ព័ត៌មានជាតិ
សហព័ន្ធស្រូវអង្ករកម្ពុជា នឹងនាំចេញអង្ករទៅកាន់ទីផ្សារចិន ៤០ម៉ឺនតោន ក្នុងឆ្នាំ ២០២៣នេះ
ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានលើកឡើងថា ផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា សម្រាប់អាណត្តិទី៤នេះ គឺសំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញទៅទីផ្សារប្រទេសចិនចំនួន ៤០ម៉ឺនតោន។

ឧកញ៉ា ចាន់ សុឃាំង លើកបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ០៧ ខែកុម្ភៈ។
ប្រធានសហព័ន្ធ បានលើកឡើងទៀតថា សហព័ន្ធមានផែនការបន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេសហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (នាខែកុម្ភៈ) ប្រទេសថៃ (នាខែឧសភា) និងប្រទេសអាឡឺម៉ង់ (នាខែតុលាខាងមុខ) ក៏ដូចជាក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលី ជាដើម។

លើសពីនេះទៀត ក្រៅពីការនាំចេញទៅទីផ្សារប្រទេសចិន សហព័ន្ធស្រូវអង្ករ បន្តធ្វើពិពិធកម្មទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយថ្មីៗបន្ថែមទៀត រួមមាន៖ សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ជាមួយគ្នានេះ នឹងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK” ជាដើម។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយសម្តេច តែងតែយកវិស័យស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភាក្សាក្នុងកិច្ចសន្ទនាជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។ ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើមពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ជាដើម។

លោករដ្ឋមន្រ្តីបានបន្ថែមថា បច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មបាននិងកំពុងចរចាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលអង្ករស្ថិតនៅក្នុងទំនិញអាទិភាពមួយរំពឹងថា នឹងពង្រីកនូវសក្តានុពលទីផ្សារថ្មីនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលបច្ចុប្បន្នទីផ្សារតំបន់នេះនៅមានកម្រិតតិចតួចបំផុត ដែលសង្ឃឹមថា និងជួយបង្កើនការនាំចេញអង្ករកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
ទន្ទឹមនេះ លោក បាន សូរស័ក្តិ បានជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត ដោយសារកម្ពុជាមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាលើកទី៦ រវាងក្រសួងពាណិជ្ជកម្ម និង ក្រុមហ៊ុនសាជីវកម្មចិន (COFCO) ដែលមានបរិមាណសរុបចំនួន៤០ម៉ឺនតោន៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ