ព័ត៌មានជាតិ
ជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយកម្ពុជាក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម
រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ។

ដំណឹងនេះ ត្រូវបានបង្ហាញគ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈនេះ បានអនុញ្ញាតឲ្យលោក TAKEI Shunsuke រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងលោកស្រី Minamino Yoko អគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និងជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនេះលោករដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានសម្ដែងក្ដីរីករាយចំពោះទំនាក់ទំនងកម្ពុជា-ជប៉ុន ដែលត្រូវបានលើកកម្ពស់ពីដៃគូយុទ្ធសាស្រ្ដ ទៅជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។ លោកក៏បានបង្ហាញក្ដីរីករាយផងដែរ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកងទ័ព វិស័យដោះមីន និងវិស័យផ្សេងទៀត។

លោក TAKEI Shunsuke បានជម្រាបជូនសម្ដេចតេជោថា លោកនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត ហើយនាពេលខាងមុខនេះ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម។

ចំណែកលោកស្រី Minamino Yoko បានជម្រាបជូនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ ១៩៨៩ និងឆ្នាំ ២០១៣។ លោកស្រី បានឲ្យដឹងថា នាពេលនោះសណ្ដានចិត្តដ៏ប្រពៃរបស់ប្រជាជនខ្មែរ បានទទួលលោកស្រីយ៉ាងកក់ក្ដៅជាទីបំផុត ដែលធ្វើឲ្យបេះដូងរបស់លោកស្រី ដក់ជាប់នៅក្នុងព្រះរាជា ណាចក្រកម្ពុជា។
លោកស្រី Minamino Yoko បាននិពន្ធ និងច្រៀងបទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» ដែលបានអត្ថាធិប្បាយអំពីអតីតកាលរបស់កម្ពុជា ដែលលោកស្រីបានឃើញដោយផ្ទាល់ កាលពីមកកាន់ប្រទេសកម្ពុជានាឆ្នាំ ១៩៨៩ និងឆ្នាំ ២០១៣។ លោកស្រី បានជម្រាបជូនសម្ដេចតេជោ បន្តថា លោកស្រី នឹងទៅជួបកុមារា-កុមារី កំព្រា ដែលលោកស្រីបានជួបកាលពីឆ្នាំ ១៩៨៩ ហើយក្នុងនាមជាអគ្គរដ្ឋទូតសុច្ឆន្ទៈ សម្រាប់ខួប ៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា និងជប៉ុន លោកស្រី នឹងប្រឹងប្រែងធ្វើយ៉ាងណាជំរុញទំនាក់ទំនងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានលើកទឹកចិត្តឲ្យអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា និងគ្រោងបញ្ជូនអាជ្ញាកណ្ដាល សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា និងបានផ្ដល់ជំនួយដទៃទៀត។
ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោកស្រី Minamino Yoko ដែលបាននិពន្ធ និងសម្ដែងនូវបទចម្រៀង «ឥន្ទធនូសម្រាប់ថ្ងៃស្អែក» ដែលឆ្លុះបញ្ចាំងអំពីតថភាពរបស់កម្ពុជាពីអតីតកាល៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច