ព័ត៌មានជាតិ
កញ្ញា ឆេង ណាផាត់៖ រៀនអក្សរសាស្ត្រខ្មែរ ក៏មានឱកាសសិក្សានៅបរទេសដូចជំនាញផ្សេងៗដែរ
កញ្ញា ឆេង ណាផាត់ ជានិស្សិតអក្សរសាស្ត្រខ្មែរឆ្នាំទី២នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បច្ចុប្បន្នកំពុងផ្លាស់ប្តូរការសិក្សារយៈពេលខ្លី (Exchange Program) នៅប្រទេសជប៉ុន បានលើកឡើងថា សិក្សាជំនាញអក្សរសាស្ត្រខ្មែរក៏មានទីផ្សារការងារទូលំទូលាយ និងមានឱកាសទៅបន្តការសិក្សានៅបរទេសមិនចាញ់មុខជំនាញផ្សេងៗទៀតឡើយ។
កញ្ញា ឆេង ណាផាត់ គឺជានិស្សិតស្រីតែម្នាក់ដែលមកពីដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរបានជាប់នៅក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេល១០ខែ នៅសាកលវិទ្យាល័យតូក្យូ (TUFS) ប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ដែលជាកម្មវិធីរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យនៅប្រទេសជប៉ុន។ តាមរយៈការផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនេះ កញ្ញាបានពាំនាំ និងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់បរទេសដែលមានជាតិសាសន៍ចម្រុះសិក្សានៅប្រទេសជប៉ុនជាមួយគ្នា តាមរយៈវប្បធម៌ ម្ហូប និងរបៀបរស់នៅរបស់កម្ពុជា។ ទាំងនេះ ក៏ជួយឱ្យនិស្សិតបរទេសមួយចំនួនដែលមិនធ្លាប់ស្គាល់កម្ពុជា បានស្គាល់កាន់តែច្បាស់ ព្រមទាំង មានបំណងមកទស្សនកិច្ចនៅកម្ពុជាផងដែរ។ និស្សិតស្រីរូបនេះ បានបង្ហាញថា មុខជំនាញអក្សរសាស្រ្តខ្មែរ គឺមានទីផ្សារការងារច្រើន មិនមែនសម្រាប់តែគ្រូបង្រៀនឡើយ។
កញ្ញា ឆេង ណាផាត់ បាននិយាយថា៖ “អ្នកខ្លះគិតថា បើចេះតែខ្មែរមួយមុខធ្វើយ៉ាងម៉េច ទើបអាចរៀននៅក្រៅប្រទេសបាន? អ៉ីចឹង សម្រាប់ខ្ញុំម្នាក់ ខ្ញុំអាចតំណាងឱ្យពួកគាត់ដឹងថា រៀនអក្សរសាស្ត្រខ្មែរ ក៏យើងអាចមករៀនក្រៅប្រទេសបានដោយការ Exchange Program បែបហ្នឹង ព្រោះនៅជប៉ុនក៏មានសិស្សជប៉ុនរៀនភាសាខ្មែរ ហើយក៏មានសិស្សជប៉ុនទៅរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែរ”។
និស្សិតស្រីម្នាក់នេះបានបន្តថា ក្រៅពីធ្វើជាគ្រូបង្រៀន និស្សិតដែលបញ្ចប់ការសិក្សាអាចមានឱកាសចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាក្រសួងនានាដែលត្រូវការអ្នកយល់ដឹងពីអក្រសាស្ត្រខ្មែរពិតប្រាកដ។ ក្នុងនោះ ក៏អាចធ្វើជាអ្នកនិពន្ធ អ្នកសារព័ត៌មាន និងអ្នកសរសេរ Script ភាពយន្តបានផងដែរ។
ក្រៅពីទទួលបានកម្មវិធីសិក្សានៅទីនោះ និស្សិតស្រី ឆេង ណាផាត់ ក៏បានស្វែរកអាហារូបករណ៍ពីមូលនិធីមួយឈ្មោះថា Sato Yo International Scholarship Foundation ដែលទទួលបានប្រាក់ឧត្ថម្ភមួយខែប្រមាណ ៨៩០ដុល្លារ និងសំបុត្រយន្តហោះ។ នៅប្រទេសជប៉ុន កញ្ញាបានសិក្សាភាសាជប៉ុន ភាសាអង់គ្លេស សិក្សាពីវប្បធម៌ (ជាភាសាអង់គ្លេស) និងសិក្សាពីប្រវត្តិសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍ជាភាសាជប៉ុន។ សម្រាប់ថ្នាក់ជាភាសាជប៉ុន ក៏មានសាស្រ្តាចារ្យនៅទីនោះជួយសម្របសម្រួលដល់កញ្ញាទៀតផង។ យ៉ាងណាមិញ កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនេះ មានជនជាតិផ្សេងៗទៀតចូលរួមបូករួមទាំងខ្មែរ។
សិក្សានៅប្រទេសជប៉ុន កញ្ញា ឆេង ណាផាត់ អាចចេះទាំងភាសាជប៉ុន និងអភិវឌ្ឍន៍ភាសាអង់គ្លេសកាន់តែល្អប្រសើរ ព្រមទាំងបានយល់ច្បាស់ពីរបៀបរស់នៅ និងវប្បធម៌របស់ជនជាតិជប៉ុន។ កញ្ញា ទទួលបានការយកចិត្តទុកដាក់ មើលថែយ៉ាងដិតដល់ពីជនជាតិជប៉ុន និងមនុស្សនៅជុំវិញខ្លួន ដែលធ្វើឱ្យកញ្ញាមានអារម្មណ៍ថាកក់ក្តៅ ទោះបីរស់នៅឆ្ងាយស្រុកកំណើតយ៉ាងណាក្តី។
និស្សិត ឆេង ណាផាត់ នឹងត្រូវត្រឡប់មកកម្ពុជាវិញនាខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ អ្វីដែលកញ្ញាអាចចែករំលែកបាន គឺវប្បធម៌ បទពិសោធ និងការរស់នៅក្នុងប្រទេសជប៉ុនដែលកញ្ញាបានឆ្លងកាត់។ ទន្ទឹមនោះ កញ្ញានឹងមកបន្តការសិក្សាឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដដែល។ ទោះបីជាជិតដល់ពេលវេលាត្រឡប់មកដែនដីមាតុភូមិវិញ ក៏និស្សិតស្រីរូបនេះនៅតែស្រឡាញ់ និងនឹករលឹកដល់ជនជាតិជប៉ុនជានិច្ច ព្រោះជប៉ុនជាជនជាតិមួយដែលមានភាពកក់ក្តៅ ចិត្តល្អ និងចែករំលែកច្រើន ទោះបីពួកគេពូកែអៀនក៏ដោយ។ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តខ្មែរ និស្សិតស្រី ឆេង ណាផាត់ មានគម្រោងបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូង តាមរយអាហារូបករណ៍របស់រដ្ឋាភិបាល ផ្នែកភាពយន្ត។
សូមជម្រាបថា ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងតែជ្រើរើសនិស្សិតស្រីនៅដេប៉ាតឺម៉ង់អក្សរសាស្ត្រខ្មែរឆ្នាំទី២ ចំនួន១រូប ដើម្បីផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យតូក្យូ (TUFS)។ ការជ្រើសរើសនេះ គឺតម្រូវឱ្យមានពិន្ទុ GPA ៣.០ ឡើងទៅ និងអាចប្រើប្រាស់ភាសាអង់គ្លេសបាន។ ជាមួយគ្នានេះ កម្មវិធីសិក្សានេះ ក៏មាននិស្សិតមកពីប្រទេសផ្សេងៗទៀតដែលផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនេះនៅប្រទេសជប៉ុនផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ