ព័ត៌មានជាតិ
តើកម្ពុជាមានឯកអគ្គរាជទូតជាស្រ្តីចំនួនប៉ុន្មានរូបកំពុងប្រចាំនៅបរទេស?
គិតមកដល់ឆ្នាំ២០២៣ កម្ពុជា មានស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍ចំនួនប្រមាណជាង៣០ ដែលកំពុងប្រចាំនៅតាមបណ្តាប្រទេសនានានៅលើពិភពលោក ខណៈក៏មានស្ថានអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសផងដែរ។ ចំណោមឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍ទាំងជាង៣០រូបនេះ គឺមានឥស្សរជនជាស្ត្រីចំនួន ៧រូប ដែលកំពុងបំពេញតួនាទីជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅបណ្ដាប្រទេស និងអង្គការអន្តរជាតិ។ ឥស្សរជនការទូតជាស្ត្រីដែលកំពុងកាន់តួនាទីជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅបរទេស រួមមាន៖

១/ លោកស្រី ខែក កែមាលី ស៊ីសូដា
លោកស្រី ខែក កែមាលី ស៊ីសូដា កំពុងបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិន ដែលលោកស្រីធ្វើជាឯកអគ្គរាជទូតនេះ ចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ លោកស្រី ខែក កែមាលី ស៊ីសូដា ត្រូវបានចាត់ទុកថា ជាអ្នកការទូតស្ត្រីរបស់កម្ពុជាដែលកាន់តួនាទីជាឯកអគ្គរាជទូតយូរជាងគេ ខណៈលោកស្រីធ្លាប់ធ្វើជានាយិកាពិធីការព្រះបាទ នរោត្តម សីហនុ តាំងពីទសវត្ស៍ឆ្នាំ៨០។

២/ លោកស្រី ផែន សាវនី
លោកស្រី ផែន សាវនី ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបានតែងតាំងនៅឆ្នាំ២០២០ បន្ទាប់ពីលោកស្រីកាន់តួនាទីជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក។ មុនកាន់ជាឯកអគ្គរាជទូតនេះ លោកស្រី ផែន សាវនី ធ្លាប់ធ្វើជាលេខាទី២ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសអាល្លឺម៉ង់ នៅចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០០៧ និងនៅចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ធ្លាប់ធ្វើជាទីប្រឹក្សាអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម។

៣/ លោកស្រី ជ្រឹង បុទុមរង្សី
លោកស្រី ជ្រឹង បុទុមរង្សី ជាអ្នកការទូតស្ត្រីដែលត្រូវបានតែងតាំងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) កាលពីខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ឡុង ឌីម៉ង់។ លោកស្រី ជ្រឹង បុទុមរង្សី ធ្លាប់កាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយក្រោយមក លោកស្រីបានផ្ទេរក្របខណ្ឌមកបម្រើការងារនៅក្រសួងការបរទេស ដែលកាន់តំណែងជាអនុរដ្ឋលេខាធិការ ខណៈនៅចុងឆ្នាំ២០២០ លោកស្រី ជ្រឹង បុទុមរង្សី ត្រូវបានតែងតាំង និងដំឡើងឋានៈជារដ្ឋលេខាធិការក្រសួងការបរទេស។

៤/ លោកស្រី ជា គឹមថា
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ លោកស្រី ជា គឹមថា បានអញ្ជើញប្រគល់សារតាំងជាផ្លូវការជូនប្រធានរដ្ឋស្តីទីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងនាមជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម។ លោក ជា គឹមថា ត្រូវបានចាត់ទុកថា ជាឯកអគ្គរាជទូតស្ត្រីដំបូងគេរបស់កម្ពុជាដែលប្រចាំនៅប្រទេសវៀតណាម បន្ទាប់ពីកម្ពុជា-វៀតណាម បានបង្កើតទំនាក់ទំនងការទូត នៅឆ្នាំ១៩៦៧។ ទាក់ទិនបេសកកម្មនៅបរទេស លោកស្រី ជា គឹមថា ក៏ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាម្ដងរួចមកហើយប្រចាំនៅប្រទេសជប៉ុន នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ខណៈនៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកស្រីធ្វើជាទីប្រឹក្សាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងតូក្យូ។

៥/ លោកស្រី អ៊ាត សោភា
លោកស្រី អ៊ាត សោភា ដែលជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំប្រទេសកាណាដា និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ កាលពីចុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ លោកស្រី អ៊ាត សោភា បានចាប់ផ្ដើមបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥។ ជាមួយគ្នានេះ លោកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រយៈពេលប្រមាណ៣ឆ្នាំ និងជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។

៦/ លោកស្រី ថោង សុគន្ធារី
លោកស្រី ថោង សុគន្ធារី ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ កាលពីអំឡុងឆ្នាំ២០២០។

៧/ លោកស្រី អ៊ុន បូផាន់ណា
លោកស្រី អ៊ុន បូផាន់ណា គឺជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការយូនីស្កូ នៅទីក្រុងប៉ារីស៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ