ព័ត៌មានជាតិ
បរទេសចូលសារមន្ទីរមិនទាន់បានពាក់កណ្ដាលមុនកូវីដ-១៩ ប៉ុន្តែមានចំនួនហួសការរំពឹងទុក
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជា បានឱ្យ “កម្ពុជាថ្មី” ដឹងថា ចាប់ពីបើកដំណើរការប្រទេសឡើងវិញ មានភ្ញៀវចូលទស្សនាសារមន្ទីរជាតិប្រមាណ ១០០ នាក់ក្នុង១ថ្ងៃ នៅខែកក្កដា សីហា ឆ្នាំ២០២២។ ចំណែកខែកញ្ញា តុលា ភ្ញៀវកាន់តែឡើងចាប់ពី ១០០ ទៅ ២០០នាក់ ក្នុង ១ថ្ងៃ។ លុះចាប់ពីខែវិច្ឆិកា ធ្នូ មកដល់បច្ចុប្បន្ន ភ្ញៀវឡើងចម្លោះពី ២០០ ទៅ ៣០០ នាក់ក្នុងមួយថ្ងៃ។

លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “ភ្ញៀវទេសចរមកទស្សនាសារមន្ទីរជាតិភាគច្រើន គឺមកពីលោកខាងលិច គឺតាំងពីអឺរ៉ុប និងអាមេរិក ចំណែកភ្ញៀវអាស៊ី មិនសូវមានប៉ុន្មានទេ។ ទេសចរអាស៊ីភាគច្រើនមានដូចជា ចិន វៀតណាម កូរ៉េ ជប៉ុនជាដើម”។

ប្រធាននាយកដ្ឋានសារមន្ទីរជាតិកម្ពុជា រូបនេះបានឱ្យដឹងបន្ថែមថា បើប្រៀបធៀបចំនួនភ្ញៀវឆ្នាំ២០១៩ បច្ចុប្បន្នភ្ញៀវមានកំណើនជាង ៣០ ភាគរយ ប៉ុន្តែចំនួនភ្ញៀវបច្ចុប្បន្នមិនទាន់បាន ៥០ ភាគរយ នៃបរិមាណភ្ញៀវមុនមានវិបត្តិកូវីដ-១៩ ទេ។

លោក ឆាយ វិសុទ្ធ មានប្រសាសន៍បន្តថា៖ “ប៉ុន្តែចំនួនភ្ញៀវបច្ចុប្បន្ន អាចចាត់ទុកថាច្រើនហើយ បើគិតពីវិបត្តិសាកសបញ្ហាជំងឺកូវីដ-១៩ គឺហួសការរំពឹងទុករបស់យើង ព្រោះការលើកគម្រោងទៅរបាយការណ៍ថ្នាក់ជាតិ ក៏យើងមិនបានលើកដល់ប៉ុណ្ណឹងផង ប៉ុន្តែនេះភ្ញៀវចូលមកហួសការរំពឹងទុករបស់យើង”។

លោក ឆាយ វិសុទ្ធ លើកឡើងថា ស្ថានភាពភ្ញៀវបរទេសចូលទស្សនាសារមន្ទីរជាតិបច្ចុប្បន្ន បើតាមចំណាំ និងការប៉ាន់ស្មាន គឺរំហូរភ្ញៀវទេសចរពីខែកុម្ភៈ រហូតដល់ចុងខែមីនា អាចនៅរក្សាចំនួនថេរពី ២០០ ទៅ ៣០០នាក់ក្នុងមួយថ្ងៃ។ ចំណែកចុងខែមីនា និងខែមេសា ជារដូវក្ដៅ ភ្ញៀវអាចចុះ នៅត្រឹមពី ១០០ ទៅ ២០០នាក់ក្នុងមួយថ្ងៃ។ លុះដល់ខែ កក្កដា និងសីហា ជារដូវវស្សមកាលទើបកំណើនភ្ញៀវកើនឡើងវិញ រហូតដល់ខែកញ្ញា តុលា។

លោក ឆាយ វិសុទ្ធ បញ្ជាកថា៖ “តែចរន្តភ្ញៀវក៏អាស្រ័យលើស្ថានភាពកូវីដ និងបញ្ហាសង្គ្រាមរុស្ស៊ី អ៊ុយក្រែន។ យើងមានការរំពឹងថា នឹងមានការកើនឡើងភ្ញៀវទេសចរអាស៊ី ដោយសារយើងបានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញជាមួយចិន ដែលយើងអាចសន្និដ្ឋានថា ភ្ញៀវទេសចរនឹងចូលមកកម្ពុជា រង្វង់ ១ លាន ទៅ ២ លាននាក់ក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែយើងទាន់អាចដឹងថា ភ្ញៀវមកទស្សនាភ្នំពេញប៉ុន្មាននាក់ និងសៀមរាបប៉ុន្មាននាក់នោះទេ”។

លោក ឆាយ វិសុទ្ធ លើកឡើងថា កត្តាដែលនាំឱ្យភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជា នោះដោយសារកត្តាសុវត្ថិភាព គឺទាំងការធ្វើដំណើរ និងសុខភាព ទន្ទឹមពេលនយោបាយរបស់រាជរដ្ឋាភិបាលបានជំរុញលទ្ធភាពឱ្យមានការភ្ជាប់ទំនាក់ទំនងទេសចរណ៍ ដោយហោះហើរផ្ទាល់ពីបណ្ដាប្រទេសមួយចំនួនមកកម្ពុជា ដោយមិនបាច់ចុះចតនៅប្រទេសណាមុនមកកម្ពុជាឡើយ។

គួរបញ្ជាក់ថា សារមន្ទីរជាតិត្រូវបានកសាង នៅថៃ្ង១៥ ខែសីហា ឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ។ នៅខាងក្នុងសារមន្ទីរជាតិមានតម្កល់វត្ថុបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ។ សារមន្ទីរជាតិកម្ពុជា ជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី