ព័ត៌មានជាតិ
សិស្សនិទ្ទេស A ពីររូប បង្ហាញក្តីស្រមៃក្នុងចង់ប្រឡូកក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគត
សិស្សប្រឡងបាក់ឌុបជាប់និទ្ទេស A ឆ្នាំ២០២២ ពីររូបដែលមកពីវិទ្យាល័យផ្សេងគ្នាបានរៀបចំផែនការសិក្សាក្រោយពីរៀនចប់កម្រិតវិទ្យាល័យ បន្តទៅថ្នាក់ឧត្តមសិក្សា ដោយពួកគេសុទ្ធតែមានផែនការច្បាស់លាស់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ជីវិតនៅសាកលវិទ្យាល័យ។

កញ្ញា ហាន ស្រីល័ក្ខ គឺជាសិស្សមកពីវិទ្យាល័យបាក់ទូក ដោយប្រឡងបាក់ឌុបទទួលបាននិទ្ទេស A ឆ្នាំ២០២២។ សព្វថ្ងៃ កញ្ញា ហាន ស្រីល័ក្ខ កំពុងសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា។ មុខជំនាញនេះ គឺបង្រៀនពីការគ្រប់គ្រងអាជីវកម្ម និងប្រព័ន្ធបច្ចេកវិទ្យា ដែលគួបផ្សំជាមួយនឹងភាពជាអ្នកដឹកនាំ ការបង្កើតយុទ្ធសាស្ត្រជាមួយនឹងជំនាញទន់ និងជំនាញរឹង នាំឱ្យអាជីវកម្មមួយដំណើរការបានរលូនល្អ។

មូលហេតុដែលកញ្ញា ហាន ស្រីល័ក្ខ ជ្រើសរើសយកមុខជំនាញនេះ ព្រោះកញ្ញាយល់ថា ខ្លួនមានទំនោរ បូករួមជាមួយនឹងការស្រឡាញ់ចូលចិត្ត ទេពកោសល្យទៅនឹងជំនាញធុរកិច្ច អាជីវកម្ម និងបច្ចេកវិទ្យា ព្រោះបច្ចុប្បន្នពិភពលោកកំពុងឈានទៅរកសម័យបច្ចេកវិទ្យា។
ក្រោយពីជ្រើសរើសមុខជំនាញបានហើយ សិស្សនិទ្ទេស A រូបនេះ ក៏បានដាក់ផែនការគោលដៅជីវិតរបស់ខ្លួនរយៈពេលវែងមួយ (Long term goal) គឺការបើកអាជីវកម្មខ្លួនឯង និងបង្កើត App សម្រាប់ប្រើប្រាស់ជួយដល់សង្គម។ កញ្ញា ហាន ស្រីល័ក្ខ និយាយថា៖ “មូលហេតុដែលខ្ញុំជ្រើសរើសថាចង់ក្លាយទៅជាអ្នកបង្កើត App ឬ អាជីវកម្មព្រោះចង់បង្កើតអ្វីមួយដែលអាចមានផលចំណេញក្នុងពេលតែមួយ គឺអាចជួយសង្គមបានដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងការដោះស្រាយបញ្ហាផ្សេងៗ និងជួយពន្លឿនបច្ចេកវិទ្យានៅកម្ពុជាដំណើរការល្អ”។

ចំណែក កញ្ញា សន សុវណ្ណារ័ត្ន មកពីវិទ្យាល័យសម្តេចឳ ខេត្តសៀមរាប ដែលជាសិស្សទទួលបាននិទ្ទេស A ប្រឡងបាក់ឌុបឆ្នាំ២០២២ បានលើកឡើងថា បន្ទាប់ពីប្រឡងចប់ទី១២ ខ្លួនបានជ្រើសរើសមុខជំនាញធុរកិច្ចឌីជីថល នៅបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា (CADT)។ មូលហេតុដែលនាំឱ្យ កញ្ញា សន សុវណ្ណារ័ត្ន ជ្រើសរើសយកមុខជំនាញនេះ ព្រោះកញ្ញាមានគ្រឹះស្ថានរឹងមាំតាំងពីថ្នាក់តូចៗ ដោយខ្លួនពូកែផ្នែកគណិតវិទ្យា និងបច្ចេកវិទ្យាផ្សេងៗ។ ហេតុផលមួយទៀត ព្រោះកញ្ញាយល់ថា បច្ចេកវិទ្យាត្រូវបានគេប្រើប្រាស់សឹងគ្រប់វិស័យ។ ដូចនេះហើយវាពិតជាសំខាន់ណាស់ដែលមនុស្សយល់ដឹងពីបច្ចេកវិទ្យាផង ពីជំនួញផង ទើបគេអាចប្រកបអាជីវកម្មបានល្អ។

នាថ្ងៃអនាគត សិស្សនិទ្ទេស A មកពីខេត្តសៀមរាបរូបនេះ មានបំណងចង់ក្លាយជាអ្នកឯកទេសប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ កញ្ញា សន សុវណ្ណារ័ត្ន និយាយថា៖ “អ្នកឯកទេសប្រព័ន្ធផ្សព្វផ្សាយ ធ្វើជាស្ពានសម្រាប់ខាងព័ត៌មានវិទ្យា និងខាងទីផ្សារនៅក្រុមហ៊ុនមួយ ឬក៏ជាសហគ្រិនវ័យក្មេងមួយដែលបង្កើតផលិតផលខ្លួនឯង ទាក់ទងនឹងបរិស្ថានជុំវិញ”។

សព្វថ្ងៃកញ្ញា ក៏កំពុងរង់ចាំអាហារូបករណ៍ក្នុងសាលាដែលខ្លួនកំពុងតែរៀនផងដែរ ព្រោះបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា (CADT) មានទំនាក់ទំនងច្រើនជាមួយក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា ដែលកញ្ញាអាចហាត់ការងារបាន មុននឹងចេញទៅរកការងារខ្លួនឯង។ កញ្ញា សន សុវណ្ណារ័ត្ន ក៏ចង់ស្វែងរកការងារស្ម័គ្រចិត្តដែលទាក់ទងនឹងបរិស្ថាន ឬការជួយកុមារផងដែរ៕
ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៥ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា