ព័ត៌មានជាតិ
រាជរដ្ឋាភិបាល រៀបចំពិធីអបអរសាទរ ការប្រកាសខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីនទី៩
ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាស ខេត្តកំពង់ឆ្នាំង ជាខេត្តអស់មីនទី៩ ដែលមានការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។ ពិធីប្រកាសនេះ មានការចូលរួមពីអ្នកតំណាងរាស្រ្ត រដ្ឋបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករបោសសម្អាតមីន និងបងប្អូនជនមានពិការភាព។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនចំពោះមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងទាំងមូល ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ទេសរដ្ឋមន្រ្តី លី ធុជ លើកឡើងថា សមិទ្ធផលនៃការងារបោសសម្អាតមីននៅខេត្តកំពង់ឆ្នាំងនេះ បានកើតឡើងចេញពីម្លប់សន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដ្បិតបើគ្មានសន្តិភាពទេ អ្វីៗក៏គ្មានដែរ រាប់បញ្ចូលទាំងការងារបោសសម្អាតមីន។ គិតត្រឹមឆ្នាំ២០២២ រយៈពេល ៣០ឆ្នាំ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ២ ៥៥៤ គីឡូម៉ែត្រក្រឡា រកឃើញ និងកំទេចចោលមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់លានគ្រាប់។ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកជាប្រទេសដែលមានផ្ទៃដីបោសសម្អាតមីនរួចធំជាងគេ។

ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍បន្តថា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងប្រកបដោយទស្សនវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឥតឈប់ឈរដល់កិច្ចខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមីន និងតែងតែចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពដ៏ចំបងនៅក្នុងសកម្មភាពស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពិសេសការឈានទៅសម្រេចបាននូវផែនការយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដោយត្រូវបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។ អាជ្ញាធរមីន នឹងបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករបោសសម្អាតមីន និងគ្រប់ភាគីពាក់ព័ន្ធ ប្តេជ្ញាចិត្តបំពេញបេសកកម្មរួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យនេះ។

ទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់បន្ថែមថា នៅខេត្តកំពង់ឆ្នាំង គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបប្រមាណជាង ៧ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ២ ៨៥២ គ្រាប់ មីនប្រឆាំងរថក្រោះ ៥០ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៣៥ ៤២៨ គ្រាប់ ដោយអង្គភាពស៊ីម៉ាក់។ សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅខេត្តកំពង់ឆ្នាំង និងឈានដល់ប្រកាសជាខេត្តអស់មីន។ នាថ្ងៃនេះ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនចុងក្រោយ ក្នុងទំហំផ្ទៃដីសរុបចំនួន ០.៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១០ ចម្ការមីន។ បន្ទាប់ពីបញ្ចប់វត្តមានគ្រាប់មីនចុងក្រោយនៅខេត្តកំពង់ឆ្នាំង ដែលយើងបានដឹង និងត្រូវបានប្រកាសអស់មីន ខេត្តកំពង់ឆ្នាំង នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦,៦ គីឡូម៉ែត្រក្រឡា ស្មើនឹង ៥០ ចម្ការគ្រាប់ ទៀត។

ជាមួយគ្នានេះ ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យដែលអាចកើតមានឡើងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចខាងក្រោម៖

– បើឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កុំដំ កុំដុត កុំកាយ និងកុំគប់លេង ព្រោះវាអាចបង្ក ឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ ឬបាត់បង់ជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ មានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត
– ហាមទិញ លក់ រក្សាទុក ឬកែច្នៃគ្រាប់មិនទាន់ផ្ទុះ ដែលជា អំពើល្មើសច្បាប់
– កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្រ្តច្បាស់ ឬ សង្ស័យ ថា មាន គ្រាប់មិនទាន់ផ្ទុះ៕
អត្ថបទ៖ Lang Kosal


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ