ព័ត៌មានជាតិ
អ្នកឆ្អើរត្រីលក់នៅភូមិកណ្ដាលថា ខែមាឃឆ្នាំនេះមិនសម្បូរត្រីដូចឆ្នាំមុន
ស្ត្រីចំណាស់ម្នាក់ជាប្រជាពលរដ្ឋប្រកបមុខរបរឆ្អើរត្រីលក់នៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៥ កើតខែមាឃនេះ បាននិយាយថា រៀងរាល់ឆ្នាំនៅខ្នើតខែមាឃដូចនេះ ត្រីសម្បូរណាស់ ដែលអ្នកស្រុកលើតែងមកនាំគ្នាទិញធ្វើផ្អកប្រហុកគ្រប់ៗគ្នា។ ចំណែកអ្នកស្រុកនៅ ក្នុងភូមិកណ្ដាលវិញក៏មានរាប់សិបខ្នងផ្ទះនាំគ្នាឆ្អើរត្រីលក់ផងដែរ តែផ្ទុយទៅវិញនៅក្នុងខ្នើត ខែមាឃឆ្នាំនេះបែរជាគ្មានត្រីដោយសារតែមេឃភ្លៀងត្រីមិនចុះ។

ស្ត្រីជាម្ចាស់រោងឆ្អើរត្រីបានបន្តថា ពីរ បីថ្ងៃនេះគាត់ទិញត្រីរៀលមួយគីឡូ៦០០០រៀល យកមកជួលឱ្យអ្នកស្រុកដោតជាចង្កាក់ និងជួលរៀបត្រីដាក់ក្នុងបន្ទះ ដើម្បីឆ្អើរត្រូវចំណាយថ្លៃឈ្នួលមួយផ្នែកទៀតបូកនឹងថ្លៃអូសក៏ថ្លៃផងដែរ គឺមួយឡាន ២៨ម៉ឺនរៀល ដែលឆ្នាំមុនមួយឡានថ្លៃតែ២០ម៉ឺនរៀលប៉ុណ្ណោះ ហើយមិនដឹងថាពេលលក់ត្រីឆ្អើរទៅវិញបានចំណេញដែរឬអត់។

ចំណែកប្រជាពលរដ្ឋជាអ្នកស៊ីឈ្នួលដោតត្រីឆ្អើរបានឲ្យដឹងថា ពួកគាត់ស៊ីឈ្នួលដោតត្រីជាចង្កាក់សម្រាប់ឆ្អើរក្នុងមួយចង្កាក់បានថ្លៃឈ្នួល៦០រៀល ដោយក្នុងមួយថ្ងៃគាត់អាចដោតបាន៥០០ ទៅ៦០០ចង្កាក់ បានថ្លៃឈ្នួលពី៥ ទៅ ៦ ម៉ឺនរៀល ។ ឯអ្នករៀបត្រីចូលបន្ទាស់សម្រាប់ឆ្អើរវិញបាននិយាយថា ថ្លៃឈ្នួលរាត្រីក្នុងមួយបន្ទាស់១ពាន់រៀល និងក្នុងមួយថ្ងៃគាត់អាចរៀបត្រីបាន៨០បន្ទះបានកម្រៃ ៨ម៉ឺនរៀល។ ប៉ុន្តែមុខរបរនេះមិនឋិតថេររាល់ថ្ងៃឡើយ ពេលសម្បូរត្រីក៏មានការងារដូចនេះធ្វើតែពេលត្រីអត់ក៏អត់មានការងារនេះធ្វើទេ។ ដូចក្នុងខ្នើតខែមាឃនេះ រោងឆ្អើរដែលមានត្រីសម្រាប់ឆ្អើរលក់ដូចថ្ងៃនេះនៅក្នុងភូមិកណ្ដាលមានតែរោងឆ្អើរពី ៣ ទៅ ៤ រោងតែប៉ុណ្ណោះ ។ តែបើត្រីសម្បូរវិញ គឺមានអ្នកឆ្អើរត្រីរាប់សិបខ្នងផ្ទះឯណោះ។

ដោយឡែកបុរសជាអ្នកនេសាទត្រីម្នាក់ក៏បាននិយាយឲ្យដឹងដែរថា ឆ្នាំនេះលោកទៅដាក់មងនៅទន្លេកោះបាយក្រៀម ឃុំប្រឡាយមាស គឺដាក់មង៥ត្បូង ក្នុងមួយត្បូងមានប្រវែង១០០ម៉ែត្រ ពេលលើកមងម្ដងៗបានត្រីតែ៥ទៅ៦ គីឡូប៉ុណ្ណោះ គឺត្រីមិនសម្បូរសោះ ក្នុងមួយថ្ងៃរកត្រីបានប្រមាណ២០គីឡូយកដោះស្រាយលើកថ្លៃសាំងចាក់កាណូតពេលខ្លះមិនរួចខ្លួនផង។ រឿងនេះទី ១ដោយសារតែអាកាសធាតុ ពេលមេឃមិនស្រឡះមានភ្លៀងត្រីមិនចុះឡើយ។ ទី២គឺនៅតំបន់ខាងលើបឹងទន្លេសាបមានបទល្មើសច្រើនដែលគេដាក់របាំងរាំងស្ទាក់ផ្លូវត្រីចុះមកក្រោមច្រើនជាន់ ធ្វើឲ្យត្រីមិនអាចចុះមកក្រោមបានឡើយ។ ខុសពីឆ្នាំទៅមួយ (ឆ្នាំ២០២០) ដាក់មង១ត្បូងពេលលើកម្ដងៗបានត្រីពី៥០ ទៅ ៦០គីឡូ គឺសម្បូរត្រីណាស់ នោះក៏ដោយសារមេឃស្រឡះល្អ និងដោយសារនៅផ្នែកខាងលើនៃបឹងទន្លេសាប សមត្ថកិច្ចចុះបង្ក្រាបបទ ល្មើសល្អមិនសូវមានបទល្មើស ។

ចំពោះតម្លៃត្រីឆ្អើរដែលមានដាក់លក់នៅមាត់ទន្លេដើមពោធិផ្សារក្រោមនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ គឺត្រីផ្ទោង១ដុំ ១០ចង្កាក់ ថ្លៃ២៤.០០០ រៀល, ត្រីរៀលមួយដុំ ១០ចង្កាក់ថ្លៃ ៤ ម៉ឺនរៀល, ត្រីជន្ទល់ភ្លុក១ដុំ ១០ ចង្កាក់ថ្លៃ១.៨០០០ពាន់រៀល, ត្រីចង្វាមូល ១ ដុំ ១០ សង្កាក់ថ្លៃ២២.០០០ រៀ ល , ផ្អកពងត្រី ១កែវ ទម្ងន់១គីឡូថ្លៃ ១ ម៉ឺនរៀល ៕
អត្ថបទ៖ ឈៀងថារិទ្ធ




-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង