ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ថា ការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម កាចសាហាវ និងឆ្លងលឿនជាងជំងឺកូវីដ-១៩
ការបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសារលិខិតផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវា នៃពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះ គឺជាលើកទី៥ ដែលត្រូវរៀបចំពិធីជំនួបរវាងប្រមុខរាជរដ្ឋាភិបាលជាមួយអ្នកសារព័ត៌មានកម្ពុជា ដើម្បីបង្កើនសាមគ្គីភាព និងពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នសារព័ត៌មាន ដើម្បីលើកស្ទួយសិទ្ធិ សេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ដែលគាំពារដោយច្បាប់រដ្ឋ និងធានាបាននូវសុខដុមនីយកម្មនៅក្នុងសង្គម ការថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែងនៅកម្ពុជា ប៉ុន្តែដោយសាតែជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលតម្រូវឱ្យយើងអាក់ខានក្នុងការរៀបចំពិធីជួបជុំនេះ។ ជាមួយគ្នានោះ សម្តេចបានកោតសរសើរចំពោះស្ថាប័នព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ដែលខិតខំផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ទាក់ទងនឹងការវិវត្ត នៃជំងឺកូវីដ-១៩ និងសភាពការណ៍វិវត្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើសកលលោកទាំងមូល ជាពិសេសការផ្សព្វផ្សាយវិធានការបន្ទាន់ទាំងឡាយរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានរហ័សទាន់ពេលវេលាប្រកបដោយការទទួលខុសត្រូវតាមវិជ្ជាជីវៈ។ រយៈពេលជិតមួយឆ្នាំកន្លងទៅនេះ ទោះបីប្រឈមនឹងឧបសគ្គ នៃការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏បងប្អូនអ្នកសារព័ត៌មានរបស់យើងបានខិតខំពុះពារជំនះរាល់ការលំបាកនានាបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ តាមរយៈការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ជូនប្រជាពលរដ្ឋបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្វែងយល់ពីសភាពការណ៍ពិតនៅកម្ពុជា និងនាំយកព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាលវិញ ដើម្បីបានដឹងអំពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពយូរអង្វែងនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អះអាងដែរថា មកដល់ពេលនេះ នៅមានអ្នកសារព័ត៌មានរបស់យើងមួយចំនួន ពុំទាន់បានរស់នៅក្នុងបរិបទគន្លងថ្មី ហើយកំពុងបំពេញការងារតាមបែបប្រពៃណី នៅពីក្រោយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលអាចប្រឈមទៅនឹងជំងឺឆ្លងផ្សវីដ-១៩ និងប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សារ ដោយសារតែការដើរមិនទាន់ការវិវត្ត នៃសភាពការណ៍ដែលទាមទារឱ្យស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ឱ្យមានសមត្ថភាពបន្ថែមទៀត ដើម្បីសម្រួលដល់ការបំពេញភារកិច្ចរបស់ខ្លួនស្របតាមគន្លងថ្មី និងដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ហើយត្រៀមខ្លួនការពារជំងឺឆ្លងរាតត្បាតសកល ដែលអាចនឹងកើតមាននៅពេលអនាគតមិនអាចប៉ាន់ស្មានបាន។
ជាថ្មីម្តងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានណែនាំឲ្យអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន និងគោរពតាមគោលការណ៍ “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លេការពិត” ។ សម្តេចបន្តថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាន និងជនឱកាសនិយមមួយចំនួនតូច បាននិងកំពុងប្រើប្រាស់ស្ថាប័នព័ត៌មាន ធ្វើសកម្មភាពទុច្ចរិតជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយ ឬលុបព័ត៌មាន ដែលបានចុះផ្សាយ ការដើរតួនាទីជាចៅក្រមកាត់សេចក្ដីនូវរឿងទំនាស់បញ្ហាដីធ្លី ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំផ្លើសការពិត បំប៉ោងសភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុល បរិយាកាសសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប្រាសចាកពីវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឱ្យខូចតម្លៃកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ។
សម្តេចរំលឹកផងដែរថា នៅក្នុងជំនួបលើកទី៤ រាជរដ្ឋាភិបាលបានផ្តល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដើម្បីការពារអ្នកសារព័ត៌មាន តាមការស្នើសុំរបស់ស្ថាប័នសារព័ត៌មាន ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូន ប៉ុន្តែរាជរដ្ឋាភិបាល នឹងមិនអត់ឱនដល់អ្នកសារព័ត៌មាន ដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោម ស្លាកសារព័ត៌មានបំរើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀប រៀបរយសង្គមឡើយ។ សម្តេចបញ្ជាក់ថា “កន្លងមក ខ្ញុំបានលើកឡើងហើយថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងដ៏កាចសាហាវ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានបំពុលសង្គម គឺវាកាចសាហាវឆ្លងលឿនជាងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ទៅទៀត ដែលទាមទារឱ្យរាជរដ្ឋាភិបាលចាត់វិធានការចាំបាច់ ដើម្បីការពារសេចក្តីសុខសាន្តរបស់ប្រជាជន និងការថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនៅកម្ពុជា”។
ជាមួយនឹងការលើកឡើងខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវសាជាថ្មីម្តងទៀត ឲ្យស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយនូវព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ លុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីតដុះ-១៩ ដែលអាចឆ្លងក្នុងសហគមន៍ និងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដោយផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាប និងបំផ្លាញ ចោលព័ត៌មានក្លែងក្លាយ ដែលបំពុលបរិយាកាសសង្គម៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»