ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ថា បើទោះបី LDP មិនទទួលស្គាល់លទ្ធផលនៃការចុះឈ្មោះ ប៉ុន្តែមិនអាចមិនទទួលស្គាល់បញ្ជីបោះឆ្នោតផ្លូវការទេ
លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការប្រកាសមិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោត របស់គណបក្ស LDP គឺជាសិទ្ធិរបស់គណបក្សនយោបាយ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគណបក្សនយោបាយ ហើយគ.ជ.ប មិនផ្អែកទៅលើបញ្ហានេះ ដើម្បីធ្វើការប្ដឹងផ្ដល់នោះទេ ប៉ុន្តែបើទោះបីជាមិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោតក៏ដោយ ប៉ុន្តែមិនអាចមិនទទួលស្គាល់បញ្ជីបោះឆ្នោតផ្លូវការ ពីព្រោះនៅពេលចូលរួមបោះឆ្នោត គាត់ត្រូវការ គ.ជ.ប និងត្រូវការបញ្ជីបោះឆ្នោតផ្លូវការមួយ។
ការបញ្ជាក់របស់អគ្គលេខាធិការរងគ.ជ.ប បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី១៣ ខែមករា និងបន្ទាប់ពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសមិនទទទួលស្គាល់លទ្ធផល នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ហើយគ្រោងយករបាយការណ៍ប្រមាណ១៨០០ទំព័រដាក់តាមបណ្តាស្ថានទូតមួយចំនួននៅរាជធានីភ្នំពេញ ដោយមកប្រែជាភាសាអង់គ្លេស បារាំង ចិន ជប៉ុន ជាដើម។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះលោក សោម សូរីដា អះអាងថា មាត្រា៦១ បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកប្ដឹងជំទាស់ចំពោះការលុបឈ្មោះអ្នកបោះឆ្នោតណាមួយចេញពីបញ្ជី ត្រូវមានឯកសារ និងភស្តុតាងច្បាស់លាស់ ដែលបញ្ជាក់ថា ជននោះពុំមានលក្ខខណ្ឌគ្រប់គ្រាន់នៅក្នុងបញ្ជីបោះឆ្នោត ចំណែកកម្មវត្ថុ នៃបណ្ដឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ពាក់ព័ន្ធទៅនឹងទីសំណាក់របស់ប្រជាពលរដ្ឋ ដូច្នេះច្បាប់បច្ចុប្បន្ន និងច្បាប់មុនឆ្នាំ២០១៤ មានលក្ខណៈខុសគ្នា ។ មុនឆ្នាំ២០១៤ គេនិយាយពីលំនៅឋាន និងនិយាយអំពីទីស្នាក់នៅអចិន្ត្រៃយ៍ ប៉ុន្តែសម្រាប់ច្បាប់ដែលនៅជាធរមានបច្ចុប្បន្ននេះ បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ដែលមានន័យថា អនុញ្ញាតឲ្យប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុក នៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើការចុះឈ្មោះបោះឆ្នោត នៅកន្លែងដែលខ្លួនស្នាក់នៅ និងធ្វើការបាន ដែលនោះគឺជាទីតាំងស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្តែបណ្ដឹងរបស់សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមានភាពត្រឹមត្រូវ មិនឆ្លើយតបទៅនឹងមាត្រា៦១ នោះទេ តាំងពីដើមរហូតដល់ចប់។
លោក សោម សូរីដា បញ្ជាក់ទៀតថា ឯកសារទាំងជាង១៨០០ទំព័ររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ យើងអាចវាយតម្លៃបាន គឺប្ដឹងអាជ្ញាធរដែលចេញឯកសារមិនច្បាស់ លាស់, ប្ដឹងក្រុមចុះឈ្មោះបោះឆ្នោតបានរារាំងការសង្កេតមើលការចុះឈ្មោះបោះឆ្នោតរបស់ភ្នាក់ងារគណបក្ស, ប្ដឹងជំទាស់ចំពោះការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតឆ្នោត។
លោកបន្តថា ក្នុងចំណោមបណ្ដឹងជាង១៨០០ មានយ៉ាងច្រើន៥ចំណុចប៉ុណ្ណោះ ហើយ៥ ចំណុចនេះ បានសម្រាយទៅលើឯកសារបណ្ដឹង១៨០០នោះ ដូច្នេះវាមិនពិបាកនោះទេ នៅពេលប្រធានបទដូចគ្នា គេត្រូវខ្ចប់មួយកញ្ចប់ ហើយគ្រាន់តែបណ្ដឹងទាក់ទងទៅនឹងលំនៅឋាន និងទីសំណាក់នេះ មានជិត៤០០បណ្ដឹង ប៉ុន្តែការប្ដឹងឲ្យមានការដាក់ទោសមានប្រមាណតែ៣ បណ្តឹងប៉ុណ្ណោះ ដូច្នេះមានន័យថា ច្រើនតែទំព័រ ប៉ុន្តែកម្មវត្ថុនៃបណ្ដឹងមានប្រមាណតែ៥កម្មវត្ថុប៉ុណ្ណោះ។
លោក សោម សូរីដា បានបញ្ជាក់ទៀតថា គ.ជ.ប គឺជាស្ថាប័នរៀបចំការបោះឆ្នោត តែងតែទទួលយកនូវការសម្របសម្រួលការគ្រប់ភាគីទាំងអស់ ជាពិសេសពីគណបក្សនយោបាយ ដែលបានចូលរួមនៅក្នុងការបោះឆ្នោត ហើយ គ.ជ.ប ក៏មិនដែលបិទផ្លូវចំពោះការជជែកពិភាក្សាណាមួយពីគ្រប់ភាគីពាក់ព័ន្ធនោះទេ ហើយ LDP គឺជាគណបក្សមួយក្នុងចំណោមគណបក្សប្រមាណ៤០ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងក៏ជាគណបក្សមួយដែលស្ថិតនៅក្នុងចំណោមគណបក្សចំនួន៦ ដែលបានដាក់ភ្នាក់ងារសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ផងដែរ។
លោកថា ក្នុងចំណោមគណបក្សទាំង៦នោះ មានគណបក្សចំនួន០៥ បានអបអរសាទរ និងទទួលយកលទ្ធផល នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយកិច្ចការរបស់ គ.ជ.ប មិនប្រាកដថា គ្រប់ភាគីទាំងអស់ទទួលយកបាននោះទេ ហើយជាក់ស្តែង គឺគណបក្ស LDP នេះ។ LDP អាចបដិសេធលទ្ធផល នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប៉ុន្តែមិនអាចបដិសេធបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប បានទេ ពីព្រោះនៅពេលរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត គឺត្រូវតែមានបញ្ជីឈ្មោះបោះឆ្នោតផ្លូវការនេះ។
ទាក់ទងបញ្ហានេះ លោក សោម សូរីដា បានលើកឡើងទៀតថា លោកនៅចាំបានព្រឹត្តិការណ៍ឆ្នាំ២០១៣ នៅពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់ ហើយមានគណបក្សមួយ (អតីតគណបក្សសង្គ្រោះជាតិ) បានយកស្នាមមេដៃរបស់ប្រជាពលរដ្ឋ ដែលបានអះអាងថា បានបាត់បង់សិទ្ធិបោះឆ្នោតមួយគូឡាន ដើរដាក់នៅតាមស្ថានទូតផ្សេងៗ តែគ្មានលទ្ធផលអ្វីនោះទេ។ ដូចគ្នានេះដែរ ជាង១៨០០ទំព័រ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅពេលដែលយកទៅដាក់នៅតាមស្ថានទូតផ្សេងៗ ស្ថានទូតនីមួយ គេមិនមែនសុទ្ធតែជឿជាក់នោះទេ។ គេក៏មានអ្នកជំនាញអ្នកបច្ចេកទេស លើការងារបោះឆ្នោត ដើម្បីសិក្សាទៅលើឯកសារទាំងអស់នោះ ហើយគេក៏មើលទៅលើលទ្ធផល នៃដំណើរការបោះឆ្នោតរបស់ គ.ជ.ប នាពេលកន្លងមក ទាំងការរៀបចំបញ្ជីបោះឆ្នោត ដែលមិនដែលរងការប្រមាថ មិនដែលរងការបដិសេធពីភាគីពាក់ព័ន្ធណាមួយទេ។
ចំណុចមួយទៀត ដែលសំខាន់ដែរនោះ លោក សោម សូរីដា បានលើកឡើងថា ការការពារប្រជាពលរដ្ឋ ដែលបានបំពេញគ្រប់លក្ខខណ្ឌ ដើម្បីមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនេះ គឺជាសមត្ថកិច្ចរបស់ គ.ជ.ប នៅក្នុងការរៀបចំការបោះឆ្នោត ដែលធានាថា ប្រជាពលរដ្ឋទាំងអស់ ដែលមានសិទ្ធិបោះឆ្នោតត្រូវតែមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ហើយអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវតែបានបោះឆ្នោត ហើយសន្លឹកឆ្នោតរបស់គាត់ត្រូវតែបានរាប់ដោយសុក្រិត និងយុត្តិធម៌បំផុត។
លោក សោម សូរីដា បានបញ្ជាក់ទៀតថា ការប្រកាសរបស់ LDP គឺជាសិទ្ធិរបស់គាត់ ដែលសិទ្ធិនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគណបក្សនយោបាយ ដូច្នេះការបញ្ចេញមតិបង្ហាញថា មិនទទួលស្គាល់លទ្ធផល នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គឺជាសិទ្ធិរបស់គណបក្សនយោបាយ គ.ជ.ប មិនផ្អែកទៅលើបញ្ហានេះ ធ្វើការប្ដឹងផ្ដល់នោះទេ ប៉ុន្តែបើទោះបីជាគាត់មិនទទួលស្គាល់លទ្ធផល នៃការចុះឈ្មោះបោះឆ្នោតក៏ដោយ ហើយប្រសិនបើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដាក់បញ្ជីបោះឆ្នោតទៅកាន់បណ្ដាស្ថានទូត ហើយមានស្ថានទូតណាមួយទទួលស្គាល់នោះ លោកអះអាងថា បើទោះបីជាស្ថានទូតទទួលស្គាល់ ឬមិនទទួលស្គាល់ គឺជាសិទ្ធិរបស់ស្ថានទូត៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង