បញ្ជូន​ស្រ្តីចិន ស្រែកផ្អើល​គេ​ថា​មាន​ចោរឆក់ ទៅ​អនុវត្តនីតិវិធីច្បាប់បន្ត​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បញ្ជូន​ស្រ្តីចិន ស្រែកផ្អើល​គេ​ថា​មាន​ចោរឆក់ ទៅ​អនុវត្តនីតិវិធីច្បាប់បន្ត​

Published

on

ស្ត្រីជនជាតិចិនម្នាក់ ដើរអូសវ៉ាលីស្រែកយំតាមដងផ្លូវ ថាមាករណីចោរឆក់សម្ភាររបស់នាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧នឹង៣០នាទី កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកសាងសំណុំឯកសារបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី រាជធានីភ្នំពេញ បានឱ្យដឹងថា ជនបរទេសនោះឈ្មោះ ZHAO YUYAN ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិចិន បានទទួលពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ខណ្ឌដូនពេញ ពីបទស្នាក់នៅអនាថាតាមទីសាធារណៈ។ បន្ទាប់ពី សាកសួរដឹងថា ជននេះចូលមកប្រទេសកម្ពុជា ចំនួន០៣លើក ចុងក្រោយនៅថ្ងៃទី២៧.០២.២០២០ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំពេញ គោលបំណងទេសចរណ៍។

លោកនាយការិយាល័យបន្តថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១នឹង០៥នាទី នៅចំណុចរង្វង់មូលសម្តេច ព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសារព័ត៌មាន និងបណ្ដាញសង្គមហ្វេសប៊ុក បានចុះផ្សាយថា មាននារីជនជាតិចិនម្នាក់ ដើរអូសវ៉ាលី ស្រែកយំតាមដងផ្លូវ ថាមានករណីចោរឆក់សម្ភាររបស់នាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៨នឹង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គនាយកដ្ឋានព្រហ្មទណ្ឌ ស៊ើបអង្កេត ស្រាវជ្រាវដឹងថាពុំមានករណីឆក់សម្ភាររបស់នាងទេ និងឆ្លងតាមការពិនិត្យធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផល (វិជ្ជមាន)។

បច្ចុប្បន្នជនជាតិចិនខាងលើ គ្មានកន្លែងស្នាក់នៅពិតប្រាកដ ស្នាក់នៅអនាថាតាមទីសាធារណៈ។ដោយមានសំណូមពរពី តំណាងស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សុំឱ្យសមត្ថកិច្ចបញ្ជូនជនខាងលើទៅប្រទេសចិនវិញ ព្រោះនាងបានទៅដល់ស្ថានទូតចិន ចំនួន៥-៦លើកមកហើយ ព្រមទាំងមានកាយវិការមិនសមរម្យ និងមិនមានការសហការល្អជាមួយកម្លាំងស្ថានទូត។ នៅថ្ងៃទី២៨នេះកម្លាំងសមត្ថកិច្ចបានបញ្ជូនជននេះទៅពិនិត្យសុខភាពនៅមន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ រកមេរោគកូវីដ-១៩ ជាលទ្ធផលអវិជ្ជមាន។ ជនបរទេសខាងលើនេះ ត្រូវបានបញ្ជូនទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម