Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទាត់ចោលការលាបពណ៌របស់លោក ប៉ាង សុខឿន និងថា មិនជាប់ពាក់ព័ន្ធដីដែលព័ទ្ធរបងលើឆ្នេរឡើយ

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានចេញមកទាត់ចោលនូវការចោទប្រកាន់ និងលាបពណ៌របស់ជនពូកែលាបពណ៌ ប៉ាង សុខឿន ដែលថា ដីដែលព័ទ្ធ​​របងលើឆ្នេរអូឈើទាល ខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់ឯកឧត្តម និងលោកជំទាវ ហ៊ុន ម៉ាណា។ ឯកឧត្តម ឌី វិជ្ជា បានទាមទារលោក ប៉ាង សុខឿន ឲ្យបង្ហាញភស្តុតាងនៃការចោទប្រកាន់របស់ខ្លួន ដោយកុំចេះតែដើរលាបពណ៌គេឯងទាំងទទឹងទិសបែបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានផ្តល់សម្ភាសផ្តាច់មុខដល់សារព័ត៌មាន«កម្ពុជាថ្មី»នៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា ការចោទប្រកាន់របស់ជន ប៉ាង សុខឿន នេះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងគ្មានភស្តុតាងបញ្ជាក់អ្វីទាល់តែសោះ។ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា គូសបញ្ជាក់បែបនេះថា ៖«ខ្ញុំសុំឲ្យគាត់(ប៉ាង សុខឿន) បង្ហាញភស្តុតាងទៅ ហើយបើថាដីហ្នឹងជាដីរបស់ខ្ញុំ ខ្ញុំជូនដៃ២ ហើយបើមិនមែនជារបស់ខ្ញុំទេ ហើយមកនិយាយបំផ្លើសពីការពិត បង្ខូចកេរ្តិ៍ឈ្មោះរបស់គេទេ ប្រយ័ត្នបាប!»។

ការចេញមកទាត់ចោលរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺបន្ទាប់ពីលោក ប៉ាង សុខឿន ដែលជាមនុស្សរត់ទៅជ្រកកោននៅស្រុកគេ និងជាជនដែលល្បីខាងលាបពណ៌ និងមួលបង្កាច់គេឯងនោះ បានសរសេរចោទប្រកាន់លើទំព័រហ្វេសប៊ុករបស់ខ្លួនថា ដីដែលហ៊ុមព័ទ្ធរបងចូលឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ មិនមែនជាកម្មសិទ្ធិរបស់ឧកញ៉ា ស៊ី គង់ទ្រី​ តែបែរជាមកចោទថា ជារបស់ឯកឧត្តម ហុក ឡងឌី ដែលឪពុករបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ទៅវិញ។ ជនរូបនេះ ថែមទាំងប្រឌិតទៀតថា ក្រោយមរណភាពរបស់ឯកឧត្តម ហុក ឡងឌី ដីនោះ បានក្លាយជាកម្មសិទ្ធិរបស់ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា។

សម្រាប់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា នេះ គឺជាការប្រឌិតទាំងស្រុង ដោយសារតែឯកឧត្កម និងលោកជំទាវ មិនជាប់ពាក់ព័ន្ធសូម្បីតែបន្តិចសោះជាមួយដីនោះ។ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានប្រាប់ឲ្យបុគ្គល ប៉ាង សុខឿន ឬ ខែ្មរ សុវណ្ណភូមិនេះ ឈប់ប្រើចរិត និងទម្លាប់ដ៏អាក្រក់ ដើរតែលាបពណ៌គេ គឺបើឈប់បាន ឈប់ទៅ៕

ដោយ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម