ព័ត៌មានជាតិ
ទូតកូរ៉េថ្មីទើបតែងតាំងប្រចាំកម្ពុជា បង្ហាញការព្រួយបារម្ភពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
នៅក្នុងជំនួបជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ដែលទើបត្រូវបានតែងតាំងថ្មី បានបង្ហាញការព្រួយបារម្ភពីការបាញ់មីស៊ីលរបស់កូរ៉ខាងជើង ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចតេជោ។

លោក Park Jung Wookក៏បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រធានាធិបតីកូរ៉េខាងត្បូង ជូនចំពោះសម្តេចតេជោ និងបានគោរពជម្រាបសម្តេចតេជោថា លោកបានសិក្សាស្វែងយល់ពីសកម្មភាពរបស់សម្តេចតេជោ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏ដូចជាការរីកចម្រើនជាលំដាប់ នៃទំនាក់ទំនងប្រទេសទាំងពីរ។
លោក Park Jung Wook បានបន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានការរីកចម្រើនជាលំដាប់ ទោះបីមានការរាតត្បាតនូវជំងឺកូវីដ១៩យ៉ាងណាក្តី។ ក្នុងនោះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង បានកើនឡើងដល់ ១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២។

បន្ថែមពីលើនោះ កូរ៉េខាងត្បូង ជាប្រទេសឈរចំណាត់ថ្នាក់លេខ២ សម្រាប់ការវិនិយោគនៅកម្ពុជា។ ជាពិសេស ជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នាជាដើម នឹងជំរុញឱ្យអ្នកវិនិយោគកូរ៉េខាងត្បូង មកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។
លោក Park Jung Wook បានបន្ថែមថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមជំនួយសម្រាប់ការអភិវឌ្ឍន៍ (ODA) ច្រើនជាងគេ ហើយជំនួយសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេសាប ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងកាត់ទន្លេមេគង្គ ឆ្ពោះទៅអរិយក្សត្រ នឹងជួយកម្ពុជាក្នុងការធ្វើដំណើរ ក៏ដូចជាជំរុញសេដ្ឋកិច្ចកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះលោក Park Jung Wook ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ដែលបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ជូនសម្តេច ក៏ដូចជាការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េអំពីដំណើរ និងសាវតារនៃការចាប់ផ្តើមទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េខាងត្បូង។ សម្តេចតេជោ បានយល់ស្របចំពោះការវាយតម្លៃលើភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំពីរ ពីសំណាក់លោកឯកអគ្គរដ្ឋទូត។

ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ដែលបានជួយកម្ពុជា ទោះបីកំពុងស្ថិតក្នុងការរាតត្បាតនៃជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនបិទការហោះហើរត្រង់មកកាន់កម្ពុជាឡើយ។ នេះជាការបង្ហាញឱ្យឃើញថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កូរ៉េខាងត្បូង មិនប្តូរឥរិយាបថចំពោះកម្ពុជានោះឡើយ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានអនុញ្ញាតឱ្យពលករកម្ពុជា ធ្វើការនៅកូរ៉េ ទទួលបានប្រាក់ឈ្នួល និងជំនាញត្រឡប់មកកម្ពុជាវិញ ក៏ដូចជាការផ្តល់ជំនួយសម្រាប់សង់ស្ពានឆ្លងកាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ។

ចំពោះបញ្ហាបាញ់កាំជ្រួចរបស់កូរ៉េខាងជើងវិញ សម្តេចតេជោ បានជម្រាបជូនលោក Park Jung Wook ថា កម្ពុជាបានថ្កោលទោសចំពោះកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលម្តងហើយម្តងទៀត រួមទាំងការបាញ់មីស៊ីលព្រឹកមិញផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការបាញ់មីស៊ីលនេះ គឺជាការរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបង្កើនភាពតានតឹង ព្រមទាំងបានគំរាមកំហែងសន្តិសុខ សន្តិភាពទាំងនៅឧបទ្វីបកូរ៉េ និងនៅលើពិភពលោកទាំងមូលផងដែរ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល