណុចដ៏សំខាន់ មុននឹងឈានដល់ការវិវឌ្ឍខ្លួនទៅជាធុរកិច្ចខ្នាតអន្តរជាតិ។ ទី២. លើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP)៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ