ព័ត៌មានជាតិ
តើការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌ មានតួនាទីបែបណា?
ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានចាប់ផ្ដើមបង្កើតយន្តការនៃការិយាល័យច្រកចេញចូលតែមួយនៅបណ្តាក្រុង-ស្រុក-ខណ្ឌនៃរាជធានី-ខេត្តរបស់កម្ពុជា។ តើការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង-ស្រុក-ខណ្ឌនេះ មានតួនាទីបែបណាក្នុងការផ្ដល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ?

ការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌ ត្រូវបានរៀបចំ និងបង្កើតឡើងនៅក្រោមរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ។ គោលបំណងនៃការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយនេះ ដើម្បីលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាល តាមរយៈការពង្រីកវិសាលភាពសេវាដែលផ្តល់ដោយរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ឲ្យកាន់តែទូលំទូលាយ ដោយប្រមូលផ្តុំសេវាកម្មទាំងអស់នៅកន្លែងតែមួយ។
ការិយាល័យច្រកចេញចូលតែមួយបានជួយលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់ ការកែលម្អការផ្តល់សេវារដ្ឋបាល ហើយកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយ និងបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋមកលើប្រព័ន្ធរដ្ឋបាល។ បន្ថែមពីនេះ គឺដើម្បីបង្ខិតសេវារដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួលក្នុងការផ្តល់សេវាបានឆាប់រហ័សប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព ឆ្លើយតបទាន់ពេលវេលានឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ការិយាល័យច្រកចេញចូលតែមួយក្រុង-ស្រុក-ខណ្ឌ មានតួនាទីភារកិច្ច ជាកន្លែងប្រមូលផ្ដុំនៃការផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់មាននីតិវិធីសាមញ្ញ តែប្រកបដោយប្រសិទ្ធភាព គុណភាព ទាន់ពេលវេលា មានតម្លាភាព និងគណនេយ្យភាព។ ទន្ទឹមនេះ ក៏ជាកន្លែងដែលប្រជាពលរដ្ឋមកទទួលទម្រង់បែបបទ និងទទួលព័ត៌មានបានគ្រប់គ្រាន់ច្បាស់លាស់ស្តីពីការផ្តល់សេវារដ្ឋបាលផ្សេងៗ និងការបង់ថ្លៃសេវា ឬអាករផ្សេងៗ។ កម្រៃសេវារដ្ឋបាលដែលផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយមានបិទផ្សាយនៅលើបញ្ឈរព័ត៌មានអំពីកម្រៃសេវាដែលមានការកំណត់ច្បាស់លាស់។
ទាក់ទិននឹងការផ្ដល់សេវានៅការិយាល័យច្រកចេញចូលតែមួយ គឺរួមមាន ការងារអត្រានុកូលដ្ឋាន ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង) ការងាររដ្ឋបាល ការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលពុំទាន់ចុះបញ្ជី ការងារពាក់ព័ន្ធនឹងវិស័យអប់រំ វិស័យវប្បធម៌ វិស័យទេសចរណ៍ វិស័យសុខាភិបាល វិស័យឧស្សាហកម្ម-សិប្បកម្ម វិស័យរ៉ែវិស័យថាមពល វិស័យពាណិជ្ជកម្ម វិស័យសំណង់ វិស័យកសិកម្ម និងវិស័យដឹកជញ្ជូន។

យន្តការច្រកចេញចូលតែមួយត្រូវរៀបចំជាពីរផ្នែក គឺផ្នែកជួរមុខ និងផ្នែកជួរក្រោយ។ ផ្នែកជួរមុខ គឺជាកន្លែងដែលប្រជាពលរដ្ឋមកប្រាស្រ័យទាក់ទងដោយផ្ទាល់ ដើម្បីទទួលបានព័ត៌មាននានាអំពីការផ្តល់សេវារដ្ឋបាល ទទួលទម្រង់បែបបទ ដាក់ពាក្យស្នើសុំ បង់ប្រាក់កម្រៃសេវា និងទទួលលទ្ធផលសម្រេចជាផ្លូវការនៃសេវារដ្ឋបាលដែលបានស្នើសុំ។ ក្នុងករណីប្រជាពលរដ្ឋមិនចេះអក្សរ មន្ត្រីជួរមុខនៃការិយាល័យច្រកចេញចូលតែមួយអាចជួយបំពេញជំនួសបានដោយមិនមានការទាមទារកម្រៃបន្ថែមនោះឡើយ។
ដោយឡែក ផ្នែកជួរក្រោយ គឺជាផ្នែកទ្រទ្រង់ដ៏សំខាន់លើការងារបច្ចេកទេស ដែលមានតួនាទីពិនិត្យ និងផ្តល់យោបល់ផ្នែកបច្ចេកទេសលើការផ្តល់សេវារដ្ឋបាលតាមវិស័យជំនាញ។ ផ្នែកជួរក្រោយនេះ គឺស្ថិតនៅតាមការិយាល័យជំនាញពាក់ព័ន្ធនីមួយៗនៃរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ឬស្ថិតនៅតាមមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀត៕



ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៧ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា