ព័ត៌មានជាតិ
ពីខេត្តមួយគ្មានកន្លែងសិក្សា ប្រែក្លាយជាខេត្តមានសំណង់អគារសាលារៀនអប់រំរីកដុះដាល
លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា បន្ទាប់ពីសមាហរណកម្ម ខេត្តប៉ៃលិន មិនមានសាលារៀនសម្រាប់សិក្សាទេ សូម្បីស្ថានភាពផ្លូវក៏ពិបាកក្នុងការធ្វើដំណើរទៅមក ឬសិស្សអាចសិក្សាបាន តាមរយៈការយកឈើវត្ត ឬផ្ទះស្បូវ មកធ្វើជាទីកន្លែងសម្រាប់ទទួលបានការបណ្ដុះបណ្ដាលក្នុងខេត្ត។

ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកស្រី បាន ស្រីមុំ បានរំលឹកថា បន្ទាប់ពីសមាហរណកម្ម ទូទាំងខេត្តប៉ៃលិនគឺមិនមានសាលារៀន ឬសំណង់អគារសិក្សាគ្រប់គ្រាន់ទេ។ ពេលនោះ យកដើមឈើ វត្តអារាម និងផ្ទះស្បូវនានា មកធ្វើជាកន្លែងប្រមូលផ្តុំសម្រាប់បណ្ដុះបណ្ដាលដល់កូនសិស្ស។
ប៉ុន្តែមកដល់ ក្នុងឆ្នាំ១៩៩៨ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខេត្ត ប៉ៃលិន បានវិវត្តន៍មានសាលារៀនប្រមាណ ៨ សាលា ដែលបានបណ្ដុះបណ្ដាលត្រឹមកម្រិតអនុវិទ្យាល័យ។ សម្រាប់ថ្នាក់វិទ្យាល័យសិស្សត្រូវឡើងបន្តមកសិក្សានៅទីរួមខេត្តបាត់ដំបង។ ជាបន្តបន្ទាប់ ខេត្តក៏បានរៀបចំអនុវត្តតាមស្តង់ដារ រហូតឆ្នាំ២០១៧ ខេត្តប៉ៃលិនមានសាលារៀនសរុបចំនួន ៨៣ សាលា ក្នុងនោះមានមត្តេយ្យសិក្សាចំនួន ២៥ ខ្នង, បឋមសិក្សាចំនួន ៤៩ខ្នង, សាលាអនុវិទ្យាល័យចំនួន ០៧ កន្លែង និងវិទ្យាល័យចំនួន ០២ សាលា ដែលមានសិស្សសរុបទូទាំងខេត្តចំនួន ១៥.៥១៩ នាក់ ស្រី ៧.៥៩៤ នាក់។

ទន្ទឹមនេះ លោកស្រីអភិបាលខេត្តបានបន្តថា គិតត្រឹមរយៈពេល ៥ ឆ្នាំចុងក្រោយ (២០១៧-២០២២) ខេត្តប៉ៃលិន ចាប់ផ្ដើមមានសាលាចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យចំនួន ១១២ ខ្នង ដែលក្នុងនោះមានអគារសិក្សាចំនួន ១៣៨ខ្នង ស្មើ ៧៧២បន្ទប់។
ក្នុងចំណោមនោះ មានអាគារចំនួន ៤៥ ខ្នង ស្មើនឹង ១៦៨ បន្ទប់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រី បាន ស្រីមុំ បានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត កំពុងដំណើរការកម្រិតវិទ្យាល័យមួយកន្លែងបន្ថែមទៀត សម្រាប់បម្រើការសិក្សាឱ្យសិស្សដែលស្ថិតនៅ ភូមិស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលពិបាកក្នុងការធ្វើដំណើរមកសិក្សានៅទីរួមស្រុក ដែលមានចម្ងាយឆ្ងាយ។
គួររំលឹកបន្ថែមថា តាមរបាយការណ៍រយៈពេល ៥ឆ្នាំរបស់ខេត្តប៉ៃលិន នាពេលបច្ចុប្បន្នសិស្សទូទាំងខេត្តប៉ៃលិនមានសរុបចំនួន ១៨.០៩៦ នាក់ ស្រី ៩.១២៩ នាក់ (រាប់ទាំងមត្តេយ្យសិក្សា)។ ចំពោះសាលាមួយចំនួនដែលមានសភាពចាស់ទ្រុឌទ្រោមក្នុងខេត្តប៉ៃលិន រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់កែលំអឱ្យទៅជាសាលាស្របតាមប្រព័ន្ធអប់រំដែលមានស្តង់ដារបច្ចេកទេសត្រឹមត្រូវផងដែរ៕
ដោយ៖ ថារី

-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល