ព័ត៌មានជាតិ
មកស្គាល់ អ្នកនិពន្ធ៤រូបដែលសរសេរសៀវភៅជាច្រើនពីសម្តេច ហ៊ុន សែន និងក្រុមគ្រួសារ
អ្នកនិពន្ធខ្មែរ៤រូប តែងតែនិពន្ធទាក់ទងជាមួយនឹងជីវប្រវត្តិ និងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ទាំងការស្វែងរកសន្តិភាពរួចផុតពីសង្គ្រាម និងការដឹកនាំប្រទេសក្នុងវិបត្តិកូវីដ-១៩។ ក្នុងនោះ ក៏មានសៀវភៅមួយចំនួនដែលបានសរសេរពីសមាជិកគ្រួសាររបស់សម្តេចតេជោ ផងដែរ។ អ្នកនិពន្ធទាំង៤រូបនេះ គឺ៖
១. លោក ពៅ សុខ
លោក ពៅ សុខ គឺជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអ្នកនិពន្ធសៀវភៅអំពីជីវប្រវត្តិ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងសង្រ្គាម និងក្រោយសង្គ្រាម ព្រមទាំង ការប្រយុទ្ធប្រឆាំងរបស់រាជរដ្ឋាភិបាលក្នុងកំឡុងពេលវិបត្តិកូវីដ-១៩។ មិនត្រឹមតែសរសេរសៀវភៅរបស់សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ លោក ពៅ សុខ ក៏បានសរសេរសៀវភៅទាក់ទងជាមួយនឹងភរិយា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងកូនរបស់សម្តេចផងដែរ។ សៀវភៅនីមួយៗដែលលោកបាននិពន្ធ គឺមានកម្រាស់ប្រហែល ៣០០ទំព័រ ទៅ៩០០ទំព័រ និងប្រើរយៈពេលជាច្រើនឆ្នាំទម្រាំសរសេររួច។
ស្នាដៃនិពន្ធរបស់លោក ពៅ សុខ អំពីសម្តេចតេជោ ហ៊ុន សែន មានដូចជា៖
-សម្តេច ហ៊ុន សែន ៣ យន្តការ ឈ្នះកូវីដ-១៩
-ទឹកចិត្តអ្នកជួយសង្រ្គោះ
-វីរបុរស០៧១
-សម្តេច ហ៊ុន សែន វីរបុរសសង្ហា ដើរបញ្ច្រាសទិសប្រយុទ្ធ កូវីដ-១៩
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ីភាគ១
-កូនប្រុសច្បងដ៏មានឥទ្ធិពល
-បេះដូងវីរៈជន។ល។
សៀវភៅ “សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា” គឺលោក ពៅ សុខ ចំណាយពេលសរសេរអស់រយៈពេលប្រមាណជិត១០ឆ្នាំ ទម្រាំលោកអាចប្រមូលទិន្នន័យគ្រប់គ្រាន់ អាចសរសេរចេញជាសៀវភៅកម្រាស់ ៦០០ទំព័រនេះ។
២.លោក ឆាយ សុផល
លោក ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធដែលបាននិពន្ធសៀវភៅស្តីពីដំណើរជីវិត និងបទពិសោធការគ្រប់គ្រងប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ជាច្រើនក្បាល។ អ្នកនិពន្ធ ឆាយ សុផល ក៏បានតែងនិពន្ធទាក់ទងជាមួយនឹងកូនប្រុសទាំង៣របស់សម្តេចតេជោ ហ៊ុន សែន និងអ្នកបន្តវេននាយករដ្ឋមន្ត្រី ផងដែរ។ លោក ឆាយ សុផល ដែលជាសាស្រ្តាចារ្យផ្នែកសារព័ត៌មានមួយរូបដែរ ក៏បានតែងនិពន្ធសៀវភៅជាច្រើនទាក់ទងនឹងសម្តេចតេជោ ហ៊ុន សែន មិនចាញ់លោក ពៅ សុខ ប៉ុន្មានឡើយ។
ស្នាដៃនិពន្ធសៀវភៅទាក់ទងជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជា និងគ្រួសាររបស់លោក ឆាយ សុផល មានដូចជា៖
-មរតកតេជោ ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ
-រាជរដ្ឋាភិបាលកម្ពុជា-សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ ភាគ១
-រាជរដ្ឋាភិបាលកម្ពុជា-សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩ ភាគ២
-កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅការបន្តវេន ហ៊ុន ម៉ាណែត
-Hun Sen war & peace in Cambodia and Southeast Asia
-ហ៊ុន សែន-នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង៤០ឆ្នាំ
–បងប្អូនប្រុសទាំង៣ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន។ល។
សៀវភៅ “មរតកតេជោ ពិស្សុតភាពនៃកម្ពុជាលើឆាកអន្តរជាតិ” គឺជាឯកសារប្រវត្តិសាស្ត្រដែលមានកម្រាស់ ៧៣០ទំព័រ ស្តីពីសកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែន និងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ (៨-១៣ វិច្ឆិកា ២០២២) ដែលកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១។ ក្នុងនោះ ក៏មានបង្ហាញពីសមត្ថភាពនៃការដឹកនាំប្រទេសឈានទៅរកការអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យឆាកអន្តរជាតិស្គាល់កម្ពុជាកាន់តែច្រើនថែមទៀត។
៣.លោក កែវ បាភ្នំ
លោក កែវ បាភ្នំ គឺជាប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនិពន្ធសៀវភៅដែលទាក់ទងជាមួយនឹងសម្តេចតេជោ ហ៊ុន សែន មានចំណងជើងថា “សម្ដេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា”។ សៀវភៅមួយនេះ ជាប្រភេទសៀវភៅដែលសរសេរទាក់ទងជាមួយនឹងរឿងសម្ងាត់របស់សម្តេចតេជោ ៧០ ទៅ ៨០% ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងពីមុនឡើយ។
សៀវភៅ “សម្ដេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា” មានកម្រាស់ ៦០១ទំព័រ ប្រើរយៈពេលជាច្រើនឆ្នាំទើបអាចស្វែងរកទិន្នន័យគ្រប់គ្រាន់ ដើម្បីសរសេរសៀវភៅមួយក្បាលនេះចេញមក។ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឱ្យបោះពុម្ពសៀវភៅនេះចំនួន ៥ ម៉ឺនច្បាប់ ព្រមទាំងចាត់ឱ្យមានការបកប្រែទៅជាភាសាអង់គ្លេសសម្រាប់ចែកជូនសាធារណជន និងបរទេសបានអានផងដែរ ព្រោះសម្តេចថា ដល់ពេលវេលាគួរតែបញ្ចេញរឿងរ៉ាវមួយចំនួន ដែលមនុស្សគ្រប់គ្នាមិនបានដឹងហើយ។ ក្រៅពីសៀវភៅនេះ លោកក៏បានសរសេរសៀវភៅផ្សេងទៀត ដូចជា សម្តេចតេជោ ហ៊ុន សែន ដំណើរស្វែងរកសន្តិភាពបង្រួបបង្រួមជាតិ ឯកភាពទឹកដី ជាដើម។
៤. លោក អៀង ពិសី
លោក អៀង ពិសី គឺជាអ្នកនិពន្ធសៀវភៅអក្សរសិល្ប៍ វប្បធម៌ គន្លឹះអប់រំ ប្រលោមលោកជាច្រើន។ មិនតែប៉ុណ្ណោះ លោក អៀង ពិសី ក៏បាននិពន្ធសៀវភៅទាក់ទងជាមួយនឹងការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ។
សៀវភៅដែលលោកសរសេរទាក់ទងជាមួយសម្តេចតេជោ មានចំណងជើងថា “ហ៊ុន សែន កម្ពុជា” សរសេរចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ទើបរួចរាល់ចេញជារូបរាង។ សៀវភៅនេះត្រូវបានចងក្រងជាប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ដែលនិយាយអំពីការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ ការស្តារកម្ពុជាឡើងវិញពីសង្គ្រាមក្នុងប្រទេស។ ក្នុងនោះក៏បានបង្ហាញពីការពុះពារ និងការពលីជីវិតរបស់ថ្នាក់ដឹកនាំ ដើម្បីប្រទេសជាតិផងដែរ។
រីឯ សៀវភៅកម្រងកំណាព្យមានចំណងជើងថា “ស្ត្រីឆ្នើមអតីតកសិករកម្ពុជា” គឺជាការតែងនិពន្ធដែលនិយាយអំពីជីវិតរបស់កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានតស៊ូ និងលះបង់គ្រប់បែបយ៉ាង ដើម្បីជាតិរួចផុតពីសង្គ្រាមដ៏ឈឺចាប់។ សៀវភៅនេះ ក៏ត្រូវបានចងក្រងសម្រាប់រក្សាទុកនៅតាមបណ្ណាល័យនានាក្នុងប្រទេសកម្ពុជា ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានអាន និងស្វែងយល់ពីសៀវភៅមួយនេះផងដែរ៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន