ព័ត៌មានជាតិ
សមាគមអ្នកកាសែតខ្មែរ-ចិន បើកវេទិកា «រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ»
សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) កាលពីព្រឹកថ្ងៃសុក្រ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ បានរៀបចំវេទិកាពិភាក្សាតុមូលក្រោមប្រធានបទ “រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា” ចាប់ពីម៉ោង ៩ និង ០០ នាទីព្រឹក ដល់ម៉ោង ១១ និង ០០ នាទីព្រឹក នាទីស្នាក់ការកណ្ដាលរបស់ខ្លួននៅអគារសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា សាលប្រជុំជាន់ទី ២ ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កិច្ចពិភាក្សាមានការអញ្ជើញចូលរួមពីសំណាក់ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាល និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សយ សុភាព ប្រធាន លោក លីវ ស៊ាវគ័ង ព្រមទាំងសមាជិកគណៈកម្មាធិការនាយក នៃសសកច និងអ្នកសារព័ត៌មានមកពីបណ្ដាអង្គភាពនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាល និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងព្រះរាជាណាចក្រ តាមគ្រប់ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ “ក្រសួងបានបង្កើតយន្តការជាច្រើន តួយ៉ាងគ្រុបតេឡាក្រាម ៣០០០ និងបន្តធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលបានព័ត៌មាន” ដែលនឹងចេញព្រមគ្នាជាមួយ សេចក្ដីព្រាងច្បាប់ផ្សេងទៀត រៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ដែលយន្តការផ្លូវច្បាប់”។

លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាល និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ក៏បានអំពាវនាវឲ្យសារព័ត៌មានកម្ពុជា និងចិន ដែលកំពុងបម្រើការនៅក្នុងប្រទេសកម្ពុជា បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន ព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ នៅកម្ពុជា តាមគ្រប់លទ្ធភាព ក្នុងវិជ្ជាជីវៈរបស់ខ្លួន។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រសាសន៍លើកឡើងផងដែរ អំពីផលប៉ះពាល់ពីការផ្សាយព័ត៌មានក្លែងក្លាយ ដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទំនាក់ទំនងកម្ពុជា ចិន។ តែយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាអ្នកស្រាវជ្រាវ លោក តែងតែចុះទៅស្រាវជ្រាវដោយផ្ទាល់ នៅកន្លែងមួយចំនួនដែលរងការផ្សាយព័ត៌មានមិនពិតមូលបង្កាច់ ដូចជានៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ជាដើម ដើម្បីស្វែងរកព័ត៌មានពិត។ ជាលទ្ធផល គឺមិនពិតដូចការផ្សព្វផ្សាយនោះទេ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានកត់សម្គាល់ផងដែរថា ការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មាន និងការលេចឡើងនូវបណ្ដាញសង្គមជាច្រើន នឹងធ្វើឲ្យវិសាលភាព នៃការផលិតព័ត៌មានក្លែងក្លាយ កាន់តែខ្លាំងក្លា និងមានសកម្មភាពជាងមុខ។ តែប្រការទាំងនេះ ត្រូវបានកាត់បន្ថយទៅវិញជាបន្តបន្ទាប់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពសារព័ត៌មាន ផងដែរ។
លោក សយ សុភាព ប្រធានសសកច ក៏បានលើកឡើងផងដែរថា ក្នុងនាមសសកច និងក្នុងនាមលោកផ្ទាល់ បានចូលរួមជាមួយក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ តាមគ្រប់លទ្ធភាពដែលខ្លួនមាន ជាពិសេសបន្តជំរុញការផ្សព្វផ្សាយលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងប្រទេសកម្ពុជា និងចិន ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគិនចិន។
លោក លីវ ស៊ាវគ័ង អនុប្រធាន សសកច ក៏ចាប់អារម្មណ៍ផងដែរថា ក្នុងនាមអ្នកសារព័ត៌មាន យើងមានការភ្ញាក់រលឹក និងមើលឃើញច្បាស់ថា សព្វថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនៅតែក្ដោបក្ដាប់ឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង លើការផ្សព្វផ្សាយព័ត៌មាន ពិសេសក្នុងការផ្សាយព័ត៌មាន អន្តរជាតិ ពួកគាត់នៅតែលំអៀងទៅខាងប្រទេសខ្លួន និងប្រទេសសម្ព័ន្ធមិត្ត តែចំពោះប្រទេសដែលមិនស្ដាប់បង្គាប់លោកខាងលិចវិញ គឺគេផ្សាយបែបរិះគន់ មួលបង្កាច់ និងបំផ្លើសបំភ្លៃ។ ឧ. ថ្មីៗនេះព័ត៌មានស្ដីពីការពិត នៃអាថ៌កំបាំង នៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន ដែលទម្លាយចេញដោយអ្នកសារព័ត៌មានជាន់ខ្ពស់អាមេរិកម្នាក់ ព័ត៌មានព្រឹត្តិការក្រឡាប់រថភ្លើង បណ្ដាលឲ្យធ្លាយចេញសារធាតុគីមី ដ៏មានគ្រោះថ្នាក់នៅអាមេរិក…បណ្ដាញព័ត៌មានធំៗរបស់លោកខាងលិច សុទ្ធតែផ្សាយលំៗ ប៉ុន្តែបើចំពោះព្រឹត្តិការណាមួយដែលកើតឡើងក្នុងប្រទេសគូសត្រូវវិញ ពួកគេផ្សាយបំប៉ោង និងលាបពណ៌ ដែលនេះគឺបង្ហាញឲ្យមនុស្សក្នុងសកលលោក បានឃើញពីស្តង់ដារពីរ ដែលពួកគេអនុវត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន។
លោក ក៏រំលេចផងដែរថា “ឆ្នាំ ២០២៣ នេះ ជាឆ្នាំបោះឆ្នោតសកលនៅប្រទេសកម្ពុជា ព្រឹត្តិការកីឡាស៊ីហ្គេម ក៏នឹងប្រព្រឹត្តិទៅក្នុងឆ្នាំនេះដែរ។ ដូចនេះយើងសង្ឃឹមថាសារព័ត៌មានក្នុងស្រុកទាំងអស់ នឹងប្រកាន់នូវឥរិយាបថវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានពិតដែលជាស្នាដៃ នៃប្រទេសកម្ពុជា រួមទាំងព័ត៌មានការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមគ្នាថែរក្សាស្ថិរភាព សន្តិភាព ដើម្បីឈានទៅលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា លើឆាកអន្តរជាតិថែមមួយកម្រិតទៀត៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ