ព័ត៌មានជាតិ
ពលរដ្ឋភូមិសុវណ្ណាបៃតង ទទួលបានការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទូមសាគរ ត្រូវបានអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ផ្ដើមចុះវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីផ្ដល់ភាពកក់ក្ដៅផ្នែកច្បាប់ ខណៈរង់ចាំយូរឆ្នាំមកហើយ។

មុននឹងផ្ដើមដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដែរ អាជ្ញាធរ ក៏ស្នើសុំដល់ប្រជាពលរដ្ឋដែលរស់នៅអាស្រ័យលើដីជាក់ស្ដែង គប្បីចូលរួមសហការយ៉ាងជិតស្និទ្ធបំផុតជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារជំនាញ។

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីពីការកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ កាលពីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លើកឡើងថា ដំណាក់កាលដំបូង ពលរដ្ឋជាម្ចាស់ដីធ្លីម្នាក់ៗ ត្រូវបង្ហាញទីតាំងដី ព្រំប្រទល់ដីជាក់ស្ដែង និងបំពេញឯកសារពាក់ព័ន្ធនានាតាមតែមន្ទីរជំនាញតម្រូវ។

លោកអភិបាលរងខេត្ត បន្ថែមថា ការវាស់វែង និងចុះបញ្ជីដីធ្លីនេះដែរ មិនធ្វើតែចំពោះប្រជាពលរដ្ឋនោះទេ ពោលគឺដីដែលជាកម្មសិទ្ធិរដ្ឋ រួមមាន ៖ សាលារៀន មណ្ឌលសុខភាព សាលាឃុំ និងស្នាក់ការសហគមន៍ ក៏ត្រូវតែអនុវត្តជាកញ្ចប់រួមគ្នាផងដែរ។

លោកជឿជាក់ថា ដំណើរការវាស់វែង និងចុះបញ្ជីក្បាលដីប្រព្រឹត្តទៅដោយភាពរលូន ហើយថែមទាំងឆាប់ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ ប្រសិនមានការកិច្ចសហការល្អ។ សម្រាប់មូលដ្ឋានភូមិសុវណ្ណាបៃតង អាចចំណាយពេលវេលា ២ ខែ សម្រាប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋលើផ្ទៃប្រមាណជាង ៥០០ ហិកតា។

លោក ហ៊ាង ប៊ុណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ក៏បានឲ្យដឹងដែរថា ការផ្ដើមវាស់វែង និងចុះបញ្ជីដីធ្លីជូនពលរដ្ឋ គឺតបតាមអនុក្រឹត្យលេខ ៤៦ ស្តីពីនីតិវិធី នៃការកសាងប្លង់ សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។

បើតាមលោក ហ៊ាង ប៊ុណ្ណា បច្ចុប្បន្ន ក្រុមការងារចុះវាស់វែង និងចុះបញ្ជីដីធ្លីនៅក្នុងខេត្តកោះកុង បែងចែកជា ៤ ក្រុមធំ រួមមាន ៖
ក្រុមទី១-ទើបតែបញ្ចប់ការវាស់វែងនៅភូមិស្មាច់មានជ័យ និងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ។
ក្រុមទី២-អនុវត្តការងារនៅភូមិថ្មី ឃុំជ្រោយប្រស់ ស្រុកកោះកុង។
ក្រុមទី៣-អនុវត្តការងារភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទូមសាគរ និងក្រុមទី៤-អនុវត្តការងារនៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

មន្ត្រីជំនាញ បញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលជាកម្មវិធីថ្មីមានលក្ខណៈហ្មត់ចត់ ច្បាស់លាស់ និងបច្ចេកទេសទំនើប ដើម្បីឲ្យកម្មវិធីនេះអនុវត្តទៅសម្រេចបានផែនការជោគជ័យលុះត្រាតែមានការប្រឹងប្រែងពីមន្ត្រីជំនាញ អាជ្ញាធររដ្ឋបាលដែនដីមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋម្ចាស់ដីធ្លីតែម្ដង។
គិតចាប់តាំងពីខែឧសភា ឆ្នាំ ២០១៤ មកដល់បច្ចុប្បន្ន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានវាស់វែងក្បាលដីជូនអ្នកពាក់ព័ន្ធសរុបជិត ៣ ម៉ឺនក្បាលដី បញ្ចូលទិន្នន័យបាន ២ ម៉ឺន ៨ ពាន់នាក់ និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុសរុប ១ ម៉ឺន ១ ពាន់បណ្ណ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល