Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន ជំរុញ​ឱ្យ​រួមគ្នា​បញ្ចប់​ជម្លោះ​ដីធ្លី​នៅខេត្តព្រះសីហនុ

បានផុស

នៅ

អភិបាលខេត្តព្រះសីហនុ បានអំពាវនាវដល់​ប្រជាពលរដ្ឋ ​និង​អាជ្ញាធរ ឱ្យ​ចូលរួម​សហការ​ដើម្បី​បិទ​បញ្ចប់​ជាស្ថាពរ នូវករណី​ជម្លោះ​ដីធ្លី​ទូទាំង​ស្រុក ក្រុង។
 
ថ្លែងក្នុងពិធីប្រកាសបិទផ្សាយជា​សាធារណៈ​នូវ​ឯកសារ​ នៃការ​វិនិច្ឆ័យ​ សម្រាប់​ការ​ចុះ​បញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ដើម្បីបិទបញ្ចប់​សង្គ្រាម​ដីធ្លីបាន លុះត្រាតែមានការចូលរួម​សហការ​ ពី​សំណាក់​ប្រជាពលរដ្ឋ កម្លាំង​ប្រ​ដាប់អាវុធគ្រប់ប្រភេទ និង​មន្ត្រី​មូលដ្ឋាន ជា​មួយ​រដ្ឋបាល​ស្រុក ក្រុង ស្ថាប័ន​ជំនាញ និង​រដ្ឋបាល​ខេត្ត​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន ​បាន​ផ្ដាំផ្ញើ​ដល់​សាធារណជន​ដែល​ជាអ្នកកាន់កាប់ដី លំនៅឋាន​ស្ថិតនៅក្នុងតំនប់ធ្វើការ វិនិច្ឆ័យ​ ការ​ចុះបញ្ជីដីធ្លីដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ​ថា ដើម្បីអនុវត្តតាមខ្លឹមសារខាងលើ គណៈកម្មការ​រដ្ឋបាល​ នឹង​ធ្វើការ​បិទផ្សាយ​ជា​សាធារណៈ​ នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​ ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែន​ដី នគរូបនីកម្ម  សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក ។

លោកបានអំពាវនាវដល់​សាធារណជន​ និងអង្គភាពនានា ដែល​ពាក់ព័ន្ធដីធ្លី ក្នុងតំបន់​វិនិច្ឆ័យ​ខាងលើឱ្យ​ចូល​រួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គង​ដែលត្រូវកែតម្រូវ ឬជំទាស់​លើទិន្នន័យទាំងនោះ ក្នុង​រយៈពេល​ ១៥ថ្ងៃ ដោយ​គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្ត​ឧត្តម​មុនី​វង្ស ហើយដល់ថ្ងៃផុតកំណត់ ​គណៈកម្មការ​រដ្ឋបាល​សន្មត​ថា ទិន្នន័យ​ដែលបានបិទផ្សាយជូន​ពិនិត្យ​ជា​សាធារណៈ​នេះមាន ភាពត្រឹមត្រូវហើយ​មិន​អាច​ជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ។

​លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ ​បាន​សំណូមពរដល់​ម្ចាស់ក្បាលដីមួយចំនួនដែល​នៅជាប់ផ្លូវ រឺត្រូវបើកផ្លូវ ឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី  ដោយធ្វើ​សប្បទាន​ រឺ​បរិច្ចាគ​ដី​ផ្នែក​ខ្លះ សម្រាប់​ទុក​ធ្វើ​ផ្លូវ​លូ បណ្ដាញ​ផ្លូវ​រំដោះ​ទឹក ដើម្បី​បម្រើ​ជា​ប្រយោជន៍​រួម​៕

អត្ថបទ ៖ ស៊ុយ ចាន់ធា
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម