ព័ត៌មានជាតិ
ធនាគារជាតិប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់យុគសម័យថ្មី«បាគង»ជាផ្លូវការ
ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ«បាគង»ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឈានឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថលនៃបដិវត្តន៍ឧស្សាហកម្មទី៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។

ថ្លែងនៅក្នុងពីធីដាក់ឲ្យដំណើរការប្រព័ន្ធបាគងជាផ្លូវការ លោកស្រី ជាសិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាការអភិវឌ្ឍន៍ប្រព័ន្ធបាគងនេះ គឺជាគំនិតផ្ដួចផ្ដើមថ្មីរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់នៅក្នុងប្រទេសកម្ពុជា និងដើម្បីឆ្លើយតបទៅនឹងការរីកចំរើនផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។ លោកស្រីបានបន្តថាការអភិវឌ្ឍប្រព័ន្ធនេះឡើងដោយសារ តែការទូទាត់របស់ធនាគារនិងហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ពុំទាន់មានលក្ខណៈអាចធ្វើការទូទាត់ប្រទាក់ក្រឡាគ្នាបានឡើយ ព្រោះថាគ្រឹះស្ថានភាគច្រើន បានរៀបចំប្រព័ន្ធទូទាត់សម្រាប់បម្រើសេវាជូនតែអតិថិជនគ្រឹះស្ថានសខ្លួនប៉ុណ្ណោះ ហើយគ្រឹះស្ថានមួយចំនួនបានសហការផ្ដល់សេវាទូទាត់លក្ខណៈទ្វេភាគីជាមួយដៃគូរបស់ខ្លួន ដែលកត្តានេះវាពុំមែនជាការអនុវត្តស្របតាមឧត្តមមានុវត្តនោះទេ ហើយវាអាចនឹងបណ្ដាលទៅជាប្រព័ន្ធប្រមូលផ្ដុំតូចមានភាពផុយស្រួយបង្កការលំបាកដល់អាជ្ញាធរ ក្នុងការគ្រប់គ្រងនិងដាក់បទប្បញ្ញត្តិ។

លោកស្រីបានបន្តទៀតថា ដោយពិនិត្យឃើញនូវបញ្ហាប្រឈមនេះធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍប្រព័ន្ធនេះឡើង ដើម្បីដោះស្រាយនូវបញ្ហាខាងលើដោយសារតែប្រព័ន្ធបាគងដើរតួនាទីជាប្រព័ន្ធទូទាត់ឆ្អឹងខ្នងសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ទៅនឹងបណ្ដុំរួមតែមួយ។ លោកស្រីបានបន្ថែមថា តាមរយៈប្រព័ន្ធបាគងអតិថិជនរបស់គ្រឹះស្ថានឬមួយអាចធ្វើប្រតិបត្តិការទូទាត់ប្រទាក់ក្រឡាគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពឆាប់រហ័សនិងកាត់បន្ថយចំណាយប្រតិបត្តិការ។ លោកស្រីបានលើកឡើងទៀតថា«មិនតែប៉ុណ្ណោះស្ថិតក្នុងបរិបទប្រទេសកំពុងទទួលរងវិបត្តិកូវីដ ១៩ ខ្ញុំសង្ឃឹមថាការដាក់ឲ្យដំណើរការធ្វើការប្រព័ន្ធបាគងនៅថ្ងៃនេះ នឹងជួយគាំពារដល់សុខុមាលភាពសង្គមនិងទប់ស្កាត់ការរាលដាលជំងឺ១៩ ផងដែរតាមរយៈការសម្រួលការទូទាត់គាត់ជាអេឡិចត្រូនិកពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដោយពុំប៉ះពាល់សាច់ប្រាក់ដោយផ្ទាល់ ហើយបាគងអាចទូទាត់ទំនិញអនឡាញពីចំណាយផ្ដល់ជម្រើសច្រើនងាយស្រួល សម្រាប់អតិថិជន ក្នុងការធ្វើប្រតិបត្តិការដាក់ប្រាក់ដកប្រាក់ចេញចូលគណនេយ្យធនាគារនិងអ៊ីវ៉ាឡេតទៅវិញទៅមក»។


លោកស្រីបានឲ្យដឹងថាជាងនេះទៀតថា ប្រព័ន្ធប្រគងបានសម្រួលនិងផ្លាស់ប្ដូរឥរិយាបថរបស់សាធារណជនបន្តិចម្ដងៗផ្ដល់ភាពងាយស្រួលដល់សាធារណជន ក្នុងការរក្សាទុកសាច់ប្រាក់យ៉ាងមានសុវត្ថិភាពចំណេញពេលវេលានិងមិនព្រួយបារម្ភអំពីការក្លែងបន្លំ។ លោកស្រីបានបញ្ជាក់ថា សម្រាប់ទិសដៅទៅអនាគតប្រព័ន្ធបាគងនឹងពិនិត្យលទ្ធភាព ក្នុងការទូទាត់និងផ្ទេរប្រាក់ឆ្លងដែនជាមួយបណ្ដាប្រទេសក្នុងតំបន់ ដើម្បីសម្រួលដល់ពលករក្រៅប្រទេសអាចផ្ញើប្រាក់មកកាន់ក្រុមគ្រួសារតាមប្រព័ន្ធបាគង មានកម្រៃទាបងាយស្រួលនិងសុវត្ថិភាព។ លោកស្រីបានរំលឹកថា គម្រោងដែលបានរៀបចំអភិវឌ្ឍន៍នេះ ត្រូវបានកំណត់ឈ្មោះថាប្រព័ន្ធបាគងជាឈ្មោះរបស់ប្រាសាទបុរាណខ្មែរស្ថាបនាឡើងនៅក្នុងឆ្នាំ ៨៨១នៃគ្រិស្តសករាជក្រោមរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១។

កាលពីខែមិថុនា ឆ្នាំ២០១៨ ធនាគារជាតិបានរៀបចំពិធីផ្សព្វផ្សាយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អំពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបាគងនេះ។ បន្ទាប់ពីបានផ្សព្វផ្សាយរួចមកមានគ្រឹះស្ថានចំនួន ៣៩ បានបង្ហាញនូវចំណាប់អារម្មណ៍ចូលរួមក្នុងគម្រោងបាគងនេះ។ ដោយទទួលបាននូវការគាំទ្រពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ធនាគារជាតិនៃកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការសាកល្បងប្រព័ន្ធបាគងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចំនួន៤ចូលរួមរួមមានធនាគារអេស៊ីលីដាធនាគារវឌ្ឍនៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជានិងធនាគារឯកទេសវីង។ គិតចាប់តាំងពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២៨តុលាឆ្នាំ២០២០នេះ ចំនួនសមាជិកចូលរួមបានកើនឡើងរហូតដល់១៨គ្រឹះស្ថាននិងធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះធនាគារនិងហិរញ្ញវត្ថុចំនួន១៦និងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ចំនួន២ព្រមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនិងគ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ប្រមាណ២៤ទៀត បានទទួលការអនុញ្ញាតជាគោលការណ៍ចូលជាសមាជិកប្រព័ន្ធបាគងនិងកំពុងរៀបចំសិក្សាលក្ខណៈបច្ចេកទេសតភ្ជាប់ប្រព័ន្ធ៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ