ព័ត៌មានជាតិ
ឆ្នាំមុន ក្រសួងមហាផ្ទៃផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋបានជាង៦៥ម៉ឺននាក់
ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ក្រសួងមហាផ្ទៃ បានផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងបានចំនួន ៦៥២ ៨៤៣នាក់។ នេះបើតាមការឲ្យដឹងរបស់លោក ប៉ោ ភក្តិ អគ្គលេខាធិការនៃក្រសួងមហាផ្ទៃ ក្នុងឱកាសធ្វើសេចក្តីរាយការណ៍ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញ។

លោក ប៉ោ ភក្តិ បានឲ្យដឹងថា ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ គឺនៅសល់ចំនួនប្រមាណជាង១ ២៧៧ ០០០នាក់ទៀត ដែលនឹងត្រូវបន្តផ្ដល់ដល់ប្រជាពលរដ្ឋ នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ទាក់ទិននឹងការងារផ្តល់លិខិតឆ្លងដែន លោក ប៉ោ ភក្តិ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ ផ្តល់លិខិតឆ្លងដែនដល់ប្រជាពលរដ្ឋបានចំនួន ២១២ ៨៣៥ក្បាល ខណៈការផ្តល់លិខិតធ្វើដំណើរដល់ពលករកម្ពុជាទៅធ្វើការនៅបរទេសបានចំនួន ៩២០ ០៣៩ក្បាល។

មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានថ្លែងថា ជាទិសដៅការងារសម្រាប់ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ នឹងបន្ដខិតខំជំរុញបញ្ចប់ការរៀបចំលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជាពិសេស ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងពិនិត្យឡើងវិញចំពោះច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម ដើម្បីធ្វើវិសោធនកម្មឲ្យស្របតាមទស្សនាទាននានាដែលមានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦។
លោក បានបន្តថា ក្រសួងមហាផ្ទៃ ក៏នឹងបន្តជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីជំនាញទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសំដៅពង្រឹងសមត្ថភាព និងការយល់ដឹងពីគោលការណ៍ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម។ ក្នុងនោះដែរ ក្រសួងមហាផ្ទៃ នឹងជំរុញការងារបន្តតាមដាន ត្រួតពិនិត្យ និងជំរុញការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាមបណ្តារាជធានី-ខេត្ត ជាពិសេសការផ្តល់អត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព ដើម្បីបំពេញសិទ្ធិដល់ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នាពេលខាងមុខ៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា