ព័ត៌មានជាតិ
មកដឹងពីកិច្ចការផ្សេងៗរបស់គណៈអភិបាលខេត្តរតនគិរីទាំង១១រូប
ក្រោយវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺចំនួនសមាសភាព គណៈអភិបាលរាជធានី ខេត្ត បានកើនឡើងចំនួន១១រូប ហើយគណៈអភិបាលក្រុង ស្រុក ខណ្ឌ បានកើនចំនួន៧រូប។ ក្នុងនោះ គណៈអភិបាលរាជធានី-ខេត្ត គឺគ្រប់គ្រង និងដឹកនាំដោយអភិបាល១រូប អមដោយអភិបាលរងចំនួន១០រូបជាជំនួយការ។ អភិបាល និងអភិបាលរង ត្រូវបំពេញមុខងារ និងការទទួលខុសត្រូវឲ្យស្របតាមលំដាប់ ឋានានុក្រម និងអនុវត្តតួនាទី ភារកិច្ចឲ្យបានត្រឹមត្រូវដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

ជាក់ស្ដែង កាលពីអំឡុងខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោយទទួលបានការឯកភាពពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គណៈអភិបាលខេត្តរតនគិរី បានកំណត់បែងចែកតួនាទី និងភារកិច្ចដល់សមាសភាពគណៈអភិបាលខេត្តរតនគិរីទាំង១១រូបចំពោះសកម្មភាពការងាររបស់ខ្លួន។ អភិបាល-អភិបាលរងខេត្តរតនគិរី ដែលបានទទួលការបែងចែកភារកិច្ចនេះ មានដូចខាងក្រោម៖
១) លោក ញ៉ែម សំអឿន ក្នុងនាមជាអភិបាលខេត្តរតនគិរី ត្រូវទទួលបន្ទុកដឹកនាំការងាររួម និងដឹកនាំផ្ទាល់លើការងាររដ្ឋបាលទូទៅ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។

២) លោក ស៊ូ សិរី ជាអភិបាលរងខេត្ត ទទួលបន្ទុកលើការងាររដ្ឋបាល ផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ស្ថិតិ អត្រានុកូលដ្ឋាន លេខាធិការក្រុមប្រឹក្សាខេត្ត ការងារព័ត៌មាន ទំនាក់ទំនងសាធារណៈ អ្នកនាំពាក្យ ការងារស្វែងរកអធិដ្ឋធាតុ និងកិច្ចការព្រំដែន។

៣) លោក វ៉ាន់ សោភា ជាអភិបាលរងខេត្ត ទទួលបន្ទុកការងារផ្នែកហិរញ្ញវត្ថុ ធនាគារ រតនាគារ ពន្ធដារ គយ និងរដ្ឋាករ ការងារលទ្ធកម្មសាធារណៈ និងគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

៤) លោក ម៉ា វិចិត្រ ជាអភិបាលរងខេត្ត ទទួលបន្ទុកការងារសាធារណការ ដឹកជញ្ជូន ការងារអភិវឌ្ឍន៍ជនបទ ការងារធនធានទឹក-ឧតុនិយម កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងការងារ គ្រប់គ្រងគ្រោះមហន្តរាយ។

៥) លោក ខ័ណ្ឌ ចំណាន ជាអភិបាលរងខេត្ត ទទួលជួយលើការងារនគរូបនីយកម្ម សំណង់ និងសុរិយោដី ការងារអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត ទីក្រុងបៃតង និងការងារគម្រោង LASED II។

៦) លោក ងិន ណែល ជាអភិបាលរងខេត្ត ទទួលលើការងារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការងារអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពន្ធនាគារ សមាគម អង្គការមិនមែនរដ្ឋាភិបាល គណបក្សនយោបាយ សិទិ្ធមនុស្ស ការងារសម្របសម្រួលដោះស្រាយវិវាទ និងបណ្ដឹងផ្សេងៗដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តរតនគិរី ការងារទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា អធិការកិច្ច និងការងារមីន រួមទាំងការងារដោះស្រាយផលប៉ះពាល់ផ្សេងៗទៀត។

៧) លោក ជា ថាវរិទ្ធ ជាអភិបាលរងខេត្ត ទទួលជួយលើការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម អាជីវកម្ម ការងាររ៉ែ ថាមពល ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការងារប្រៃសណីយ៍ ទូរគមនាគមន៍ ការងារនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ រួមទាំងការងារភូមិមួយផលិតផលមួយ។

៨) លោក មួង ប៉ាង ជាអភិបាលរងខេត្ត ទទួលការងារផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្ត ការងារគាំទ្រសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ការងារវិនិយោគផ្នែកឯកជន សេវាសង្គម ការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។

៩) លោក លន់ សុភាព ជាអភិបាលរងខេត្ត ទទួលការងារទេសចរណ៍ បរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ គ្រប់គ្រងសំរាម សំណល់រឹង-រាវ គ្រប់គ្រងទីលានចាក់សំរាម និងការងារអភិវឌ្ឍន៍សហគមន៍។

១០) លោក ឌុច ចាន់តូ ជាអភិបាលរងខេត្ត ទទួលលើការងារគ្រប់គ្រងអភិវឌ្ឍធនធានមនុស្ស កិច្ចការមុខងារសាធារណៈ ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ការសិក្សារៀបចំកែសម្រួលរចនាសម្ព័ន្ធ ព្រំប្រទល់រដ្ឋបាល ការងារអប់រំ យុវជន កីឡា និងការងារបេឡាជាតិរបបសន្តិសុខសង្គម។

១១) លោកស្រី ញាន ទិត្យចិន្តា ជាអភិបាលរងខេត្ត ទទួលជួយលើការងារសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា វប្បធម៌ សិល្បៈ ធម្មការ កិច្ចការសាសនា កិច្ចការនារី និងការលើកកម្ពស់សមភាពយេនឌ័រ។

ក្រៅពីកិច្ចការដែលបានបែងចែកនេះ លោក ញ៉ែម សំអឿន ក្នុងនាមជាអភិបាលខេត្តរតនគិរី អាចប្រគល់ភារកិច្ចផ្សេងៗបន្ថែមទៀតដល់អភិបាលរងខេត្តទៅតាមតម្រូវការការងារជាក់ស្ដែងរបស់រដ្ឋបាលខេត្ត៕
ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ