ឆ្នាំ​២០២១​នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ត្រៀម​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២១​នេះ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ត្រៀម​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ដល់​វិស័យ​កសិកម្ម

Published

on

ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​ និង ​កសិកម្ម​បាន​ឲ្យ​ដឹងថា ​នៅ​ឆ្នាំ​២០២១​នេះ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​ កសិកម្ម (ARDB )​គ្រោង​ថវិកា​ប្រមាណ ៥០ លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្តល់​ឥណទាន​ដល់​សហគ្រាស សិប្បកម្ម និង​ប្រជាកសិករ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

លោក ចាន់ សីហា អគ្គនាយករង​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ឲ្យ​ដឹងថា​ ការ​ផ្តល់​ឥណទាន​ដល់ សហគ្រាស សិប្បកម្ម និង​ប្រជាកសិករ​ទាំងនោះ​គឺ​ផ្តោត​លើ​ការ​ប្រកប​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ជាពិសេស​គាំទ្រ​ដល់​ការ​ដាំដុះ​បន្លែ ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម ដែល​រួមចំណែក​យ៉ាង​សំខាន់​បង្កើត​ការងារ និង​ផល​ចំណូល​ដល់​ប្រជាកសិករ​នៅ​ទីជនបទ​។

លោក​បាន​បន្ត​ថា ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម នឹង​កៀរគរ​ប្រភព​ទុន​បន្ថែម​ទៀត តាមរយៈ​ប្រាក់ បញ្ញើ​ពី​សាធារណជន និង​ពី​ដៃគូ​អភិវឌ្ឍន៍ សម្រាប់​ផ្តល់​ឥណទាន​គាំទ្រ​ដល់​វិស័យ​ផ្សេងៗ​ស្ថិត​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម ក្រៅពី​វិស័យ​ស្រូវ​-​អង្ករ​។

លោ​កង​បានឱ្យដឹង​ថា ​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ARDB បានផ្តល់​ឥណទាន​ប្រមាណ ២៥0​លាន​ដុល្លារ​អាមេរិក​ដល់​អា​ជី​កម្ម​នានា កើនឡើង​ប្រមាណ ៤៥% ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​សមតុល្យ​ឥណទាន​ប្រមាណ ១៧៣ លាន​ដុល្លារ​អាមេរិក​។

លោក​បាន​បញ្ជាក់​ទៀត​ថា ​កាលពី​ឆ្នាំ​២០២០​កន្លងទៅ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ពិសេស​ចំនួន ៥០ លាន​ដុល្លារ សកម្ម​ភា​ពង្រីក​ការ​ដាំដុះ​បន្លែ ការចិញ្ចឹម​សត្វ និង​ការ​ធ្វើ​វារីវប្បកម្ម មាន​កំណើន​គួរកត់សម្គាល់ ទោះបី​ស្ថិតក្នុង​ស្ថានភាព​កូ​វីដ​១៩​កន្លងមក​ក៏ដោយ​ព្រោះ​ហិរញ្ញប្បទាន​ពិសេស​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក​នេះ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ធន់​តូច​និង​មធ្យម​មាន​អត្រា​ការប្រាក់​ទាប ៥% ក្នុង​១​ឆ្នាំ​៕

ដោយ ៖ សំអឿន

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម