ព័ត៌មានជាតិ
បង្កើតវិទ្យាល័យក្នុងភូមិ សិស្សមិនបាច់ធ្វើដំណើរ ១៧ គីឡូម៉ែត្រ ទៅសាលា
វិទ្យាល័យជីផាត ដែលបានបង្កើតឡើងរយៈពេលប្រមាណ ៣ ឆ្នាំមកនេះ បានសម្រួលការលំបាកដល់សិស្សមិនបាច់ធ្វើដំណើរឆ្ងាយផ្ទះ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកសាលារៀន។ នេះបើតាមការលើកឡើងរបស់លោក ម៉ាច វិបុល ជាជំទប់ទី២ នៃភូមិជីផាត។

បើតាមលោក ម៉ាច វិបុល ជាជំទប់ទី២ នៃភូមិជីផាត បានឱ្យដឹងថា វិទ្យាល័យជីផាតដែលស្ថិតនៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដំណើរការថ្នាក់វិទ្យាល័យបានជាង ៣ ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមសហការពីសំណាក់លោកគ្រូនាយកសាលា អាជ្ញាធរមូលដ្ឋាន ដើម្បីជួយឱ្យសិស្សអាចបន្តការសិក្សាបានច្រើនជាងមុន។
ការដំណើរការវិទ្យាល័យនេះ ដោយសារមើលឃើញពីទុក្ខលំបាករបស់សិស្សានុសិស្ស ការចំណាយថវិកាច្រើនពីអាណាព្យាបាល ខាតបង់ពេលវេលាច្រើន នៅក្នុងការធ្វើដំណើរទៅមក។ ជាងនេះទៀតគឺសុវត្ថិភាព និងការជំរុញឲ្យសិស្សកុំឲ្យបោះបង់ការសិក្សា ទើបលោកគ្រូនាយកសាលា គណៈគ្រប់គ្រង អាជ្ញាធរមូលដ្ឋាន ផ្តួចផ្តើមគំនិតបង្កើតឲ្យថ្នាក់កម្រិតវិទ្យាល័យនេះឡើង។
លោក ម៉ាច វិបុល បានបញ្ជាក់ថា «កាលពីមុន សិស្សប្រសិនបើចង់បន្តការសិក្សានៅថ្នាក់វិទ្យាល័យ ពួកគេត្រូវទៅសិក្សានៅវិទ្យាល័យអណ្ដូងទឹកមានចម្ងាយប្រហែល ១៨-១៩ គីឡូម៉ែត្រដោយត្រូវជួលផ្ទះ ឬបន្ទប់ជួលនៅទីនោះ ព្រោះនៅឆ្ងាយពីភូមិ»។

យ៉ាងណាមិញ វិទ្យាល័យជីផាតដែលបានបង្កើតឡើងមក ៣ឆ្នាំនេះ ក៏នៅមានភាពខ្វះខាតនៅឡើយ ព្រោះសិស្សកម្រិតវិទ្យាល័យគឺត្រូវរៀនបន្ទប់អគារអនុវិទ្យាល័យចាស់នៅឡើយ»។ នេះបើតាមការបញ្ជាក់របស់លោក ម៉ាច វិបុល បន្ថែម។
ជាមួយគ្នានេះដែរ បើទោះបីជាមានការបង្កើតនៅវិទ្យាល័យក្នុងភូមិក៏ពិតមែន ប៉ុន្តែអត្រាសិស្សដែលបានបន្តការសិក្សាមានចំនួនតិចតួចបំផុត ហើយសិស្សដែលបានទៅប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ០៥ ឆ្នូ ២០២២ នេះ មានប្រមាណតែជាង ១០នាក់ប៉ុណ្ណោះ។
ជុំវិញបញ្ហានេះ លោក ម៉ាច វិបុល បានគូសបញ្ជាក់ថា «តាមការមើលឃើញជាក់ស្តែងគឺកត្តាជីវភាព ព្រោះសិស្សជាច្រើននៅតំបន់ជីផាត គ្រួសារមានជីវភាពខ្វះខាត ដែលមិនមានលទ្ធភាពគ្រប់គ្រាន់អាចឱ្យពួកគេរៀនបន្តបាន ដូច្នេះ សិស្សត្រូវឈប់សិក្សាត្រឹមថ្នាក់ទី ៩ ឬទី ១០ ដើម្បីស្វែងរកការងារធ្វើ»។
ដោយហេតុថាសិស្សដែលបន្តការសិក្សាដល់ថ្នាក់ទី ១២ មានចំនួនតិចតួចខ្លាំង អាជ្ញាធរមូលដ្ឋាននិងគណៈគ្រប់គ្រងសាលា តែងតែខិតខំប្រឹងប្រែងចុះជួបផ្ទាល់ដល់អាណាព្យាបាលសិស្ស ជួយអប់រំដល់កូនៗ ជួយជំរុញឱ្យពួកគេមកបន្តការសិក្សា និងខិតខំសិក្សាឱ្យបានចប់ថ្នាក់ទី១២។
លោក ម៉ាច វិបុល បានលើកគោលបំណងមួយក្នុងការបង្កើតថ្នាក់អប់រំកម្រិតវិទ្យាល័យក្នុងភូមិនេះ «គឺចង់ឱ្យសិស្ស អាចសិក្សារៀនសូត្រ ទទួលបានចំណេះដឹង ឈានសម្រេចគោលបំណងនាពេលអនាគត ព្រមទាំងជួយអភិវឌ្ឍភូមិឃុំដោយសារជីផាតក៏ជាតំបន់ទេសចរណ៍ ហើយកាលណាប្រជាជនក្នុងភូមិមានចំណេះដឹងច្រើន និងនាំការរីកចម្រើនជួយលើកស្ទួយជីវភាពពលរដ្ឋក្នុងមូលដ្ឋានផងដែរ»៕


ដោយ៖ ថារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ