Connect with us

ព័ត៌មានជាតិ

មកដឹង របៀបសរសេររឿងខ្លី ដើម្បីទទួលបានជ័យលាភី ពីម្ចាស់ពានរាប់ភ្លេច

បានផុស

នៅ

ជារៀងរាល់ឆ្នាំតែងមានការប្រកួតជ្រើសរើសស្នាដៃតែងនិពន្ធរឿងខ្លី ដើម្បីទទួលពានរង្វាន់ពី ក្រសួង អង្គការ សមាគម នានា។ បេក្ខជននីមួយៗសុទ្ធតែចង់បានជ័យលាភី ឡើងទទួលពានកិត្តិយស ព្រមទាំងរង្វាន់នានា។ ក្នុងនោះ ម្ចាស់ពានខ្លះ បានទទួលជោគជ័យ តាំងពីការដាក់ស្នាដៃប្រកួតលើកដំបូង អ្នកខ្លះទាល់តែដាក់ប្រកួតច្រើនលើក ចំណែកអ្នកខ្លះ បានផ្ញើស្នាដៃប្រឡងច្រើនលើកហើយ នៅតែមិនទាន់ទទួលជ័យលាភីអ្វីទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ និងអ្នកកវី​និពន្ធប្រលោមលោកដ៏មានកេរ្តិ៍ឈ្មោះ និងធ្លាប់បានទទួលពានជាច្រើន និងជាគណៈកម្មការផ្នែកកំណែរឿងខ្លី លោក យូ សុភា បានឱ្យ “កម្ពុជាថ្មី” ដឹងនៅថ្ងៃនេះថា ចំពោះការបង្កើតស្នាដៃរឿងខ្លីមួយពុំមែនជាការពិបាកពេកនោះទេ តែការដែលធ្វើឱ្យរឿងខ្លីនោះទទួលបាននូវការវាយតម្លៃខ្ពស់ពីគណកម្មការ និងឈានទៅទទួលបាននូវជ័យលាភី នោះទើបជារឿងពិបាកខ្លាំងដែលទាមទារឱ្យបេក្ខជនត្រូវមានការយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចសំខាន់ៗមួយចំនួនដែលជាធាតុបង្កប់នៅក្នុងស្នាដៃអក្សរសិល្ប៍ និងសមស្របតាមលក្ខខណ្ឌដែលក្រសួង ឬស្ថាប័នបង្កើតកម្មវិធីប្រកួតប្រជែងតម្រូវ។

លោក យូ សុភា បានឱ្យដឹងបន្ថែមថា រឿងខ្លីដែលទទួលបាននូវជ័យលាភីត្រូវមានលក្ខណៈតាម គោលការណ៍វាយតម្លៃទៅលើអត្ថបទរឿងខ្លី។ ការវាយតម្លៃទៅលើស្នាដៃរឿងខ្លីមួយ គណកម្មការផ្តោតទៅលើចំណុចសំខាន់ៗ៣៖

១. ផ្នែកអត្ថន័យ៖ សីលធម៌ (ការប្រព្រឹត្តល្អដោយកាយ វាចា ចិត្ត), គុណធម៌ (ការលះបង់ ការជួយសង្រ្គោះ យកអាសា…) និង សច្ចធម៌ (ការគោរពពាក្យសច្ចៈ ទៀងត្រង់…)

២. ផ្នែកអត្ថរូប៖ វិធីតែងនិពន្ធ រចនាបថនិពន្ធ និង សោភណភាពនៃស្នាដៃ

៣. ផ្នែកអត្ថរស៖ តម្លៃអត្តសញ្ញាណជាតិ, តម្លៃពុទ្ធិ និងតម្លៃអប់រំ, និងតម្លៃអភិវឌ្ឍ

លោក យូ សុភា បានឱ្យដឹងបន្ថែមថា ចំណែកលក្ខណៈសម្បត្តិរឿងខ្លីដែលទទួលបានជ័យលាភី គណកម្មការផ្តោតទៅលើចំណុចសំខាន់ៗ៣ ផងដែររួមមាន៖

១. ផ្នែកអត្ថន័យ (ខ្លឹមសារបង្កប់ក្នុងស្នាដៃ)៖ បញ្ហារឿងឆ្លើយតបបានត្រឹមទៅនឹងខ្លឹមសារប្រធានបទដែលបានកំណត់, បញ្ហារឿងមានលក្ខណៈបែបសង្គមការណ៍ ជារឿងរបស់មនុស្សភាគច្រើននៅក្នុងសង្គម ពុំមែនជាបញ្ហាតូចនៅក្នុងគ្រួសារតូចមួយ, និង តួអង្គជាជនប្រកបដោយឧត្តមគតិ ជាគំរូសម្រាប់មនុស្សប្រតិបត្តិតាម (សីលធម៌ គុណធម៌ សច្ចធម៌)។

២. ផ្នែកអត្ថរូប (សិល្ប៍វិធីក្នុងការតែងនិពន្ធ)៖ ការផ្តើមរឿងអាចសរសេរបានដោយសេរី, ភាគច្រើនអ្នកនិពន្ធសរសេរបែបបុរសទីមួយ តែរឿងបែបបុរសទីបីក៏បានទទួលជ័យលាភីដែរ, ការប្រើប្រាស់ពាក្យពេចន៍ត្រូវខ្លី ហើយខ្លឹម បង្កប់នូវរូបារម្មណ៍ និងទស្សនវិជ្ជា, មានការរៀបចំអត្ថបទបានល្អ មានបែបបទ សណ្តាប់ធ្នាប់ ងាយស្រួក្នុងការអាន, ពុំចាំបាច់មានការបែងចែកវគ្គនោះឡើយ, មានទាំងការរ៉ាយរ៉ាប់របស់អ្នកនិពន្ធ មានទាំងឃ្លាសន្ទនារបស់តួអង្គ, ទំនាស់ធំនៅក្នុងរឿងជាទំនាស់ដែលសង្គមមនុស្សបានឆ្លងកាត់ ឬកំពុងតែជួបប្រទះ, ទំនាស់ក្នុងរឿងមានហេតុផលអាចទទួលយកបាន, ទំនាស់ក្នុងរឿងកាន់តែតឹងតែង ហើយដោះស្រាយនៅទីបញ្ចប់, មានការលាក់សាច់រឿងដើម្បីឲ្យអ្នកអានមានចម្ងល់, មានសមត្ថភាពអាចអូសទាញអារម្មណ៍អ្នកអានឲ្យរំភើប សប្បាយរីករាយ កម្សត់ ទុក្ខព្រួយ មានកំហឹងឈឺចាប់ទៅតាមសាច់រឿង, និង ការបញ្ចប់រឿងមានហេតុផលច្បាស់លាស់ទទួលយកបាន។

៣. ផ្នែកអត្ថរស (តម្លៃចុងក្រោយរបស់រឿង)៖ មើលឃើញពីអត្តសញ្ញាណជាតិ ( ទឹកដី ព្រៃភ្នំ ទីកន្លែង ជំនឿ សាសនា ទំនៀមទម្លាប់ប្រពៃណី សិល្បៈ ផ្នត់ចិត្តគំនិត…), ទទួលបានចំណេះដឹងពីអត្ថបទរឿង ( បញ្ហាសង្គម ដំណោះស្រាយបញ្ហា…), មើលឃើញពីតម្លៃអប់រំផ្លាស់ប្តូរសីលធម៌អាកប្បកិរិយាក្នុងជីវិតរស់នៅ, និង ទាញបាននូវគំនិតរីកចម្រើនដើម្បីអភិវឌ្ឍសង្គមឲ្យមានភាពល្អប្រសើរឡើង។

គួរបញ្ជាក់ថា លោក យូ សុភា ចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០ ហើយបានទទួលពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍ មានជាអាទិ៍ដូចជា៖

រឿងខ្លី “ជីវិតដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខ៣ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកម្មវិធីទិវាអក្សរសាស្ត្រ។

រឿងខ្លី “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខ១ ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខ១ លើផ្នែករឿងខ្លី ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រឿង “កុលស្រ្តី” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿងខ្លី “បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឱ្យមេឃមើល” ចំណាត់ថ្នាក់លេខ២ រៀបចំឡើងដោយសមូហកម្មអក្សរសិល្ប៍នូហាចលើកទី២។

រឿង “បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់លេខ២ (គ្មានចំណាត់ថ្នាក់លេខ១) ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ចំណាត់ថ្នាក់លេខ១ ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “ទោះសុរិយានៅតែរះ” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត (គ្មានចំណាត់ថ្នាក់លេខ១) រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

រឿង “គ្មានទៀតឡើយ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឧកញ៉ាវិបុលរាជ នូ កន ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កំណាព្យខ្លី “ម៉ែឈប់ខ្លាចទៅ” រង្វាន់លេខ១ ស្តីពីការបោះឆ្នោត។ ព្រមទាំងមានពានរង្វាន់ផ្សេងៗជាច្រើនទៀត។

ចំណែកប្រលោមលោកដែលបានបោះពុម្ព មានដូចជារឿង កញ្ញាម្ទេសខ្មាំង រាជកញ្ញា បើបេះដូងជាប់ឈាម បងជាស្វាមីក្រៅបេះដូង ជាកំណប់ស្នេហ៍អូនថែជូនបង សច្ចៈសីលគុណ កុំផ្តាច់និស្ស័យកុំប្រល័យស្នេហ៍បង ទុកបរិញ្ញាប័ត្រឱ្យមេឃមើល ស្ពានកោះពេជ្រផ្តាច់ស្នេហ៍ ព្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្ម ស្អប់អូនចុះបើបងដឹង និងរឿងខ្លីៗជាច្រើនទៀត ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្ដី និងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។ ក្នុងនោះ លោក បាននិពន្ធភាពយន្តដែលបាន និងកំពុងត្រៀមចាក់បញ្ចាំងតាមទូរទស្សន៍ ភាពយន្តភាគ ដូចជារឿង រាជិនីភូមិគ្រឹះ មហិច្ឆតា ឋានសួគ៌ទារុញ ឫស្យា ម្ចាស់កីតម្បាញ អប្សរាមហាអង្គរ ក្រមុំឆ្នាស់កំលោះឆ្នើម ចិត្តកូនស្រី នាងហរទ័យ…។

ចំណែកភាពយន្តខ្លីអប់រំ មានដូចជារឿង ម៉ែ កែ ១០០ដុល្លារ មើលងាយ វង្វេង អ្នកជិតខាង លះបង់ បាក់ទឹកចិត្ត ពុកខ្ញុំរត់កង់បី ពេលម៉ែឈឺ លោកគ្រូខ្ញុំ ល្ខោន បងប្អូន សម្បកក្រៅ ជីវិតគូ មិត្តល្អ លុយកូន ប្រពន្ធក្មេង ប្រពន្ធចាស់ ធាតុពិត ភ្លើតភ្លើន កូនក្រៅបញ្ជី ព្រមទាំងរឿងមួយចំនួនទៀត​ កំពុងរៀបចំសរសេរដើម្បីចាក់ផ្សាយបន្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៥ នាទី មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

ជីវិតកម្សាន្ដ៣៤ នាទី មុន

​IU ក្លាយជា​តារា​ចម្រៀង​ស្រី​ដំបូងគេ ​ដែល​ប្រគំ​តន្ត្រី​​នៅ​កីឡដ្ឋាន​ធំ​បំផុត​របស់​កូរ៉េ

សេដ្ឋកិច្ច១ ម៉ោង មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

Sokha Hotels

ព័ត៌មានពេញនិយម