ព័ត៌មានជាតិ
រដ្ឋបាលរាជធានី និង ក្រសួងសាធារណការ កំពុងសិក្សាស្ថាបនាផ្លូវមួយខ្សែ តាមបណ្តោយផ្លូវរថភ្លើងចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូនបាននឹងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។

នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកជួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេស បញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម ។ ចំពោះបញ្ហាកក់ស្ទះចរាចរណ៍ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសាធារណៈការពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀតស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរារាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។

កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជំងឺcovid – 19 ។ ប៉ុន្តែសម្រាប់ពេលនេះ យើងបាននឹងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។

លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈដែលលោកមកដល់រាជធានីភ្នំពេញ កាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអាគារខ្ពស់ៗជាង៣ពាន់អាគារ ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។

លោកបន្តថា យើងបានជួបបញ្ហាប្រឈមដូចគ្នាទាំងលើពិភពលោកក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺ covid -19។ តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការឡើងវិញ។

ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់។ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឲ្យកាន់តែប្រសើររឡើងថែមទៀតផងដែរ។

ក្នុងឱកាសនោះដែរ ចំពោះការស្នើឡើងរបស់ក្រុមហ៊ុន ឲ្យមានការសហការគ្នា រាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងបញ្ញាសារាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានភ្នំពេញ លោកឃួង ស្រេងក៏បានឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានភ្នំពេញនេះឲ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ